ចូលដើមឆ្នាំ ២០២៤ តារាសម្ដែងជើងចាស់ លី តាវហួរ ឬ Andy Lau បានបង្ហើបប្រាប់ពីអាជីពថ្មីមួយដែលលោកចង់ធ្វើឲ្យបានសម្រេចមុនឆ្នាំ ២០២៦។ បើទោះជាមានវ័យជាង ៦២ ឆ្នាំហើយក្ដី តារាប្រុសរូបនេះនៅតែមិនទាន់ចប់ឈប់សម្រាកសោយសុខលើគំនរទ្រព្យដែលលោកខិតខំរកបានមកនោះឡើយ។



កំឡុងពេលផ្សព្វផ្សាយភាពយន្ដថ្មីរបស់ខ្លួន “The Goldenfinger” និង “I Did It My Way” តារាសម្ដែងជើងចាស់រូបនេះបានលើកឡើងថា៖ លោកមានក្ដីស្រមៃចង់អង្គុយលើកៅអីរបស់អ្នកដឹកនាំរឿង តាំងពីជំនាន់លោកថតភាពយន្ដ “Dance Of a Dream” ក្នុងឆ្នាំ ២០០១។ ប៉ុន្ដែដោយសារការងារជាតារាសម្ដែងដ៏មមាញឹករបស់លោក ធ្វើឲ្យលោកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំខ្លួនក្លាយជាអ្នកដឹកនាំឡើយ។


ជាមួយគ្នាដែរ លោកក៏បានទម្លាយថា៖ លោកមានរឿងចំនួន ៣ ដែលលោកចាប់អារម្មណ៍ តែក្នុងចំណោមនោះលោកពិតជាចង់ដឹកនាំសម្ដែងរឿង “The Return of The Condor Heroes” យ៉ាងខ្លាំង។ លោកបន្ថែមថា៖ លោកពិតជាចង់ក្លាយខ្លួនជាអ្នកដឹកនាំពូកែម្នាក់ឲ្យបានមុនឆ្នាំ ២០២៦ បើមិនដូច្នេះលោកប្រហែលជាគ្មានឱកាសច្រើនទេ។
បន្ថែមពីនេះ តារាសម្ដែងជើងចាស់ លី តាវហួរ ធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍ថា៖ និមិត្ដរូបរបស់លោកគឺតារាប្រុស Clint Eastwood។ លោកជាតារាសម្ដែងឆ្នើមម្នាក់ ខណៈប្រែខ្លួនពីតារាសម្ដែងទៅជាផលិតករ និងអ្នកដឹកនាំអស្ចារ្យម្នាក់។ លោកពិតជាចង់ក្លាយខ្លួនដូចជានិមិត្ដរូបរបស់ខ្លួន។

គួរបញ្ជាក់ថា តារាសម្ដែងប្រុស លី តាវហួរ ជាតារាសម្ដែង និងតារាចម្រៀងប៉ិនប្រសប់ម្នាក់។ ក្រៅពីអាជីពទាំងពីរនេះ លោកក៏ធ្លាប់ជាផលិតករក្នុងភាពយន្ដកុនជាច្រើនដូចជា Chasing The Dragon, The Movie Emperor, The Trade Floor, Firestorm, The Adventurers និងផ្សេងៗទៀត។ លោកធ្លាប់មានឱកាសដឹកនាំសម្ដែងរឿងខ្នាតតូចតែម្ដងប៉ុណ្ណោះ នោះគឺរឿង Love Under The Sun ក្នុងឆ្នាំ ២០០៣៕





















































Account
Security
Favourite Content