អ្នកគាំទ្រស្រីម្នាក់រត់ទៅរក Charmaine Sheh ដើម្បីសុំលេខឆ្នោត ក្រោយពីបានជួបតារាសម្ដែងស្រីរូបនេះនៅព្រលានយន្តហោះហុងកុងកាលពីដើមខែតុលានេះ ហើយនាងពិតជាបានត្រូវរង្វាន់ពិតៗ។

វាជារឿងធម្មតាដែលមនុស្សម្នាក់ៗតែងតែចង់ថតរូប ឬសុំហត្ថាលេខាពីតារា ឬបុគ្គលល្បី ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានឱកាសបានជួបពួកគេនៅខាងក្រៅនោះទេ។ ដោយឡែកសម្រាប់អ្នកគាំទ្ររូបនេះវិញ មិនដូចជាអ្នកគាំទ្រទូទៅទេ ព្រោះជំនួសដោយការថតរូប ឬសុំហត្ថាលេខាជាអនុស្សាវរីយ៍ គាត់បែរជាសុំលេខឆ្នោតដើម្បីផ្សងសំណាងទៅវិញ។
តាមរយៈការចុះផ្សាយរបស់គេហទំព័រ 8days បានឱ្យដឹងថា តួស្រីក្នុងរឿងរាជនីសារព័ត៌មានរូបនេះបានឱ្យលេខ ២ខ្ទង់ចំនួន៣ ទៅអ្នកគាំទ្រ រួមមានលេខ ១១, ១៩ និង ៣៦។ ដោយឡែក ដោយសារតែភាពអាចទៅរួចខ្ពស់បំផុតសម្រាប់ឆ្នោតនៅក្នុងទីក្រុងហុងកុងគឺ ៣៣ អ្នកគាំទ្ររូបនេះបានសម្រេចចិត្តបំបែកលេខ ៣៦ ជាពីរ។
លើសពីលេខដែលតារាស្រីវ័យ ៤៩ឆ្នាំរូបនេះបានទស្សន៍ទាយ អ្នកគាំទ្រដដែលនេះ ក៏បានទិញឆ្នោតមួយសន្លឹកទៀតដែលមានលេខ ២៨ ដោយហេតុថាវាត្រូវគ្នានឹងថ្ងៃកំណើតរបស់ Charmaine Sheh ដែលកើតនៅថ្ងៃទី២៨ ខែឧសភា។


សំណាងពិតៗ នៅពេលដែលលទ្ធផលឆ្នោតកាលពីថ្ងៃទី៨ ខែតុលានេះបានចេញ ក្នុងចំណោមលទ្ធផលទាំង ៦ មានលេខដែលទាក់ទងនឹង Charmaine Sheh រហូតដល់ទៅ ៤ បានចេញ គឺលេខ ៣, ១១, ១៩ និង ២៨។ ត្បិត អ្នកគាំទ្ររូបនោះមិនបានបង្ហើបពីចំនួនប្រាក់រង្វាន់ដែលខ្លួនបានឈ្នះក៏ពិតមែន តែគ្រប់គ្នាបានស្ញើចសរសើនឹងលាភសំណាងរបស់នាង ក៏ដូចជាសមត្ថភាពក្នុងការទស្សន៍ទាយលេខឆ្នោតរបស់តួស្រី TVB រូបនេះ។
គួររំឭកផងដែរ នេះមិនមែនជាអ្នកមានសំណាងទីមួយនោះទេ ព្រោះកាលពីឆ្នាំមុននៅពេលដែល Charmaine Sheh ទៅថតរឿង Modern Dynasty 2 នៅទីក្រុងគូឡាឡាំពួ អ្នកគាំទ្រជនជាតិម៉ាឡេស៊ីម្នាក់បានឈ្នះឆ្នោតក្រោយពីសាកល្បងផ្សងសំណាងតាមរយៈស្លាកលេខឡានរបស់តារាស្រីរូបនេះ៕

























Account
Security
Favourite Content