ខណៈ Asa ក្រុម BABYMONSTER បានប្រាប់ថា ខ្លួនបានរៀនចប់ត្រឹមថ្នាក់មត្តេយ្យប៉ុណ្ណោះ ព្រោះត្រូវប្ដូរមកធ្វើការហ្វឹកហាត់ដើម្បីក្លាយខ្លួនជាតារាខេប៉ុបនៅពេលដែលរៀននៅបឋមសិក្សា អ្នកគាំទ្របានបង្ហាញការព្រួយបារម្ភអំពីប្រវត្តិនៃការអប់រំ និងការហ្វឹកហាត់របស់នាងនៅក្រោមផលិតកម្ម YG។

កាលពីថ្ងៃទី៦ ខែកក្កដានេះ Asa និងសមាជិករួមក្រុមម្នាក់ទៀត គឺ Ahyeon បានបង្ហាញវត្តមាននៅក្នុងកម្មវិធី Running Man ដោយគ្រានោះ ពិធីករ Choi Daniel បានសាកសួរ Asa ថា៖ “តើអ្នកបានចូលរៀនបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងប្រទេសកូរ៉េខាងត្បូងទេ?”
ជាក់ស្ដែង តារាខេប៉ុបសញ្ជាតិជប៉ុនរូបនេះ បានផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកូរ៉េបាន ៦ឆ្នាំមកហើយ ពោលគឺតាំងតែពីនាងមានអាយុ ១២ឆ្នាំ និងកំពុងរៀនថ្នាក់ទី ៦នៅឯប្រទេសជប៉ុន។ ឆ្លើយតបនឹងសំណួរនេះ Asa បានប្រាប់ថា៖ “ខ្ញុំបានបញ្ចប់ត្រឹមមត្តេយ្យសិក្សាប៉ុណ្ណោះ ព្រោះខ្ញុំត្រូវចូលហ្វឹកហាត់ជាតារាខេប៉ុបនៅពេលដែលខ្ញុំកំពុងរៀននៅថ្នាក់បឋមសិក្សា”។

យោងតាមការចុះផ្សាយរបស់ Kbizoom អ្នកគាំទ្របាននាំគ្នាជជែកដេញដោលអំពីរឿងនេះនៅលើអ៊ឺនធឺណិត ដោយពួកគេបានសម្ដែងការព្រួយបារម្ភចំពោះ Asa ដែលបានបោះបង់ការសិក្សា និងបានចោទសួរទៅកាន់ YG អំពីតួនាទីរបស់ក្រុមហ៊ុនដែលត្រូវគ្រប់គ្រងការសិក្សារបស់តារាវ័យក្មេងរបស់ខ្លួន។
ខណៈដែល វាជារឿងធម្មតានៅក្នុងវិស័យខេប៉ុប ដែលតារាខេប៉ុបម្នាក់ៗត្រូវចូលហ្វឹកហាត់តាំងតែពីវ័យក្មេង ពោលគឺតាំងតែរៀមនៅថ្នាក់បឋមសិក្សានៅឡើយ ក៏ប៉ុន្តែជាធម្មតា តារាវ័យក្មេងទាំងនោះមិនបានបោះបង់ការសិក្សាទាំងស្រុងនោះទេ ដោយពួកគេអាចបន្តការសិក្សាដូចធម្មតា ទទួលការសិក្សាតាមអនឡាញ ឬសូម្បីដែលការសិក្សានៅផ្ទះក៏មាន។

ឆ្លើយតបនឹងការជជែកវែកញែកខាងលើ នៅល្ងាចថ្ងៃទី ៧ ខែកក្កដានេះ Asa បានចេញបកស្រាយនៅលើគណនី Weverse ថា តាមពិតទៅ ខ្លួននិយាយបែបលេងសើចទេ ព្រោះជាក់ស្ដែង នៅពេលរៀននៅបឋមសិក្សា ខ្លួនបានរៀនផង ហ្វឹកហាត់នៅ YG ផង ជាហេតុដែលធ្វើឱ្យពេលវេលាដែលរៀនបានពេញលេញបំផុត គឺពេលដែលរៀននៅថ្នាក់មត្តេយ្យសិក្សា។
តារាស្រីវ័យ ១៩ឆ្នាំក៏បានបញ្ជាក់ថា កំហុសមកពីខ្លួនបាននិយាយខ្លីពេក មិនបានបកស្រាយឱ្យបានត្រឹមត្រូវ ព្រោះខ្លួនមានអារម្មណ៍ភ័យរំភើបនៅពេលបានចូលរួមក្នុងកម្មវិធីបែបនេះ។
យ៉ាងណាមិញ បន្ទាប់ពីមានការបកស្រាយបែបនេះ អ្នកគាំទ្រនៅលើអ៊ឺនធឺណិត នៅតែសង្កេតឃើញថា Asa មិនបានបញ្ជាក់ទេថា នាងបានរៀនចប់ថ្នាក់បឋមសិក្សាពិតឬក៏យ៉ាងណា ដោយករណីរបស់ Asa បានធ្វើឱ្យមហាជននៅតែបន្តជជែកវែកញែកជុំវិញផលប៉ះពាល់ទៅលើការសិក្សា សម្រាប់តារាហ្វឹកហាត់វ័យក្មេង ស្របពេលដែលវិស័យនេះក៏មានសម្ពាធខ្លាំងដូចគ្នា៕

























Account
Security
Favourite Content