នៅថ្ងៃទី២១ ខែវិច្ឆិកានេះ YG Entertainment បានប្រកាសថា AKMU បានសម្រេចចិត្តចាកចេញពីទីភ្នាក់ងារ ក្រោយរួមដំណើរជាមួយគ្នាអស់ពេល ១២ ឆ្នាំ ដោយពួកគេនឹងចាប់ផ្ដើមជំពូកថ្មីក្នុងនាមជាសិល្បករឯករាជ្យ។

សេចក្ដីប្រកាសរបស់ YG Entertainment បានឱ្យដឹងថា ប្រហែលប្រាំមួយខែមុន លោក Yang Hyun Suk ដែលជាស្ថាបនិករបស់ YG បានទៅលេងផ្ទះរបស់សមាជិក AKMU គឺ Lee Chan Hyuk និង Lee Su Hyun ដើម្បីទទួលទានអាហារពេលល្ងាចរួមគ្នា។
នៅគ្រានោះបងប្អូនបង្កើតទាំងពីរនាក់បានរំឭកដល់គ្រាដែលពួកគេបានជួបជាមួយនឹងលោក Yang Hyun Suk ជាលើកដំបូងនៅក្នុងកម្មវិធី K-Pop Star Season 2 ក៏ដូចជាអនុស្សាវរីយ៍ ១២ឆ្នាំដែលពួកគេបានស្ថិតក្រោមទ្រនំ YG។
ជាក់ស្ដែង AKMU បានសារភាពថា ពេលនេះពួកគេកំពុងតែពិចារណាថា តើនឹងគួរបន្តដំណើរលើវិថីខេប៉ុបនេះជាមួយនឹង YG តទៅទៀត ឬក៏ត្រូវចេញពីទីដែលខ្លួនគិតថាមានសុវត្ថិភាព ទៅប្រឡូកក្នុងបញ្ហាថ្មីៗលើវិថីជាសិល្បករឯករាជ្យ។

ជាការឆ្លើយតប លោក Yang Hyun Suk បានលើកទឹកចិត្ត AKMU ឱ្យសាកល្បងចាកចេញពី YG ដោយលោកបានបង្ហាញភាពជឿជាក់ និងគាំទ្រដល់បងប្អូនទាំង ២នាក់ថា បរិយាកាសការងារថ្មីៗ អាចជាឱកាសនាំយកបទពិសោធន៍ដ៏មានន័យសម្រាប់ AKMU ព្រោះកន្លងមក លោកសង្កេតឃើញថា ពួកគេតែងតែព្យាយាមធ្វើអ្វីថ្មីៗសម្រាប់ក្រុមរហូតមក។
ដ្បិតលែងស្ថិតនៅក្រោមដំបូលរបស់ YG តែ AKMU បានបង្ហាញការដឹងគុណចំពោះទីភ្នាក់ងារ និងនិយាយថា ពួកគេនៅតែជាគ្រួសារ YG ដូចដើម។ សិល្បករទាំង ២ក៏បានសន្យាដែរថា ពួកគេនឹងត្រឡប់ទៅរក YG វិញគ្រប់ពេល បើសិនជាទីភ្នាក់ងារនេះត្រូវការពួកគេ។

ដូចគ្នាដែរ YG Entertainment បានបញ្ជាក់ថា ទីភ្នាក់ងារនៅតែចាត់ទុក Lee Chan Hyuk និង Lee Su Hyun ជាសមាជិកគ្រួសារ YG មិនប្ដូរ ព្រមទាំងបង្ហាញជំហរជួយគាំទ្រសិល្បករទាំង ២រូបនេះពេញទំហឹង បើសិនជាពួកគេត្រូវការជំនួយ។ ទន្ទឹមគ្នានេះ YG ក៏ស្នើសុំឱ្យអ្នកគាំទ្រនៅតែបន្តគាំទ្រ AKMU សម្រាប់ការចាប់ផ្ដើមជំពូកថ្មីរបស់ពួកគេទាំងពីរនាក់។
គួរឱ្យដឹងផងដែរថា ក្រោយពីដណ្ដើមបានពានពីកម្មវិធី K-Pop Star Season 2 ក្នុងឆ្នាំ ២០១៣ AKMU បានជ្រើសរើស YG ជាទីភ្នាក់ងាររបស់ពួកគេតាំងតែពីពេលនោះមក។ នៅឆ្នាំបន្ទាប់ AKMU បានបញ្ចេញអាល់ប៊ុមពេញខ្នាតទី ១របស់ក្រុមក្រោមឈ្មោះថា “Play” ដោយមានបទចម្រៀងល្បីៗដូចជា “200%” និង “Give Love” ក្លាយជាដៃគូចម្រៀងដ៏មានប្រជាប្រិយភាពបំផុតមួយ ទាំងក្នុងចំណោមអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុក មកទល់នឹងសព្វថ្ងៃនេះ៕
























Account
Security
Favourite Content