មិនយូរប៉ុន្មានក្រោយរបូតបាត់អាជ្ញាប័ណ្ណ Miss Universe Cambodia ក្រុមហ៊ុន Cambodia International Models (CIM) ស្រាប់តែប្រកាសខ្លួនជាម្ចាស់អាជ្ញាប័ណ្ណ Miss Charm Cambodia និងត្រៀមរៀបចំបញ្ចូនបេក្ខភាពកម្ពុជាទៅចូលរួមប្រកួត Miss Charm 2024 នៅប្រទេសវៀតណាម។

លោក ម៉ែន និមលរតន៍ នាយកប្រត្តិបត្តិក្រុមហ៊ុន CIM បញ្ជាក់ឱ្យដឹងថា ការសម្រេចទិញអាជ្ញាប័ណ្ណ Miss Charm នេះ គឺដោយសារក្រុមហ៊ុនមើលឃើញពីចំណុចល្អច្រើនរបស់កម្មវិធីនេះ ទាំងប្រណិតភាពនៃការរៀបចំកម្មវិធី ហើយម៉្យាងមើលទៅកម្មវិធីក៏រៀបចំបានល្អ ហើយមានលក្ខណៈទ្រង់ទ្រាយធំ។ មួយទៀត គឺកម្មវិធីនេះរៀបចំឡើងនៅទឹកដីប្រទេសវៀតណាម ជាប្រទេសភូមិផងរបងជាមួយកម្ពុជាយើង ដូច្នេះបេក្ខភាពងាយស្រួលក្នុងការចេញទៅប្រកួត មិនបាច់ពិបាករឿងសុំទិដ្ឋាការចេញទៅប្រកួតនោះឡើយ។
ដោយសារ Miss Charm Cambodia ចំណុះក្រោមកម្មវិធីប្រកួត Miss Cambodia ជាកម្មវិធីរបស់ក្រុមហ៊ុន CIM ដូច្នេះ ជយលាភីមួយក្នុងចំណោម Top 5 របស់កម្មវិធី Miss Cambodia 2023 នឹងត្រូវជ្រើសរើសជា Miss Charm Cambodia 2024 ដើម្បីតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី Miss Charm 2024 ដែលគ្រោងប្រារព្ធឡើងនៅប្រទេសវៀតណាម នាពេលខាងមុខនេះ។
ក្រឡេកទៅមើល កញ្ញា ប៊ី សុធារី Miss Charm Cambodia 2022 ឯណោះវិញ នៅតែអាចបន្តប្រើតំណែងជា Miss Charm Cambodia 2022 បានដូចធម្មតា ព្រោះពេលនាងចេញទៅប្រកួតដោយខ្លួនឯង មិនពាក់ព័ន្ធស្ថាប័នណាមួយនោះឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ម៉ែន និមលរតន៍។
ក្រៅពីអាជ្ញាប័ណ្ណ Miss Charm Cambodia ក្រុមហ៊ុន CIM ក៏ទទួលបានអាជ្ញាប័ណ្ណកម្មវិធី Miss Earth Cambodia ត្រឡប់មកវិញផងដែរ ក្រោយខកខានរយៈពេលមួយឆ្នាំ។ ដូចនេះ ក្រុមហ៊ុន CIM នឹងទទួលបន្ទុកបញ្ជូនបេក្ខភាពទៅចូលរួមប្រកួតកម្មវិធី Miss Earth Cambodia 2023 វិញ ដូចពីមុន៕























Account
Security
Favourite Content