កំពូលតារារ៉េបលំដាប់ប្រទេសកម្ពុជា វណ្ណដា បានបង្ហោះរូបថត ៥ សន្លឹកលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីយប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ ដែលរូបថត ៥ សន្លឹកនោះត្រូវគេមើលស្គាល់ច្បាស់ដូចថ្ងៃថា ជាគ្របមុខនៃបទចម្រៀងល្បីៗរបស់លោក បានទម្លាក់លើទីផ្សារចំថ្ងៃខួបកំណើត រយៈពេល ៥ ឆ្នាំចុងក្រោយនេះ។





វណ្ណដា បានសង្ខេបខ្លីៗអំពីស្នាដៃបទចម្រៀងរបស់ខ្លួន ដោយមានបញ្ជាក់ថ្ងៃខែ និងឆ្នាំច្បាស់លាស់។ ក្នុងនោះ រួមមានបទ «J+O» «BORN THIS WAY» «IF I DIE» «KHMER BLOOD» «CHAPTER 1»។ ប៉ុន្តែគួរឱ្យចាប់អារម្មណ៍នៅលេខរៀងចុងក្រោយគេ ទី៦ វណ្ណដា បានដាក់ថ្ងៃកំណើតរបស់ភ្ជាប់ជាមួយ «6666 66» ធ្វើឱ្យគ្រប់គ្នាសង្ស័យថា នេះអាចជាចំណងជើងបទចម្រៀងថ្មី ដែលលោកត្រៀមបញ្ចេញលើទីផ្សារនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ខាងមុខ ដែលជាថ្ងៃខួបកំណើតគម្រប់ ២៧ឆ្នាំ របស់លោក។
ការសង្ស័យបែបនេះ ដោយសារតែរយៈពេល ៥ ឆ្នាំចុងក្រោយ ម្ចាស់បទ “Bong” តែងតែទម្លាក់បទចម្រៀងថ្មីចែកជូនហ្វេនៗស្តាប់កម្សាន្ត និងជាកាដូជូនខ្លួនឯងក្នុងថ្ងៃពិសេសបែបនោះតែម្ដង។

យ៉ាងណាមិញ នេះគ្រាន់ជាការសង្ស័យ តែការពិតថា តើ «6666 66» ជាចំណងជើងបទថ្មី ឬយ៉ាងណា មានតែរង់ចាំអ៊ុតមើលទាំងអស់គ្នា។ ទោះបីវាជាការពិត ឬមិនពិតក៏ហ្វេនៗរបស់តារារ៉េបវ័យក្មេងពេញសមត្ថភាពនេះរំភើបខ្លាំងបាត់ទៅហើយ ព្រោះដឹងថា idol របស់ពួកគេកំពុងត្រៀមបទថ្មីនាពេលឆាប់ៗនេះ៕























Account
Security
Favourite Content