លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងទទូចសុំចិត្តអ្នកទេសចរដែលមកលេងកម្សាន្តនៅលើភ្នំគិរីរម្យ សូមបញ្ឈប់នូវការឱ្យលុយដល់ក្មេងៗដែលឈរសុំនៅតាមផ្លូវ ព្រោះទង្វើនេះប៉ះពាល់ទៅដល់ការសិក្សានិងអនាគតពួកគេជាខ្លាំង។

មួយរយៈចុងក្រោយនេះ ក្មេងៗដែលឈរសុំលុយនៅតាមដងផ្លូវលើភ្នំគិរីរម្យមានការកើនឡើងគួរឱ្យព្រួយបារម្ភ។ ផ្អែកលើទិដ្ឋភាពជាក់ស្ដែងនៃបញ្ហាមួយនេះ លោក អ៊ុក វណ្ណដេ ដែលមហាជនស្គាល់ថាជាស្ថាបនិកសាលាដូងបានចេញវីដេអូទទូចសុំចិត្តភ្ញៀវដែលមកលេងកម្សាន្តនៅតំបន់ភ្នំគិរីរម្យសូមកុំឱ្យលុយទៅកាន់ក្មេងៗទាំងនោះ ទោះក្នុងចំនួនណាក៏ដោយ ក្រោមហេតុផលមួយគឺទង្វើនៃការផ្ដល់ប្រាក់ដល់ក្មេងៗទាំងនោះ នឹងបង្កការប៉ះពាល់ដល់ការសិក្សារបស់ពួកគេ ត្បិតថាពួកគេនឹងយកប្រាក់ចំណេញរយៈពេលខ្លីមួយនេះ ទៅធ្វើជាអាជីវកម្មចិញ្ចឹមជីវិត ដោយត្រូវសម្រេចបោះបង់ចោលការសិក្សា ហើយជ្រើសយកការលាដៃសុំលុយជំនួសវិញ។




មួយវិញទៀត នេះជាការណ៍ធ្វើឱ្យឪពុកម្ដាយ ឬអាណាព្យាបាលក្មេងៗមួយចំនួននៅលើភ្នំគិរីរម្យ ឆ្លៀតឱកាសកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារ ដោយឱ្យពួកគេឈប់រៀន ហើយជំនួសមកវិញដោយការឈរសុំលុយភ្ញៀវទេសចរណ៍នៅតាមដងផ្លូវ។ ទង្វើនិងសកម្មភាពទាំងនេះពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះអនាគតរបស់ក្មេងៗទាំងអស់នោះ។
បន្ថែម លោក អ៊ុក វណ្ណដេ បានសរសេរច្បាស់ៗនៅលើវីដេអូរបស់លោកថា៖ «ឱ្យលុយទៅក្មេងៗសុំទាននៅគិរីរម្យ ស្មើនឹងសម្លាប់អនាគតពួកគាត់»។ ដូចពាក្យចាស់លោកពោលថា «ស៊ូបង្រៀនមនុស្សឱ្យចេះស្ទូចត្រី ប្រសើរជាជាងឱ្យត្រីទៅមនុស្សហូប» ព្រោះពិតណាស់ អ្នកមិនអាចឱ្យត្រីទៅនរណាម្នាក់ហូបរហូតនោះទេ ដូច្នេះ បើចង់ឱ្យក្មេងៗលើភ្នំគិរីរម្យមានអនាគតល្អ សុំបញ្ឈប់ការឱ្យលុយទៅពួកគេ៕
ចុចទីនេះដើម្បីស្ដាប់វីដេអូ៖ https://www.facebook.com/share/v/18xUgDNVwf/


















































Account
Security
Favourite Content