ADOR ដែលជាផលិតកម្មរបស់ក្រុមចម្រៀងនារី NewJeans បានប្រកាសនៅថ្ងៃពុធ ទី២០ ខែសីហានេះថា ខ្លួនបានតែងតាំងអនុប្រធាន Lee Do-kyong ជានាយកប្រតិបត្តិថ្មីរបស់ខ្លួន។

យោងតាមសេចក្ដីប្រកាស នាយកប្រតិបត្តិថ្មីរូបនេះនឹងបន្តតំណែងពី Kim Ju-young ដែលពីមុនជាប្រធានផ្នែកធនធានមនុស្សរបស់ HYBE ។ Kim Ju-young ត្រូវបានផ្តល់តំណែង CEO នេះ បន្ទាប់ពីអតីតនាយកប្រតិបត្តិ Min Hee-jin បានលាលែងពីតំណែងកាលពីខែសីហាឆ្នាំមុន។
នៅពេលនោះ ADOR បាននិយាយថា ពួកគេនឹងរៀបចំ ADOR ឱ្យស្របតាមក្រុមហ៊ុនរបស់ HYBE ផ្សេងទៀត គឺបំបែកអ្នកធ្វើការផលិតកម្មចេញពីការងារថ្នាក់ដឹកនាំ ដោយកត់សម្គាល់ថា Min Hee-jin គឺជា “ករណីលើកលែងតែមួយគត់” ដែលគ្រប់គ្រងទាំងប្រតិបត្តិការអាជីវកម្ម និងការផលិតតន្ត្រី។ ADOR និយាយថា ឥឡូវនេះគោលដៅទាំងនោះបានសម្រេចហើយ ហើយពួកគេរំពឹងថានាយកប្រតិបត្តិ Lee ដែលមានជំនាញក្នុងប្រតិបត្តិការស្លាកសញ្ញា នឹងគាំទ្រសកម្មភាពរបស់សិល្បករ ក៏ដូចជាជំរុញគំនិតផ្តួចផ្តើមថ្មីៗសម្រាប់អាជីវកម្ម។
យោងតាម ADOR ការតែងតាំងរបស់នាយកប្រតិបត្តិ Lee គឺមានបំណង “ពង្រឹងតួនាទីរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងសកម្មភាពរបស់សិល្បករ” ដូចជាការផលិតអាល់ប៊ុម និងការប្រគុំតន្ត្រី។
Lee Do-kyong បានចូលរួមជាមួយ HYBE ក្នុងឆ្នាំ ២០១៩ តាំងពីពេលដែលក្រុមហ៊ុននេះត្រូវបានគេស្គាល់ថា Big Hit Entertainment ដោយបានធ្វើការលើការបង្កើតចក្ខុវិស័យ និងយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន។ ចាប់ពីឆ្នាំ ២០២២ នាងគឺជាអនុប្រធានផ្នែក IPX របស់ HYBE ដែលអភិវឌ្ឍអាជីវកម្មដោយផ្អែកលើកម្មសិទ្ធិបញ្ញារបស់សិល្បករ ដូចជាវត្ថុអនុស្សាវរីយ៍ និងហាង Pop-up នានា។
ទោះយ៉ាងណា ការតែងតាំងនេះគឺផ្ទុយស្រឡះពីការចង់បានរបស់ក្រុមចម្រៀង NewJeans ដែលធ្លាប់អះអាងថា ពួកគេនឹងយល់ព្រមវិលត្រលប់ទៅ ADOR វិញលុះត្រាណាតែ ADOR មិនត្រូវបានគ្រប់គ្រងដោយបុគ្គលិក HYBE ពោលគឺពួកគេចង់ឱ្យ Min Hee Jin វិលត្រលប់មកកាន់តំណែង CEO ដូចពីមុនវិញ ៕

























Account
Security
Favourite Content