បញ្ហាចម្រូងចម្រាសរវាង ADOR និងក្រុមចម្រៀងស្រី NewJeans បានឈានដល់ដំណាក់ការប្ដឹងផ្ដល់គ្នាតាមផ្លូវច្បាប់ ដោយភាគីខាងក្រុមហ៊ុនចង់ស្វែងរកដំណោះស្រាយជាមួយនឹងសិល្បករ ក្រោយពួកនាងបានប្រកាសបញ្ចប់កិច្ចសន្យាផ្ដាច់មុនរវាងភាគីទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសផ្លូវការដែលចេញនៅថ្ងែទី៥ ខែធ្នូនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE បានប្រកាសថា ខ្លួនបានបញ្ជូនពាក្យបណ្ដឹងទៅកាន់តុលាការកណ្តាល ទីក្រុងសេអ៊ូល ដោយគ្មានជម្រើសតាំងតែពីថ្ងៃទី៣ មកម៉្លេះ ដើម្បីសុំការបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យាផ្ដាច់មុខជាមួយ NewJeans។ ក្រុមហ៊ុនកម្សាន្តមួយនេះបានរៀបរាប់ថា៖ “បើទោះបីជាយើងមិនចង់ដោះស្រាយរឿងនេះតាមផ្លូវច្បាប់ក៏ពិតមែន តែយើងគិតថាវាជារឿងសំខាន់ដើម្បីអាចបញ្ជាក់ទៅកាន់សិល្បកររបស់យើងថា កិច្ចសន្យាមិនអាចបញ្ចប់ដោយការយល់ព្រមត្រឹមភាគីតែម្ខាងនោះទេ”។
“ទាំងនេះ គឺយើងធ្វើឡើង ដោយចង់ទទួលបានសាលក្រមពីតុលាការដើម្បីការពារមូលដ្ឋានគ្រឹះនៃឧស្សាហកម្មខេប៉ុប និងវប្បធម៌ប៉ុបកូរ៉េ ដែលបានបង្កើតឡើងដោយមានភាពជឿទុកចិត្តគ្នារវាងសិល្បករ និងក្រុមហ៊ុន” ADOR បកស្រាយពីមូលហេតុបែបនេះ។
នៅក្នុងសេចក្ដីប្រកាសដដែលនេះបានបន្តសរសេរថា ពួកគេនៅមិនទាន់មានឱកាសបានជជែកគ្នាជាមួយនឹងសមាជិកទាំង ៥ នៅឡើយទេ តែក្រុមហ៊ុនខាងលើក៏បានបង្ហាញជំហរបកស្រាយការយល់ច្រឡំរវាងភាគីទាំងសងខាង និងបន្តរួមការងារជាមួយគ្នាដូចដើម។

គួរបញ្ជាក់ផងដែរថា នេះជាការឆ្លើយតបនឹងសន្និសីទសារព័ត៌មានបន្ទាន់ដែលក្រុមចម្រៀងម្ចាស់បទ How Sweet បានធ្វើឡើងកាលពីសប្ដាហ៍មុនទាក់ទងនឹងបញ្ហាខាងលើ ដោយពួកនាងបានអះអាង បញ្ចប់កិច្ចសន្យាផ្ដាច់មុខក្នុងនាមជាសិល្បករគ្រប់គ្រងដោយ ADOR ក្រោយក្រុមហ៊ុនមិនអាចបំពេញតាមការស្នើសុំរបស់ពួកនាងបានក្នុងគ្រាកំណត់។
ជាក់ស្ដែង ភ្លាមៗនោះក្រុមហ៊ុនខាងលើក៏បានចេញមុខប្រកាសច្បាស់ៗដែលថា ហេតុផលរបស់ NewJeans មិនអាចមានតម្លៃគ្រប់គ្រាន់ក្នុងការបញ្ចប់កិច្ចសន្យាបាននោះទេ ហើយវានឹងនៅតែបន្តមានសុពលភាពដដែលរហូតដល់ខែកក្កដា ឆ្នាំ២០២៩៕
























Account
Security
Favourite Content