នៅថ្ងៃ១០ ខែកុម្ភៈនេះ ទីភ្នាក់ងារ ADOR បានអំពាវនាវឱ្យប្រព័ន្ធផ្សព្វផ្សាយនៅតែបន្តប្រើប្រាស់ឈ្មោះក្រុមចម្រៀងខេប៉ុបនារីរបស់ខ្លួនថា NewJeans ដូចដើម បើទោះបីជាសមាជិកទាំង ៥ បានប្រកាសផ្លាស់ប្ដូរឈ្មោះថ្មីទៅជា NJZ ហើយក៏ដោយចុះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE មួយនេះ បានរៀបរាប់ពីបញ្ហាខាងលើថា៖ “សមាជិករបស់ NewJeans បានប្រកាសពីគម្រោងបន្តសកម្មការងាររបស់ខ្លួន ក្រោមឈ្មោះក្រុមថ្មីដែលមិនទទួលបានការយល់ព្រមពី ADOR និងបណ្ដាលឱ្យមានការភ័ន្តច្រឡំក្នុងចំណោមអ្នកសារព័ត៌មាន។ កិច្ចសន្យាផ្ដាច់មុខរវាងសមាជិក NewJeans និង ADOR នៅតែមានសុពលភាពស្របច្បាប់នៅឡើយ។ ការអះអាងនៃការបញ្ចប់កិច្ចសន្យាផ្ដាច់មុខនេះ គឺការសម្រេចបែបឯកតោភាគីប៉ុណ្ណោះ”។
“យើងបានដាក់ពាក្យប្តឹង ដើម្បីបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យា និងកំពុងស្វែងរកដីកា ដើម្បីរក្សាតួនាទីរបស់ ADOR ក្នុងនាមជាអ្នកគ្រប់គ្រងក្រុម។ យើងស្នើសុំដោយការគោរពទៅកាន់អ្នកសារព័ត៌មាន ក្នុងការប្រើឈ្មោះក្រុមផ្លូវការ NewJeans ដោយផ្អែកលើកិច្ចសន្យាផ្ដាច់មុខដែលនៅមានសុពលភាពនៅឡើយ”។ ទីភ្នាក់ងារបានសំណូមពរដូច្នេះ។
គួរបញ្ជាក់ផងដែរថា សេចក្ដីថ្លែងការណ៍ខាងលើនេះ ជាការឆ្លើយតបមួយទៀត ទៅនឹងភាពចម្រូងចម្រាសរវាង ADOR និង NewJeans ដោយកាលពីថ្ងៃ៧ ខែកុម្ភៈ កន្លងទៅ ម្ចាស់បទ Supernatural ទាំង ៥ រូបបានប្រកាសថានឹងចាប់ផ្ដើមប្រើប្រាស់ឈ្មោះថ្មីរបស់ខ្លួន NJZ នៅពេលដែលចូលរួមក្នុងកម្មវិធី ComplexCon ដែលគ្រោងនឹងធ្វើឡើងនៅក្នុងទីក្រុងហុងកុង នៅថ្ងៃ២១ ដល់ថ្ងៃ ២៣ ខែមីនាខាងមុខនេះ ព្រមទាំងបញ្ជាក់ពីគម្រោងចេញបទចម្រៀងថ្មីរបស់ខ្លួនផងដែរ។


ជាក់ស្ដែង Minji តំណាងនៃសមាជិកទាំងអស់បាននិយាយថា៖ “យើងនឹងបញ្ចេញបទដំបូងរបស់យើងក្នុងនាមជា NJZ នៅថ្ងៃទី២៣ ខែមីនា ហើយខ្ញុំពិតជារំភើប និងភ័យក្នុងពេលតែមួយ។ ជា NJZ យើងនឹងនៅតែបន្តបង្ហាញអ្វីថ្មីៗ ដូចអ្វីដែលពួកយើងតែងតែធ្វើកន្លងមក”។
សូមរំឭកផងដែរថា បញ្ហាទាក់ទិននឹងរឿងកិច្ចសន្យាផ្ដាច់មុខមួយនេះ បានចាប់ផ្ដើមតាំងតែពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤ ហើយ ADOR ផ្ទាល់ក៏បានចាប់ផ្ដើមធ្វើសកម្មភាពតាមផ្លូវច្បាប់ចាប់តាំងពីថ្ងៃ៣ ខែធ្នូ មកម៉្លេះ ដោយដំណោះស្រាយតាមផ្លូវច្បាប់លើបញ្ហាមួយនេះ គ្រោងនឹងបែកសវនាការជាលើកដំបូងនៅថ្ងៃទី៧ ខែមីនាខាងមុខនេះ៕


























Account
Security
Favourite Content