គ្រឿងអលង្ការបុរាណខ្មែរធ្វើអំពីថ្ម និងសំរឹទ្ធទាំង ៧៧ គ្រឿង ដែលរក្សាទុកដោយក្រុមគ្រួសាររបស់លោក ឡាតហ្វត នឹងត្រលប់មកកាន់ទឹកដីកម្ពុជាវិញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងមន្ត្រីជំនាញកម្ពុជា។

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា «បន្ទាប់ពីវត្ថុបុរាណខ្មែរធ្វើពីថ្ម និងសំរឹទ្ធមួយចំនួនដែលបានទទួលពីប្រទេសអង់គ្លេសនៅខែកញ្ញា ឆ្នាំ ២០២១ កន្លងមក នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមការងារកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញកម្ពុជាបានទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុបចំនួន ៧៧ គ្រឿងបន្ថែមពីក្រុមគ្រួសារលោក ឡាតហ្វត»។
រូបថត៖ ប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
គួរបញ្ជាក់ថា គ្រឿងអលង្ការបុរាណខ្មែរ ដែលបានបញ្ជូនមកដល់កម្ពុជា នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ មានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវ៉ាត់ ក្រវិល បន្តោង ស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the god និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Lactford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក។

រូបថត៖ ប្រភព Hun Many
ដោយឡែកនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន និងកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ បានផុសចែករំលែកដំណឹងនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារដូចតទៅ៖
«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ និងគណៈប្រតិភូ មានមោទកភាព និងមានកិត្តិយសជាទីបំផុត ដែលទទួលបានសេចក្ដីទុកចិត្ត និងអនុញ្ញាត ចូលរួមក្នុងបេសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការដង្ហែរមកវិញនូវ គ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល និងជាផ្នែកមួយការយាងត្រឡប់មកវិញនៃដួងព្រលឹងបុព្វបុរសខ្មែរ។
ការវិលត្រឡប់មកវិញ នៃគ្រឿងអលង្ការបុរាណខ្មែរ ដែលជារតនវត្ថុដ៏មានតម្លៃវិសេសវិសាល ប្រកបដោយភាពជោគជ័យនេះ បានឆ្លុះបញ្ចាំងពីកត្តាសុខសន្តិភាព ដែលកម្ពុជាសម្រេចបានមកដល់ពេលនេះ ដែលយើងអាចមានឱកាសជាបន្តបន្ទាប់ក្នុងការសិក្សាស្រាវជ្រាវស្វែងរកកេតនភណ្ឌជាតិត្រឡប់មកវិញ។
ខ្ញុំ និងសហការី សូមឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងកោតសរសើរដល់អគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសដល់ក្រុមគ្រួសារលោក ឌូគ្លាស ឡាតហ្វដ ដែលបានខ្នះខ្នែងរៀបចំសម្របសម្រួលដំណើរការក្នុងការនាំយកមកវិញនូវគ្រឿងអលង្ការទាំង៧៧គ្រឿង។ នេះជាកាយវិការមួយដែលគួរឲ្យកោតសរសើរ ដែលជាគំរូមួយ ដែលយើងសង្ឃឹមថានឹងមានការចូលរួមពីអ្នកដទៃផ្សេងទៀត»៕




















































Account
Security
Favourite Content