នៅថ្ងៃទី១៤ ខែមីនានេះ Gold Medalist បានចេញនូវសេចក្ដីថ្លែងការណ៍បកស្រាយទៅលើរឿងអាស្រូវរវាង Kim Soo Hyun និង Kim Sae Ron ដោយទទួលស្គាល់ថា ពួកគេពិតជាធ្លាប់មានទំនាក់ទំនងស្នេហាមែន បន្ថែមដោយរឿងរ៉ាវបំណុល និងស្ថានភាពផ្លូវចិត្តរបស់តារាប្រុសក្នុងពេលបច្ចុប្បន្ន។

សេចក្ដីថ្លែងការណ៍នេះបានចេញមុនពេលកំណត់ ដែលដំបូងឡើយ Gold Medalist បានគ្រោងនឹងចេញនៅសប្ដាហ៍ក្រោយ។ ជាក់ស្ដែង ភ្នាក់ងារមួយនេះបានសរសេរថា Kim Soo Hyun និង Kim Sae Ron ពិតជាបានទាក់ទងគ្នាមែន តែមិនមែនតាំងតែពីឆ្នាំ២០១៦ ដូចអ្វីដែល Garosero Research Institute បានអះអាងនោះទេ ដោយពួកគេបានទាក់ទងគ្នានៅចន្លោះរដូវក្ដៅឆ្នាំ ២០១៩ រហូតដល់រដូវស្លឹកឈើជ្រុះក្នុងឆ្នាំ ២០២០។ ពោល គឺនៅពេលដែល Kim Sae Ron បានពេញវ័យទៅហើយ។
ភ្នាក់ងារមួយនេះបានបកស្រាយទៀតថា រូបថតដែល Kim Sae Ron បានបង្ហោះកាលពីខែមីនា ឆ្នាំ២០២៤ និងរូបថតដែល Garosero Research Institute បង្ហាញនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ជារូបថតដែលអ្នកទាំងពីរបានថតនៅក្នុងរដូវរងា ឆ្នាំ២០២០។
ទាក់ទងនឹងចំណុចខាងលើ សារព័ត៌មាន Koreaboo ចាប់បានចំណុចខុសប្រក្រតីមួយទៅនឹងការបកស្រាយនេះ ព្រោះ Gold Medalist បានប្រាប់ថា អ្នកទាំងពីរបានទាក់ទងគ្នានៅចន្លោះរដូវក្ដៅឆ្នាំ ២០១៩ រហូតដល់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ តែបែជាបានប្រាប់ថា រូបថតដែលបែកធ្លាយនោះ បានថតនៅក្នុងរដូវរងា ឆ្នាំ២០២០ ទៅវិញ ។


យ៉ាងណាមិញ ទីភ្នាក់ងារបានលើកភស្តុតាងថា អាវដែល Kim Sae Ron បានពាក់នៅក្នុងរូបថតនោះ គឺបានចេញលក់នៅខែមិថុនា ឆ្នាំ២០១៨។ ដូច្នេះ ការអះអាងរបស់ Garosero Research Institute ដែលថារូបនេះ ថតនៅក្នុងឆ្នាំ២០១៦ មិនអាចទៅរួចនោះទេ។
បន្តពីនេះ Gold Madelist ក៏បានលើកឡើងដែរថា រូបថតដែល Garosero Research Institute បានបង្ហាញនៅថ្ងៃទី១២ និងទី១៣ ខែមីនា ឆ្នាំ២០២៥ គឺ ជារូបថតដែលអ្នកទាំងពីរបានថតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅពេលដែល Kim Sae Ron លែងជាអនីតិជនទៅហើយ ដោយមានទិន្នន័យពី Metadata ជាអំណះអំណាង។
ទាក់ទងនឹងសំបុត្រដែល Kim Soo Hyun បានសរសេរនៅពេលចូលធ្វើការក្នុងជួរទាហាន ទីភ្នាក់ងារនេះបានប្រាប់ថា នេះគ្រាន់តែជាសំបុត្រដែលតារាប្រុសសរសេរទៅឱ្យមិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដូចនាយទាហានដទៃទៀត។ បើទោះបីជាព្យាយាមយក Postcard ដែលតារាប្រុសបានសរសេរនៅក្នុងទីក្រុងប៉ារីសមកធ្វើជាអំណះអំណាងបន្ថែម ក៏រឿងនេះក្រុមហ៊ុននៅតែមិនទទួលស្គាល់ដដែល។


ចំណែកឯរឿងប្រាក់បំណុល ៧០០លានវ៉ុន ឬ ៤៨ម៉ឺនដុល្លារអាមេរិកវិញ Gold Medalist បានបកស្រាយថា ការផ្ញើសំបុត្រនោះគឺធ្វើឡើងដើម្បីឱ្យមើលមកសមហេតុសមផល គ្មានគោលបំណងយកប្រាក់ទាំងនោះមកវិញឡើយ ព្រោះបើសិនជាក្រុមហ៊ុនលើកលែងឱ្យងាយស្រួលពេក អាចនឹងមានបញ្ហាផ្លូវច្បាប់នៅពេលក្រោយ ហើយ Kim Sae Ron ក៏អាចនឹងត្រូវបង់ថ្លៃពន្ធដែរ ព្រោះលុយនោះស្ថិតនៅក្នុងរូបភាពជាអំណោយដែលផ្ដល់ឱ្យពីភ្នាក់ងារ។
ទន្ទឹមគ្នានេះ មូលហេតុដែល Kim Soo Hyun មិនតបសាររបស់ Kim Sae Ron ព្រោះតែតារាប្រុសមិនបានពាក់ព័ន្ធលើរឿងនេះទេ ហើយក្រុមហ៊ុនក៏បានផ្ដល់គំនិតថា លោកមិនគួរតបសារវិញឡើយ ព្រោះលោកមិនមានចំណេះដឹងទាក់ទងនឹងរឿងនេះ ការពារការផ្ដល់ចម្លើយខុស។
Gold Medalist បានឱ្យដឹងបន្តទៀតថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ អ្នកតំណាងផ្នែកច្បាប់របស់ Kim Sae Ron បានសរសើរដល់ទឹកចិត្តរបស់ក្រុមហ៊ុនដែលតែងផ្ដល់ជំនួយនៅពេលកន្លងមក តែតារាស្រីក៏នៅតែបង្ហាញទំនួលខុសត្រូវក្នុងការសងបំណុលត្រឡប់ទៅវិញដែរ។

នៅគ្រានោះ Kim Sae Ron បានសួរនាំពីចំនួនជាក់លាក់ដែលខ្លួនត្រូវសង និងចាប់ទុកថា រឿងរ៉ាវបំណុលរវាងភាគីទាំងសងខាងបានដោះស្រាយគ្នារួចរាល់ចាប់តាំងពីពេលនោះមក។ ភ្នាក់ងារខាងលើ បានបញ្ជាក់ទៀតថា ខ្លួនបានព្យាយាមជួយតារាស្រីគ្រប់វិធីសាស្ត្រ និងមិនដែលគិតការប្រាក់ ឬផាកពិន័យសម្រាប់ការសងប្រាក់យឺតយ៉ាវអ្វីឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍ដែលចេញនៅថ្ងៃទី១៤ ខែមីនានេះ Gold Medalist ក៏បានបង្ហើបពីស្ថានភាពផ្លូវចិត្តរបស់ Kim Soo Hyun ផងដែរ។ ទីភ្នាក់ងារនេះបាននិយាយថា នៅព្រឹកថ្ងៃតែមួយ ស្ថានភាពផ្លូវចិត្តរបស់ Kim Soo Hyun មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ក្រោយមានការយោងថា ខ្លួនជាមូលហេតុមួយដែលធ្វើឱ្យ Kim Sae Ron ស្លាប់។
បន្ថែមពីនេះ ភ្នាក់ងារប្រាប់ទៀតថា បន្ទាប់ពី Garosero Research Institute បានធ្វើការផ្សាយវីដេអូចប់កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ គេសង្កេតឃើញថា មានមនុស្សអង្គុយចាំលួចថត Kim Soo Hyun នៅក្នុងចំណតឡានរបស់ក្រុមហ៊ុន និងបរិវេណជិតនេះ ដែលជាការដាក់សម្ពោធបន្ថែមទៀតទៅកាន់តារាប្រុស៕























Account
Security
Favourite Content