នៅក្នុងសង្គម មានមនុស្សច្រើនខ្លាំងណាស់ដែលចេះពហុជំនាញ ឬនិយាយឲ្យស្រួលស្ដាប់គឺចេះច្រើនមុខ។ ខ្លះចេះជំនាញជាច្រើនជុំវិញឧស្សាហកម្មណាមួយ ខ្លះទៀតចេះជំនាញផ្ទុយគ្នាស្រលះក៏មាន តួយ៉ាងដូចជាជំនាញវិទ្យាសាស្ត្រ និងការសម្ដែង។ បើគិតឲ្យដិតដល់ទៅ ជំនាញទាំងពីរនេះសឹងតែគ្មានអ្វីដូចគ្នាទាល់តែសោះ តែទោះយ៉ាងណាក៏មានស្ត្រី ៥រូបមានសមត្ថភាពអាចធ្វើការទៅលើជំនាញ ២ដែលផ្ទុយគ្នាស្រលះគឺជំនាញសម្ដែង និងវិទ្យាសាស្ត្រ។
១ Hedy Lamarr

កើតនៅក្នុងឆ្នាំ ១៩១៣ នៅក្នុងប្រទេសអូទ្រីសHedy Lamarr ជាក្មេងស្រីឆ្លាតវៃតាំងពីក្មេង ព្រមទាំងមានសំណាងកើតក្នុងត្រកូលអ្នកមានស្ដុកស្ដម្ភទៅទៀត។ វាមិនពិបាកនោះទេសម្រាប់កុមារី Hedy ដោយហេតុថានាងទទួលបានការបង្រៀនបែបឯកជនតាំងពីអាយុ ៤ឆ្នាំ។ ត្រឹមអាយុ ១០ឆ្នាំ Hedy ចេះនិយាយ ៤ភាសា មានជំនាញរាំ និងលេងព្យ៉ាណូ ហើយនៅអាយុ ២៥ នាងបានបង្ហាញខ្លួនដំបូងនៅក្នុងភាពយន្ត Hollywood របស់អង់គ្លេស។
Hedy Lamarr ជាមនុស្សមានសមត្ថភាពខ្ពស់ និងសម្រស់ស្រស់ស្អាតដែលគេតែងតែហៅថាតារាសម្ដែងស្រីស្អាតបំផុតក្នុងវិស័យភាពយន្ត បែរជាជួបនឹងអាពាហ៍ពិពាហ៍មិនសមប្រកប ទើបក្រោយមកនាងបានជួបគូស្នេហ៍ថ្មី Hughes និងលោក George Antheil ដែលសុទ្ធតែជាមនុស្សងប់ងុលនឹងបច្ចេកវិទ្យា និងការបង្កើតថ្មី ទើបនៅទីបំផុតនាង Hedy Lamarr ត្រូវបានជំរុញចិត្តឆ្ពោះទៅបង្កើតឧបករណ៍បណ្ដាញទាក់ទងអំឡុងសង្គ្រាមលោកលើកទី២។ ការបង្កើតថ្មីរបស់ Hedy Lamarr មិនមែនមានប្រយោជន៍នាសម័យនោះទេ តែវាបានក្លាយជាមូលដ្ឋាននៃចរន្តឥតខ្សែដែលអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយអភិវឌ្ឍន៍បន្តទៅជា Wifi, Bluetooth និងGPS ដែលមនុស្សប្រើសព្វថ្ងៃនេះ។
២ Natalie Portman

ជាតួអង្គដ៏នៅសំខាន់នៅក្នុងភាពយន្ត Starwar ជាតួឯកស្រីនៅក្នុងភាពយន្តកំពូលវីរបុរសរបស់ Mavel រឿងអាទិទេពផ្គររន្ទះ (Thor) និងចូលសម្ដែងភាពយន្តតាំងពីវ័យក្មេង ព្រមទាំងធ្លាប់ឈ្នះពានរង្វាន់អូស្ការ Natalie Portman មានកេរ្តិ៍ឈ្មោះ និងល្បីល្បាញខ្លាំងនៅ Hollywood។ ថ្វីត្បិតតែក្លាយជាតារាសម្ដែងតាំងពីវ័យក្មេងតែ Natalie មិនដែលបោះបង់ការសិក្សាចោល ថែមទាំងមានសមត្ថភាពរួមចំណែកក្នុងវិស័យវិទ្យាសាស្ត្រតាមរយៈការស្រាវជ្រាវរបស់នាងចំនួនពីរលើក។ ខណៈពេលរៀននៅវិទ្យាល័យនៅឡើយ Natalie បានសហការបោះពុម្ពការស្រាវជ្រាវមួយនៅក្នុងកាសែតនៃការអប់រំអំពីសារធាតុគីមី ( Journal of Chemical Education)។ ៤ឆ្នាំក្រោយ Natalie Portman ខណៈពេលសិក្សាផ្នែកចិត្តវិទ្យានៅសកលវិទ្យាល័យ នាងបានបោះពុម្ពការស្រាវជ្រាវមួយទៀតដែលពាក់ព័ន្ធនឹងខួរក្បាល និងការអភិវឌ្ឍន៍នៃខួរក្បាលរបស់មនុស្ស។
៣ Mayim Bialik

នាង Bialik មានអាជីពយូរអង្វែងនៅក្នុងឧស្សាហកម្មភាពយន្ត។ ក្នុងវ័យជំទង់ នាងបានដើរតួជាតួឯកក្នុងរឿង Beaches ឆ្នាំ១៩៨៨ និងបានសម្ដែងក្នុងរឿង Blossom ។ ក្រោយមកនាងទទួលបានតំណែងជាតួជាអ្នកវិទ្យាសាស្ត្រសរសៃប្រសាទនៅក្នុងកម្មវិធីល្បី Big Bang Theory ។តួអង្គដែលនាងសម្ដែងពិតជាសក្ដិសមនឹង Bialik ខ្លាំងដោយសារតែនាងអ្នកជំនាញខាង សរសៃប្រសាទពិតមែន។
Bialik ទទួលបានការអប់រំថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រសរសៃប្រសាទ និងបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅមជ្ឈមណ្ឌលស្រាវជ្រាវជំងឺវិកលចរិត UCLA។ ចំណែកស្នាដៃរបស់លោកស្រី Bialik គឺនិក្ខេបបទថ្នាក់បណ្ឌិតទៅលើទំនាក់ទំនងនៃ hypothalomic ទៅនឹងអាកប្បកិរិយាមិនសមរម្យ ការស្រមើស្រមៃ ការបង្ខិតបង្ខំ និងរោគសញ្ញា Prader-Willi៕






















Account
Security
Favourite Content