ការជ្រើសរើសរបបអាហារមិនត្រឹមតែជួយឱ្យរាងកាយទាំងមូលមានរឹងមាំនោះទេ ប៉ុន្តែអត្ថប្រយោជន៍នៃការជ្រើសរើសអាហារសុខភាពក៏អាចជួយចិញ្ចឹមស្បែកឱ្យមានសំណើម កាត់បន្ថយស្នាមជាំ ស្នាមអុជខ្មៅ ស្នាមក្រហម និងស្នាមជ្រីវជ្រួញជាដើម។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវអាហារ ៦ មុខដែលអាចជួយប្រឆាំងភាពចាស់ ជាពិសេសអ្នកមានអាយុពី ៣០ ឆ្នាំឡើងទៅញ៉ាំកាន់តែច្រើន កាន់តែល្អ៖
១. ត្រីសាលម៉ុន
ត្រីសាលម៉ុនសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយប្រឆាំងអុកស៊ីតកម្ម ការរលាក និងធ្វើឱ្យស្បែកមានសុខភាព។ តាមការសិក្សាបានបង្ហាញថាអាស៊ីតខ្លាញ់អូមេហ្គា ៣ នៅក្នុងត្រីសាលម៉ុនក៏អាចជួយការពារស្បែកពីការបាត់បង់ខូឡាជែន និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែកដែលបណ្តាលមកពីពន្លឺកាំរស្មី UV ផងដែរ។
២. ស៊ុត
ស៊ុតគឺជាប្រភពប្រូតេអ៊ីនដែលល្អសម្រាប់ស្បែក។ យោងតាមការស្រាវជ្រាវ អ្នកដែលញ៉ាំប្រូតេអ៊ីនតិចគឺងាយនឹងឡើងស្នាមជ្រួញ។ ប្រូតេអ៊ីនបានមកពីអាហារនឹងជួយជំរុញឱ្យរាងកាយផលិតខូឡាជែន និងអេឡាស្ទីនដែលជាគន្លឹះក្នុងការថែទាំស្បែកឱ្យមានភាពរឹងមាំ និងទន់រលោង។ មិនតែប៉ុណ្ណោះ វីតាមីន A ក្នុងស៊ុតក៏ជាសារធាតុចិញ្ចឹមមួយដ៏សំខាន់សម្រាប់ស្បែកដែលអាចជួយកាត់បន្ថយស្នាមមុន ភាពស្ងួត និងស្នាមជ្រីវជ្រួញផងដែរ ខណៈសារធាតុផ្សេងៗដូចជាបាយអូទីនដែលល្អសម្រាប់ការលូតលាស់សក់ និង choline ល្អសម្រាប់មុខងារខួរក្បាល។
៣. តៅហ៊ូ
តៅហ៊ូត្រូវបានផលិតចេញពីសណ្តែកសៀងដែលមានប្រយោជន៍ច្រើនសម្រាប់ស្បែក។ ជាពិសេសសម្រាប់មនុស្សស្រីដែលមានបញ្ហារដូវព្រោះកម្រិតអរម៉ូនអ៊ឹស្ត្រូសែននឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយជះឥទ្ធិពលយ៉ាងខ្លាំងលើស្បែក។ ការធ្លាក់ចុះនៃអរម៉ូនអឹស្រ្តូសែននឹងធ្វើឱ្យស្បែកយារធ្លាក់ ស្នាមជ្រីវជ្រួញ និងស្នាមអុចខ្មៅលេចឡើងកាន់តែច្បាស់។ ដូច្នេះញ៉ាំតៅហ៊ូគឺជួយគ្រប់គ្រងអរម៉ូន និងកាត់បន្ថយឥទ្ធិពលមិនល្អនៃការអស់រដូវលើស្បែក។
៤. ប៉េងប៉ោះ
ប៉េងប៉ោះគឺជាប្រភពនៃលីកូពីនជាសារធាតុចិញ្ចឹមដ៏មានឥទ្ធិពលដែលជួយគ្រប់គ្រងកម្រិតសំណើមនៅក្នុងកោសិការាងកាយ ប្រឆាំងការរលាក ធ្វើឱ្យស្បែកភ្លឺថ្លា និងកាត់បន្ថយការរមាស់ក្រហមផងដែរ។ ការទទួលទានផ្លែប៉េងប៉ោះក៏អាចជួយឱ្យស្បែកទន់រលោង បង្កើនភាពយឺត និងជួយកាត់បន្ថយសារជាតិពណ៌ខ្មៅលើស្បែកបានដែរ។ ក្រៅពីអាចប្រឆាំងភាពចាស់ ប៉េងប៉ោះក៏មានអត្ថប្រយោជន៍សុខភាពដូចជាអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនជាដើម។
៥. ផ្លែក្រូច
ផ្លែក្រូចគ្រប់ប្រភេទសុទ្ធតែជាប្រភពនៃវីតាមីន C ដែលមានកំហាប់ខ្ពស់អាចបង្កើនសមត្ថភាពរបស់រាងកាយក្នុងការផលិតខូឡាជែនបានយ៉ាងល្អ។ លើសពីនេះទៅទៀត វីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាអាចជួយការពាររ៉ាឌីកាល់សេរីដែលបំផ្លាញស្បែក និងជួយឱ្យស្បែកកាន់តែមានភាពស្រស់ស្អាត រួមទាំងសុខភាពល្អផងដែរ។
៦. ការ៉ុត
ការ៉ុតសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មហៅថាបេតាការ៉ូទីនដែលជាសារធាតុមួយនៅក្នុងក្រុមវីតាមីន A។ នៅពេលយើងទទួលទានបេតាការ៉ូទីន រាងកាយរនឹងបំប្លែងវាទៅជាវីតាមីន A ហើយបញ្ជូនវាទៅផ្ទៃស្បែកដែលអាចសារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយការរលាកផ្សេងៗ។ បន្ថែមលើនេះការ៉ុតក៏មានអត្ថប្រយោជន៍ល្អសម្រាប់សុខភាពភ្នែក និងមុខងារខួរក្បាលទាក់ទងនឹងការចងចាំផងដែរ៕

























Account
Security
Favourite Content