ទំព័រហ្វេសប៊ុកផ្លូវការ Missosology កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ធ្លាប់បានបង្ហោះឱ្យដឹងថា ស្ថាប័នបវរកញ្ញាចក្កវាឡ (Miss Universe) បានប្រកាសថា នឹងចាប់ផ្តើមទទួលស្រ្តីរៀបការរួច និងស្រ្តីជាម្តាយ រួមទាំងស្ត្រីកែភេទឱ្យចូលប្រកួតប្រជែងចាប់ផ្តើមពីឆ្នាំក្រោយតទៅ។ បើទោះជាព័ត៌មាននោះការពិត ឬយ៉ាងណានោះ គេនៅតែមានសង្ឃឹមថា នឹងមានការបើកឱកាសឲ្យស្រ្តីទូទៅចូលរួមប្រកួត។
គ្រាន់តែទទួលបានដំណឹងនោះភ្លាម អ្នកស្នេហាវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជាបានងាកទៅផ្តោតការចាប់អារម្មណ៍លើបវរកញ្ញាភេទទី៣កម្ពុជា គឺកញ្ញា សៃហ្វុន Miss Queen Cambodia 2020 គ្រប់ៗគ្នា ព្រោះ កន្លងមកនាងធ្លាប់ប្រកាសឱ្យដឹងថា ប្រសិនស្ថាប័ន Miss Universe អន្តរជាតិបើកឱកាសឱ្យស្ត្រីកែភេទចូលប្រកួត នាងនឹងដាក់ពាក្យភ្លាមដោយមិនស្ទាក់ស្ទើរ។
ពាក់ព័ន្ធរឿងនេះ សៃហ្វុន ឱ្យ AMS ដឹងថាច្បាស់ៗថា ប្រសិនស្ថាប័នបើកឱកាសនាង នឹងដាក់ពាក្យចូលប្រកួតភ្លាមៗតែម្តង មិនឲ្យខកខានបានឡើយ។ មូលហេតុ គឺដោយសារតែកម្មវិធី Miss Universe ជាកម្មវិធីដែលនាងស្រលាញ់ខ្លាំងមែនទែន បន្ទាប់ពីកម្មវិធី Miss Queen International នាងធ្លាប់បានចូលរួមប្រកួត ដូច្នេះនាងមានក្តីរំពឹងថា បើសិនស្ថាប័ន Miss Universe Cambodia បើកឱកាស នាងនឹងដាក់ពាក្យចូលរួមប្រកួត។
គួររំលឹកផងដែរថា បវរកញ្ញាភេទទី៣កម្ពុជា ២០២០ សៃហ្វុន បានសាងភាពអស្ចារ្យក្នុងកម្មវិធីប្រកួត Miss Queen International 2022 នៅប្រទេសថៃកាលពីពេលកន្លងមក ដោយរូបនាងដណ្តើមបានពាន Miss Photogenic និង Top 11 ជាមុខមាត់សម្រាប់ប្រទេសកម្ពុជាម្ដងរួចមកហើយ។

MQC 2020 រូបនេះ បានបង្ហាញឱ្យពិភពលោកឃើញពីសម្រស់ភាពស្រស់ស្អាត ភាពក្លាហាន អង់អាច របស់បវរកញ្ញាភេទទី៣ កម្ពុជារួចមកហើយ ជាពិសេសអាកប្បកិរិយាជាបវរកញ្ញា សមត្ថភាពដើរបង្ហាញ ម៉ូដ និងចំណេះដឹងទូទៅ។ មិនតែប៉ុណ្ណោះ បេក្ខភាពតំណាងជាតិកម្ពុជារូបនេះ បានបង្ហាញឱ្យគ្រប់គ្នាឃើញពីការតស៊ូរបស់ជនជាតិកម្ពុជា ចំពោះការប្រកួតប្រជែងសម្រស់នេះថែមទៀតផង។ ជាស្ត្រីកែភេទម្នាក់ សៃហ្វុន មានសម្រស់ស្រស់ស្អាតខ្លាំងមិនចាញ់ស្រ្តីពីធម្មជាតិនោះឡើយ សូម្បីតែអត្តចរិត និងឥរិយាបថរបស់នាងក៏ទន់ភ្លន់ដូចស្រ្តីបេះបិទតែម្តង៕























Account
Security
Favourite Content