ទីភ្នាក់ងារ 51K បានច្រានចោល ទៅលើព័ត៌មានចចាមអារ៉ាមដែលបានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គមនៅក្នុងថ្ងៃទី៥ ខែកុម្ភៈនេះ ទាក់ទងនឹងរឿងរ៉ាវដែលសិល្បកររបស់ខ្លួនគឺ Taecyeon សុំមិត្តស្រីរៀបការ។

យោងតាម Koreaboo រូបភាពដែលតារាប្រុសសមាជិក្រុម 2pm បានលុតជង្គង់ពីមុខសង្សារ ព្រមជាមួយនឹងចិញ្ចៀនក្នុងទីក្រុងប៉ារីស បានបង្ហោះនៅលើគណនី Instagram ដែលមានឈ្មោះថា The Best Photo Paris តាំងតែពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤មកម៉្លេះ ក៏ប៉ុន្តែរូបថតប៉ុន្មានសន្លឹកនេះ ទើបតែទទួលបានការចាប់អារម្មណ៍ និងចែករំលែកបន្តយ៉ាងសន្ធឹកសន្ធាប់កាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ ក្រោយពីមានហេតុការណ៍នេះកើតឡើង គណនី Instagram ខាងលើនេះក៏បានសម្រេចលុបរូបថតទាំងអស់នេះចោលវិញភ្លាមៗតែម្ដង។
ឆ្លើយតបនឹងដំណឹងលេចឮខាងលើ នៅក្នុងថ្ងៃជាមួយគ្នានេះ តំណាងពីទីភ្នាក់ងារ 51K បានចេញបកស្រាយ ថា៖ “រូបថតទាំងនេះមិនបានថតឡើង ជាផ្នែកណាមួយនៃការសុំរៀបអាពាហ៍ពិពាហ៍ឡើយ។ រូបដែលថតតាំងតែពីឆ្នាំមុននេះ គឺធ្វើឡើងដើម្បីអបអរសាទរដល់ថ្ងៃកំណើតរបស់មិត្តស្រីប៉ុណ្ណោះ តែបែរជាត្រូវបានបែកធ្លាយ និងចែករំលែកនៅលើសហគមន៍អនឡាញ”។

តំណាងរូបដដែលនេះ បានផ្ដល់ដំណឹងបន្ថែមទៅលើទំនាក់ទំនងរបស់តារាប្រុសវ័យ ៣៦ឆ្នាំថា៖ “គាត់នៅតែមានទំនាក់ទំនងល្អជាមួយនឹងមិត្តស្រីជាធម្មតាទេ។ ស្របពេលដែលយើងជឿជាក់ថា គាត់នឹងរៀបការនៅពេលសមរម្យណាមួយ ក៏ប៉ុន្តែឥឡូនេះនៅមិនទាន់មានគម្រោងលើរឿងរៀបការនៅឡើយទេ”។
គួរបញ្ជាក់ផងដែរថា Taecyeon បានបើកចំហពីទំនាក់ទំនងស្នេហាជាមួយនឹងមិត្តស្រីដែលជាអ្នកនៅក្រៅរង្វង់សិល្បៈតាំងតែពីឆ្នាំ ២០២០មកម៉្លេះ។ យ៉ាងណាមិញ សាមីខ្លួននៅមិនទាន់បានបញ្ចេញពីជីវប្រវត្តិ ឬជីវិតផ្ទាល់ខ្លួនរបស់សង្សារខ្លួនឡើយ ក្រោមហេតុផលឯកជនភាព៕
























Account
Security
Favourite Content