កាលពីថ្ងៃទី ២៥ ខែមិថុនា បណ្តាញសារព័ត៌មានសិង្ហបុរី Mediacorp បានប្រកាសថា ការផលិតឡើងវិញទីបីនៃរឿងភាគដ៏ល្បីល្បាញលំដាប់កំពូល “Little Nyonya” (ជីវិតនាងនូយ៉ា) កំពុងស្ថិតក្នុងដំណាក់កាលផលិតហើយ ហើយបច្ចុប្បន្នកំពុងរៀបចំការបើកទទួលពាក្យប្រកួតសម្ដែងសាកល្បង (Audition) ជាសាធារណៈសម្រាប់ទាំងតួឯក និងតួរង។

យោងតាម Mediacorp បានឱ្យដឹងថា «បុគ្គលដែលត្រូវបានជ្រើសរើស នឹងទទួលបានការបណ្តុះបណ្តាល និងការគាំទ្រដែលកែច្នៃឡើងស្របទៅតាមតួអង្គ និងបទពិសោធន៍របស់ពួកគេ»។ ចំពោះអ្នកដែលលេចធ្លោជាងគេ ក៏អាចនឹងត្រូវពិចារណាសម្រាប់គម្រោងនានានាពេលអនាគត ក៏ដូចជាការចុះកិច្ចសន្យាជាតារានៅក្រោមដំបូល Mediacorp ផងដែរ។
លក្ខខណ្ឌ និងវិធីសាស្ត្រនៃការដាក់ពាក្យ៖
បេក្ខជនអាចជា ជនជាតិណាក៏បាន (មិនកំណត់សញ្ជាតិឡើយ) ប៉ុន្តែត្រូវតែមានអាយុចន្លោះពី ១៨ ដល់ ៣៥ ឆ្នាំ។ ដើម្បីដាក់ពាក្យ អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែផ្ញើអ៊ីមែលទៅកាន់ castingenquiries@mediacorp.com.sg ដោយភ្ជាប់មកជាមួយនូវព័ត៌មានដូចខាងក្រោម៖
- រូបថតត្រឹមកឡើង និងរូបថតមួយជំហរខ្លួន ដែលទើបតែថតថ្មីៗ
- ឈ្មោះ, អាយុ, កម្ពស់ និងព័ត៌មានទំនាក់ទំនង
- ប្រវត្តិរូបសង្ខេបនៃការសម្តែង (ប្រសិនបើមាន)
- វីដេអូណែនាំខ្លួនឯងជា ភាសាចិន ដែលមានរយៈពេលក្រោម ៣០ វិនាទី
ការបិទទទួលពាក្យនឹងបញ្ចប់នៅ ថ្ងៃទី ១២ កក្កដា ហើយបេក្ខជនដែលត្រូវបានជ្រើសរើសក្នុងបញ្ជីសម្រាំងនឹងត្រូវអញ្ជើញឱ្យចូលរួមការសាកល្បងសម្តែងនៅថ្ងៃទី ១៨ និង ១៩ ខែកក្កដា។
ការផលិតឡើងវិញទីបីនៃរឿង Little Nyonya នេះ ត្រូវបានកំណត់កាលវិភាគចាក់ផ្សាយជាផ្លូវការនៅក្នុង ឆ្នាំ ២០២៨ ដោយដឹកនាំផ្ទាល់ដោយផលិតករប្រតិបត្តិ Canter Chia និងសរសេរអត្ថបទភាពយន្តដោយអ្នកនិពន្ធរឿង Ang Eng Tee ដែលជាអ្នកនិពន្ធសាច់រឿងក្នុងវគ្គ Little Nyonya ទាំងពីរភាគដំបូងផងដែរ។


គួររំលឹកផងដែរថា រឿងដើមនៃ Little Nyonya បានចាក់ផ្សាយជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ Channel 8 របស់ Mediacorp ក្នុងឆ្នាំ ២០០៨ ដោយរៀបរាប់ពីជីវិតរបស់តួអង្គ Yueniang (សម្តែងដោយ Jeanette Aw) ជាស្ត្រីជាប់សែស្រឡាយចិន-ម៉ាឡេ ម្នាក់ដែលបានជម្នះរាល់ឧបសគ្គជាច្រើនទសវត្សរ៍។
ចំណែកការផលិតឡើងវិញលើកទី២ មានចំណងជើងថា “Emerald Hill” បានចាក់ផ្សាយកាលពីឆ្នាំ ២០២៥ កន្លងទៅ ចូលរួមសម្តែងដោយ Tasha Low, Chantalle Ng និង Ferlyn Wong ដោយនៅក្នុងនោះ Jeanette Aw ក៏បានត្រឡប់មកសម្តែងផងដែរក្នុងតួអង្គដដែលគឺ Yueniang ។ រឿង Emerald Hill បានសម្រេចនូវជោគជ័យយ៉ាងធំធេងដោយទាក់ទាញអ្នកទស្សនាបានជាង ២.១ លាននាក់នៅក្នុងប្រទេសសិង្ហបុរី និងបានក្លាយជារឿងភាគសិង្ហបុរីដំបូងគេបង្អស់ដែលបានបើកឆាកឈរនៅចំណាត់ថ្នាក់លេខ ១ នៅលើ Netflix Singapore ។

លោកស្រី Virginia Lim ប្រធានផ្នែកមាតិកា និងទេពកោសល្យរបស់ Mediacorp បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖
«រឿង Little Nyonya នៅតែបន្តដក់ជាប់ក្នុងចិត្តទស្សនិកជន ដោយសារតែភាពរឹងមាំនៃតួអង្គ និងការសម្តែង។ នៅពេលឈានទៅកាន់ Version បន្ទាប់ យើងនឹងនាំយកកេរដំណែលនេះទៅមុខបន្តទៀត ជាមួយនឹងមហិច្ឆតាដ៏ច្បាស់លាស់សម្រាប់អ្វីដែលនឹងមកដល់ខាងមុខ»។
«ពួកយើងកំពុងស្វែងរកបុគ្គលដែលមានវត្តមានដ៏លេចធ្លោ មានសមត្ថភាពបត់បែន និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកតួនាទីទាំងនេះ។ យើងជឿជាក់ថា ទេពកោសល្យដ៏ខ្លាំងក្លាអាចលេចចេញពីគ្រប់ទិសទី ហើយអ្នកដែលត្រូវបានជ្រើសរើស នឹងទទួលបានការណែនាំ និងការគាំទ្រដើម្បីបំពេញតម្រូវការនៃការផលិត។ ការស្វែងរកនេះ គឺសំដៅលើការស្វែងរកមនុស្សដែលត្រឹមត្រូវបំផុត ដើម្បីដឹកនាំសាច់រឿងនេះទៅមុខបន្តទៀត» ៕


















































Account
Security
Favourite Content