មេក្រុមរបស់ BTS គឺតារារ៉េប RM កំពុងតែចាប់ដៃគូជាមួយសារមន្ទីរជាតិកូរ៉េដើម្បីជួយចែករំលែកបេតិកភណ្ឌវប្បធម៌កូរ៉េទៅកាន់ពិភពលោក។

កាលពីថ្ងៃទី ២០ ខែមិថុនា ខាងសារមន្ទីរបានប្រកាសថា RM ត្រូវបានតែងតាំងជាទូតសុឆន្ទៈសកលរបស់ខ្លួន ដោយនេះជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រដែលសារមន្ទីរមួយនេះបានផ្តល់តួនាទីបែបនេះដល់បុគ្គលណាម្នាក់។
គួរបញ្ជាក់ថា RM បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះសិល្បៈ និងវប្បធម៌ប្រពៃណីកូរ៉េជាយូរណាស់មកហើយ ដោយក្នុងឆ្នាំ ២០២១ និង ២០២២ លោកបានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន (ប្រហែល ៦៥០០០ ដុល្លារអាមេរិក) ក្នុងមួយឆ្នាំៗ ទៅកាន់មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនៅក្រៅប្រទេសដើម្បីគាំទ្រដល់ការអភិរក្ស ការស្តារឡើងវិញ និងការប្រើប្រាស់បេតិកភណ្ឌវប្បធម៌កូរ៉េនៅឯបរទេស។
ក្នុងនាមជាអ្នកចូលចិត្តប្រមូលទិញស្នាដៃសិល្បៈម្នាក់ RM ក៏នឹងមានការរៀបចំការតាំងពិព័រណ៍ពិសេសមួយនូវស្នាដៃសិល្បៈពីការប្រមូលផ្ទាល់ខ្លួនរបស់លោក នៅឯសារមន្ទីរសិល្បៈសម័យទំនើបសានហ្វ្រានស៊ីស្កូ (San Francisco Museum of Modern Art) នៅក្នុងខែតុលាខាងមុខនេះផងដែរ។
ក្នុងនាមជាទូតសុឆន្ទៈសកល RM នឹងចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយនានាសម្រាប់សារមន្ទីរជាតិកូរ៉េ និងជួយណែនាំប្រវត្តិសាស្ត្រ ព្រមទាំងវប្បធម៌ប្រពៃណីកូរ៉េទៅកាន់ទស្សនិកជនអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ។
បន្ទាប់ពីការតែងតាំងរបស់លោកកាលពីថ្ងៃទី ១៩ ខែមិថុនា RM បានចូលរួមជាមួយនាយកសារមន្ទីរលោក Yoo Hong Jun សម្រាប់ការទស្សនាកិច្ចការតាំងពិព័រណ៍ «Danwon Kim Hong Do: Painting an Era»។ សារមន្ទីរក៏បានប្រគល់ជូន RM នូវផ្ទាំងគំនូររបែបមូរព្យួរដ៏ពិសេសមួយ ដែលបំផុសគំនិតដោយ Daedongyeojido ជាផែនទីដ៏លេចធ្លោ និងជាប្រវត្តិសាស្ត្រតាំងពីសម័យរាជវង្សចូស៊ុន។

RM បានបង្ហាញអារម្មណ៍អំពីការតែងតាំងនេះថា៖
«ខ្ញុំមានសេចក្តីត្រេកអរជាពន់ពេកដែលបានទទួលតួនាទីនេះ។ ខ្ញុំនឹងធ្វើចំណែករបស់ខ្ញុំ ដើម្បីឱ្យភាពស្រស់ស្អាត និងតម្លៃនៃបេតិកភណ្ឌវប្បធម៌របស់យើង អាចទៅដល់មនុស្សបានកាន់តែច្រើន»។
នាយកសារមន្ទីរលោក Yoo បានមានប្រសាសន៍ថា៖
«វាពិតជាមានអត្ថន័យណាស់ដែលអាចចែករំលែកភាពស្រស់ស្អាតនៃបេតិកភណ្ឌវប្បធម៌របស់យើងទៅកាន់ពិភពលោកជាមួយ RM។ ពួកយើងនឹងរង់ចាំមើលលោកក្នុងការដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយឱ្យសារមន្ទីរជាតិកូរ៉េ ក្លាយជាសារមន្ទីរមួយដែលទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់ប្រជាជននៅទូទាំងពិភពលោក» ៕




















































Account
Security
Favourite Content