តារាសម្ដែងហុងកុងជើងចាស់ Bill Chan បានបង្ហាញមុខក្នុងរឿងភាគរបស់ស្ថានីយទូរទស្សន៍ TVB ជាច្រើន និងមានភាពល្បីល្បាញក្នុងវិស័យសិល្បៈហុងកុង។ ប្រឡូកក្នុងសិល្បៈចាប់តាំងពីឆ្នាំ ១៩៥៨ មក លោកបានបន្សល់ទុកនូវស្នាដៃជាច្រើនផងដែរ។
ជារឿយៗ តារាប្រុសជើងចាស់រូបនេះ ក្រៅពីមានទេពកោសល្យក្នុងការសម្ដែង លោកតែងត្រូវបានគេសរសើរពីរូបសម្រស់ក្មេងជាងវ័យរបស់លោក។ មែនទែនទៅ មានវ័យ ៧៦ ឆ្នាំ ទៅហើយ ប៉ុន្ដែរូបរាងរបស់លោកមើលទៅដូចជាមនុស្សទើបមានវ័យជាង ៥០ ឆ្នាំប៉ុណ្ណោះ ជាពិសេសលោកមើលទៅគឺមាំមួនខ្លាំងតែម្ដង។



កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៤ លោកបានចូលរួមក្នុងកម្មវិធី City-Wide Free HairCut នៅឯ ហុងកុង។ លោកបានបង្ហាញខ្លួនជាមួយឈុតអាវធំពណ៌ប្រផេះ និងខោពណ៌ខ្មៅយ៉ាងស្រស់ស្អាត។ ក្នុងឱកាសនោះដែរ លោកក៏បានចែករំលែកពីអាថ៍កំបាំងមួយដែលលោកតែងធ្វើវាជារៀងរាល់ថ្ងៃ ទើបលោកមានរាងកាយមាំមួន និងមើលទៅក្មេងជាងវ័យដូច្នេះ។
លោកបានលើកឡើងថា លោកមិនដែលខកខានក្នុងការហាត់ប្រាណនោះទេ ការហាត់ប្រាណជាប្រចាំជាផ្នែកមួយធ្វើឲ្យសុខភាពរបស់លោកហាក់មានភាពល្អប្រសើរ ជាពិសេសជួយដល់រាងកាយរបស់លោកបានច្រើន។ លោកបានលើកឡើងថា ជារៀងរាល់ព្រឹកម៉ោង ៦ លោកតែងតែចំណាយពេល ពី ១ម៉ោង ឬច្រើនជាងនេះ ដើម្បីហាត់ប្រាណបញ្ចេញជាតិពុលចោល។



ក្រៅពីនេះ តារាប្រុស Bill Chan បាននិយាយបែបកំប្លែងថា៖ មួយផ្នែកដែលធ្វើឲ្យលោកក្មេងជាងវ័យ គឺការចំណាយពេលនៅជាមួយចៅស្រីរបស់លោក និងរត់ដេញចាប់នាងជាដើម។
គួរបញ្ជាក់ថា បច្ចុប្បន្នបើទោះជាមានវ័យ ៧៦ ឆ្នាំទៅហើយ តារាប្រុស Bill Chan នៅតែបន្ដថតរឿង និងឡើងកម្មវិធីកម្សាន្ដនានា គ្រាន់តែលោកមិនសូវសកម្មខ្លាំង ដូចកាលពីលោកនៅវ័យក្មេង៕



























Account
Security
Favourite Content