Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹងទេថា គូស្នេហ៍ដែលនាងកំពុងនិយាយជាមួយ គឺជា AI Deepfake ដែលជាបច្ចេកវិទ្យាបន្លំទម្រង់មុខ នាំឱ្យនាងក្លាយជាជនរងគ្រោះម្នាក់ទៀតក្នុងល្បិចឆបោកស្នេហាតាមអនឡាញ ឬ Romance Scam។

នៅថ្ងៃទី៣ ខែកក្កដា កន្លងទៅ សារព័ត៌មាន AFP បានចុះផ្សាយថា Maria បានជួបជាមួយជនបោកប្រាស់ដែលបន្លំខ្លួនជាព្រះអង្គម្ចាស់ Hamdan bin Mohammed ឬមាននាមប៉ាកកាថា Fazza នៅលើគេហទំព័រស្វែងរកគូស្រករ មុនពេលការសន្ទនានោះបានផ្លាស់ប្តូរទៅកាន់កម្មវិធីផ្ញើសារ ដែលជាទីកន្លែងក្រុមឆបោកប្រើល្បិចលួងលោមស្នេហាចំពោះជនរងគ្រោះ។
ស្ត្រីជាពលការិនីមេផ្ទះជនជាតិហ្វីលីពីនរូបនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដោយស្នើសុំមិនបញ្ចេញឈ្មោះពិត និងអាយុរបស់នាងថា៖ “គាត់បានផ្ញើសារមកខ្ញុំជាបន្តបន្ទាប់ សូម្បីតែពេលខ្ញុំកំពុងគេងក៏ដោយ។ វាមានអារម្មណ៍ដូចជាមានមន្តស្នេហ៍អ្វីម្យ៉ាងដែលតភ្ជាប់ចិត្តរបស់យើងទាំង ២នាក់”។
នៅក្នុងវីដេអូថតទុកមួយនៃការខលតាម WhatsApp ជនបោកប្រាស់បានបង្ហាញខ្លួនដោយមានរូបរាងដូចព្រះអង្គម្ចាស់ពិតៗ ខណៈការនិយាយ និងចលនារបស់បបូរមាត់គឺត្រូវគ្នាទាំងស្រុង ប៉ុន្តែវាមិនមែនជាសំឡេងពិតរបស់ព្រះអង្គម្ចាស់នោះទេ។ ក្នុងវីដេអូនោះ ជនបោកប្រាស់បានប្រាប់ Maria ថា៖ “សួស្តីអូនសម្លាញ់។ ខ្ញុំពិតជាកោតសរសើរចំពោះក្តីស្រឡាញ់ និងការគាំទ្ររបស់អ្នកណាស់”។

Maria ដែលជឿស៊ប់ រហូតបាក់ចិត្តស្រឡាញ់ខ្លាំង មិនបានដាក់ការសង្ស័យថានេះជាការបោកប្រាស់ឡើយ រហូតដល់នាងត្រូវបាត់បង់ប្រាក់ដែលខ្លួនបានសន្សំអស់ពេលមួយឆ្នាំពេញ។
ជនបោកប្រាស់បានល្បួងឱ្យនាងបង់ប្រាក់ចំនួន ១០០ ០០០ ប៉េសូ ឬប្រមាណ ១ ៦២៥ ដុល្លារអាមេរិក ដោយអះអាងថាជាថ្លៃ “សំបុត្រអាពាហ៍ពិពាហ៍” និង “Royal Membership Card” ដែលជាកាតផ្ដល់សិទ្ធិរស់នៅដោយស្របច្បាប់ក្នុងទីក្រុងឌូបៃ ដោយជនបោកប្រាស់បានបញ្ជាក់ថា កាតនេះនឹងជួយឱ្យនាងទទួលបានការងារធ្វើ។
Maria បានចាប់ផ្ដើមសង្ស័យ នៅពេលដែលជនខិលខូចបានស្នើសុំជួបនាងនៅសណ្ឋាគារមួយ ហើយទាមទារប្រាក់ចំនួន ៦០ ០០០ ប៉េសូ ប្រមាណ ៩៧៤ ដុល្លារអាមេរិក បន្ថែមទៀតសម្រាប់ការកក់បន្ទប់។ នៅពេលដែលនាងបានពិនិត្យមើលគណនីហ្វេសប៊ុក (Facebook) របស់ជនបោកប្រាស់ដែលបច្ចុប្បន្នបានលុបចោលទៅហើយ នាងបានកត់សម្គាល់ឃើញថា គណនីនោះមានមូលដ្ឋាននៅក្នុងប្រទេសនីហ្សេរីយ៉ា។
ជនរងគ្រោះរូបនេះបានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុង ដោយបានផ្ញើសារចុងក្រោយមួយទៅកាន់ជនបោកប្រាស់ថា៖ “ទៅចុះនរកទៅ អាជនបោកប្រាស់”។
ព្រះអង្គម្ចាស់ឌូបៃក្លែងក្លាយ

ការបោកប្រាស់នេះ គឺជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីដ៏ធំ ដែលគេស្គាល់ថាជា ល្បិចបោកប្រាស់ “Fake Dubai Prince” ដែលមានគោលដៅបោកប្រាស់ទាំងទៅលើមនោសញ្ចេតនា និងទ្រព្យសម្បត្តិ។
ប្រភពដដែលបានរកឃើញក្រុមនៅលើហ្វេសប៊ុកជាច្រើនដែលបន្លំខ្លួនជាព្រះអង្គម្ចាស់រូបនេះ ដែលក្រុមខ្លះមានអ្នកតាមដានរាប់ពាន់នាក់។ នៅទីនោះ ជនបោកប្រាស់បានអញ្ជើញសមាជិកក្រុមឱ្យចូលរួមការជជែកកម្សាន្តតាម WhatsApp ឬ Telegram ជាមួយព្រះអង្គម្ចាស់។
រូបភាពដែលបានបង្ហោះនីមួយៗសុទ្ធសឹងតែជារូបភាពកាត់តដែលមានសភាពដូចពិតៗ។ ខណៈមានអ្នកប្រើប្រាស់មួយចំនួនបានព្រមានពីការបោកប្រាស់នេះនៅក្នុង Comment ទៅហើយក្ដី ក៏ប៉ុន្តែមនុស្សជាច្រើនទៀត បែរជាផ្ញើ Emoji រូបបេះដូង និងរូបថើបទៅកាន់ព្រះអង្គម្ចាស់ក្លែងក្លាយនេះទៅវិញ។
បញ្ហាខាងលើ បាននាំឱ្យមានញត្តិមួយនៅលើគេហទំព័រ change.org ដែលមានឈ្មោះថា “Stop Fazza Scam”។ ញាត្តិនេះបានអំពាវនាវដល់ក្រុមការងាររបស់ព្រះអង្គម្ចាស់ Sheikh Hamdan ឱ្យជួយលើកកម្ពស់ការយល់ដឹង និងប្រកាសប្រឆាំងនឹងជនបោកប្រាស់ដែលបន្លំខ្លួនជាព្រះអង្គម្ចាស់។
បច្ចេកវិទ្យាកាន់តែដើរទៅមុខ ការក្លែងបន្លំកាន់តែដូចការពិត

ព្រះអង្គម្ចាស់ Hamdan bin Mohammed មិនមែនជាបុគ្គលសាធារណៈតែមួយរូបនោះទេ ដែលជនខិលខូចបានលួចយកអត្តសញ្ញាណទៅប្រើប្រាស់ដើម្បីបោកបញ្ឆោទអ្នកដទៃ។ កាលពីឆ្នាំមុន អាជ្ញាធរបារាំងបានបើកការស៊ើបអង្កេតមួយ ដើម្បីស្វែងរកអត្តសញ្ញាណជនបោកប្រាស់ដែលបន្លំខ្លួនជាតារាសម្តែង Brad Pitt ដែលបានបោកប្រាស់ស្ត្រីម្នាក់អស់ប្រាក់ចំនួន ៨៣០ ០០០អឺរ៉ូ ឬប្រមាណ ៩៤៥ ០០០ ដុល្លារអាមេរិក។
ស្ថាប័ន The Global Anti-Scam Alliance បានប៉ាន់ប្រមាណថា កាលពីឆ្នាំកន្លងទៅ មនុស្សទូទាំងពិភពលោកបានបាត់បង់ប្រាក់សរុបប្រមាណ ៤៤២ ប៊ីលានដុល្លារអាមេរិក ដោយសារការចាញ់បោកគេ រួមទាំងការបោកប្រាស់ផ្នែកមនោសញ្ចេតនា ហៅថា Romance fraud នេះផងដែរ។
ស្របពេលដែលបច្ចេកវិទ្យាធ្វើឱ្យការក្លែងបន្លំមុខកាន់តែដូចការពិត បើទោះបីជាការវីដេអូខលក៏មានភាពស្ដែងៗ និងពិបាកញែកជាងមុន លោក David Rand មកពីសាកលវិទ្យាល័យ Cornell University បានលើកឡើងថា៖ “បច្ចេកវិទ្យានេះកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស ហើយនៅពេលដ៏ខ្លីខាងមុខ វីដេអូក្លែងបន្លំទម្រង់មុខបែប Real-time video deepfakes នឹងកាន់តែមានភាពល្អប្រសើរឡើងៗ”។
លោកបានឱ្យដឹងបន្ថែមទៀតថា៖ “នៅពេលដែលរឿងនេះកើតឡើង វានឹងក្លាយជារឿងដែលមិនអាចទៅរួច ក្នុងការបែងចែកថា តើការសន្ទនាដែលមិនបានជួបមុខគ្នាដោយផ្ទាល់ណាមួយ ជាការពិត ឬជាការក្លែងបន្លំ”៕



















































Account
Security
Favourite Content