កាលពីថ្ងៃទី៩ ខែឧសភា កន្លងទៅថ្មីនេះ ក្រុមចម្រៀងបុរសល្បីនៅចិន TF Family បានបង្ហោះ story នៅលើគណនី Tiktok ផ្លូវការរបស់ខ្លួនដោយសុំឱ្យអ្នកគាំទ្រនៅកម្ពុជាជួយបង្រៀនប៉ុន្មានពាក្យល្អៗ និងផ្អែមល្ហែមជាភាសាខ្មែរដើម្បីថតវីដេអូពិសេសមួយ។

ជាក់ស្ដែងនៅក្នុងថ្ងៃទី២៤ ខែមិថុនា ពួកគេពិតបានមកវិញជាមួយនឹងការសន្យាពិតមែនទែនដោយអ្នកទាំង ៣ នាក់បានរៀនភាសាខ្មែរប៉ុន្មានពាក្យដូចជា “ជម្រាបសួរ” “ជម្រាបលា” និង “លាសិនហើយ” ជាដើម។ លើសពីនេះពួកគេក៏បានហាត់ពីក្បាច់រាំរបាំបុរាណខ្មែរខ្លះៗដែលបង្រៀន និងណែនាំដោយព្រះនាង នរោត្តម ជេនណា ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ចិនផងដែរ។ បន្ទាប់ពីនោះពួកគេក៏មិនភ្លេចហាត់រាំ និងរាំតាមបទ Pop out របស់តារាចម្រៀង N.John ដែលកំពុងពេញនិយមដែរ។
ជាមួយនឹងការបង្ហោះនៅលើគណនី Tiktok ផ្លូវការរបស់ TF Family Official ពួកគេក៏បានភ្ជាប់ជាមួយសំណេរដែលប្រែមកជាខេមរភាសាមានន័យថា៖ ស៊េរី Say Hi to the World បានត្រលប់មកវិញហើយ! តើទាំងអស់គ្នាបានរង់ចាំយើងយូរហើយមែនទេ?


នៅក្នុងវគ្គនេះ យើងបានរៀនឃ្លាភាសាខ្មែរ (កម្ពុជា) មួយចំនួន! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រកម្ពុជារបស់យើងចំពោះមតិយោបល់ និងការប្រាស្រ័យទាក់ទងដ៏អស្ចារ្យទាំងអស់លើ story របស់យើង។ ការគាំទ្ររបស់អ្នកបានធ្វើឱ្យវគ្គនេះអាចធ្វើទៅបាន! ចូរយើងពិនិត្យមើលអ្វីដែលយើងបានរៀននៅពេលនេះ។ សូមអភ័យទោសចំពោះកំហុសក្នុងការបញ្ចេញសំឡេងណាមួយ – យើងនៅតែកំពុងរៀន ហើយនឹងបន្តកែលម្អ! តើយើងគួររៀនភាសាអ្វីបន្ទាប់? សូមទុកយោបល់របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម!
គួររំឮកផងដែរថា ការវិលត្រឡប់មកវិញនៃស៊េរី “Say Hi to the World” របស់ក្រុម TF Family ក្នុងវគ្គសិក្សាវប្បធម៌ខ្មែរនេះ មិនត្រឹមតែជាវគ្គដ៏មានន័យមួយសម្រាប់ទំនាក់ទំនងរវាងសមាជិកក្រុម TF Family និងអ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់តម្លៃយ៉ាងខ្លាំងចំពោះអ្នកគាំទ្រកម្ពុជាទៀតផង។ ការខិតខំប្រឹងប្រែងបញ្ចេញសំឡេងពាក្យខ្មែរ រួមផ្សំនឹងការហាត់រាំរបាំបុរាណខ្មែរគឺជាការបង្ហាញពីអំណាចទន់ (Soft Power) នៃវប្បធម៌ខ្មែរដែលកំពុងរីកសាយភាយកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។ ជាថ្មីម្ដងទៀតនេះមិនត្រឹមតែជាកាដូដ៏មានតម្លៃសម្រាប់ហ្វេនៗកម្ពុជានោះទេ ប៉ុន្តែក៏ជាមោទនភាពមួយដែលសិល្បៈប្រពៃណីខ្មែរត្រូវបានស្ញប់ស្ញែង និងផ្សព្វផ្សាយដោយតារាដែលប្រជាប្រិយភាពខ្ពស់របស់ចិនផងដែរ៕

















































Account
Security
Favourite Content