ឧស្សាហកម្មខេប៉ុបកំពុងតែងាកមកផ្ដោតលើការបង្កើតក្រុមរង ឬ Subunits កាន់តែច្រើនជាងមុន។ ការបង្កើតក្រុមដែលមានសមាជិកតិចជាងមុននេះ គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចសាកល្បងការច្នៃប្រឌិតថ្មី ទម្រង់ចម្រៀងថ្មី និងជាយុទ្ធសាស្រ្តអាជីវកម្មក្នុងការស្វែងរកក្រុមអ្នកគាំទ្រគោលដៅថ្មីៗ ដែលខុសប្លែកពីក្រុមគោល។

ផ្អែកតាមការចុះផ្សាយរបស់ The Korea Times និន្នាការបង្កើតក្រុមរង (Subunits) កំពុងមានសន្ទុះកើនឡើង ជាពិសេសនៅក្នុងឆ្នាំនេះ។ ត្រឹមរយៈពេល ៥ ខែដំបូង ក្រុមរង DK x Seungkwan មកពីក្រុម Seventeen បានបង្ហាញខ្លួនជាមួយអាល់ប៊ុមខ្នាតតូចមានចំណងជើងថា “Serenade” កាលពីខែមករា ខណៈដែលក្រុមរង JNJM របស់ក្រុម NCT បានចេញផ្សាយ EP ដំបូង ក្រោមឈ្មោះថា “Both Sides” កាលពីខែកុម្ភៈ។ ថ្មីៗបំផុត ChaDongHyeop ដែលជាក្រុមរងពីក្រុម DRIPPIN ក៏បានបញ្ចេញបទចម្រៀងទោលដំបូងរបស់ខ្លួន នៅក្នុងខែឧសភា នេះ ផងដែរ។
តាមរយៈការបញ្ចេញស្នាដៃទាំងនេះ បានបង្ហាញថា បច្ចុប្បន្ន ការបង្កើតក្រុមរងមិនមែនគ្រាន់តែជាគម្រោងបន្ទាប់បន្សំម្ដងម្កាលទៀតនោះទេ ប៉ុន្តែវាបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងឧស្សាហកម្មខេប៉ុប។
ឱកាសឱ្យក្រុមហ៊ុនសាកល្បងអ្វីថ្មីៗ ដោយមានហានិភ័យតិចជាងមុន

ខណៈដែលការបង្កើតក្រុមចម្រៀងថ្មីស្រឡាងមួយ ទាមទារឱ្យមានការបណ្ដុះបណ្ដាលតារាហ្វឹកហាត់ជាច្រើនឆ្នាំ និងការវិនិយោគហិរញ្ញវត្ថុខ្ពស់ តែមិនមានការធានាថានឹងទទួលបានជោគជ័យនោះ ការជ្រើសរើសបង្កើតក្រុមរង គឺអាចចៀសវាងហានិភ័យ និងភាពមិនច្បាស់លាស់ទាំងអស់នេះបាន។
តារាខេប៉ុបដែលបានបង្ហាញខ្លួនរួចហើយ គឺមានមូលដ្ឋានអ្នកគាំទ្រ និងមានកេរ្តិ៍ឈ្មោះប្រជាប្រិយភាពស្រាប់។ ស្ថិតក្នុងហានិភ័យដ៏ទាបនេះ ការបង្កើតក្រុមរងអាចឱ្យក្រុមហ៊ុនសាកល្បងគំនិតច្នៃប្រឌិត ឬទីផ្សារថ្មីៗបាន ដោយមិនប៉ះពាល់ដល់អត្តសញ្ញាណដើមរបស់ក្រុមគោលឡើយ។

អ្នកជំនាញមកពីផលិតកម្មកម្សាន្តធំមួយ បានប្រាប់សារព័ត៌មាន The Korea Times ថា ក្រុមដែលមានសមាជិកតិចនាក់បែបនេះ អនុញ្ញាតឱ្យក្រុមហ៊ុនអាចបង្ហាញពីចំណុចខ្លាំង និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់សិល្បករម្នាក់ៗបានល្អជាងមុន។
បុគ្គលដដែលបានឱ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា៖ “បច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានរៀបចំផែនការបង្កើតក្រុមរងនេះ តាំងពីដំណាក់កាលដំបូងៗនៃការបង្កើតក្រុម ពោលគឺតាំងតែពីមុនពេលក្រុមគោលបង្ហាញខ្លួនដំបូងទៅទៀត”។
ផលប្រយោជន៍សម្រាប់ក្រុមសិល្បករផ្ទាល់
នៅក្នុងក្រុមគោលដែលមានសមាជិកច្រើន សមាជិកម្នាក់ៗតែងតែត្រូវបានកំណត់តួនាទីថេររបស់ខ្លួននៅក្នុងក្រុម។ យ៉ាងណាមិញ ក្រុមរងគឺជាផ្លូវមួយដែលផ្តល់ឱកាសឱ្យសិល្បករអាចសាកល្បងតួនាទី និងរសជាតិថ្មីៗ ក៏ដូចជាបង្ហាញសមត្ថភាពផ្នែកផ្សេងទៀត ដែលអាចនឹងត្រូវបានបិទបាំងពេលនៅក្នុងក្រុមគោល។

នៅក្នុងក្រុមគោលដែលមានសមាជិកច្រើន សមាជិកម្នាក់ៗតែងតែត្រូវបានកំណត់តួនាទីថេររបស់ខ្លួននៅក្នុងក្រុម។ យ៉ាងណាមិញ ក្រុមរងគឺជាផ្លូវមួយដែលផ្តល់ឱកាសឱ្យសិល្បករអាចសាកល្បងតួនាទី និងរសជាតិថ្មីៗ ក៏ដូចជាបង្ហាញសមត្ថភាពផ្នែកផ្សេងទៀត ដែលអាចនឹងត្រូវបានបិទបាំងពេលនៅក្នុងក្រុមគោល។
តួយ៉ាង Cha Jun-ho សមាជិកក្រុមរង ChaDongHyeop បាននិយាយថា៖ “ក្រុម DRIPPIN បានសាកល្បងអ្វីប្លែកៗជាច្រើនរួចមកហើយនៅក្នុងអាល់ប៊ុមមុនៗ។ ប៉ុន្តែអ្វីដែលធ្វើឱ្យការបង្ហាញខ្លួនដំបូងនេះមានភាពខុសប្លែកពីគេ គឺក្រុមនេះត្រូវបានបង្កើតឡើងជាមួយនឹងអ្វីដែលថ្មីស្រឡាងតែម្ដង”។
ស្របពេលដែលក្រុមគោលមានគោលគំនិត និងចំណុចផ្ដោតច្បាស់លាស់សម្រាប់ក្រុមរួចទៅហើយ ការបង្កើតក្រុមរងគឺជាការបង្កើតរសជាតិ និងចំណុចផ្ដោតថ្មីឱ្យសមាជិកម្នាក់ៗ។ ការធ្វើបែបនេះបានបង្ហាញថា ក្រុមរងអាចបង្កើតអត្តសញ្ញាណ និងក្រុមអ្នកគាំទ្រផ្ទាល់ខ្លួនបានយ៉ាងជោគជ័យ។
ក្រុមរងក្លាយជាស្នូលសម្រាប់ក្រុមគោល

បច្ចុប្បន្ន ក្រុមហ៊ុនខេប៉ុបមួយចំនួនបានពង្រីកគោលគំនិតក្រុមរងនេះទៅមួយកម្រិតទៀត ដោយលែងចាត់ទុកក្រុមរងជាផ្នែកបន្ទាប់បន្សំ ប៉ុន្តែបានផ្លាស់ប្ដូរមកចាប់យកប្រព័ន្ធក្រុមរងនេះជាស្នូលចម្បងតែម្ដង។ តួយ៉ាង ផលិតកម្ម SM Entertainment បានបង្កើតក្រុម NCT ក្នុងឆ្នាំ ២០១៦ ក្នុងរូបភាពជាបណ្ដាញក្រុមដែលតភ្ជាប់គ្នាទៅវិញទៅមក ក្រោមគោលគំនិតដែលមានសមាជិកកើនឡើងមិនចេះចប់ ឬ “Ever-expanding lineup”។
ជាក់ស្ដែង ក្រុមរងនៃ NCT មានដូចជា NCT U ដែលមានសមាជិកផ្លាស់ប្ដូរវិលជុំ NCT 127 ជាក្រុមផ្ដោតជុំវិញទីក្រុងសេអ៊ូល NCT DREAM ជាក្រុមបង្កើតឡើងសម្រាប់សមាជិកដែលមានអាយុក្មេងៗ និង WayV ជាក្រុមដែលមានគោលដៅទៅលើទស្សនិកជនដែលនិយាយភាសាចិន។ បន្ថែមពីនេះ ក៏នៅមានក្រុមរងផ្សេងទៀត រួមមាន NCT DoJaeJung, NCT WISH និង JNJM។
តាមរយៈក្រុមរងផ្សេងៗគ្នានេះ NCT បានលក់អាល់ប៊ុមចេញជាង ៤៥ លានបន្ទះនៅក្នុងប្រទេសកូរ៉េ ដែលបង្ហាញពីភាពជោគជ័យរបស់ប្រព័ន្ធក្រុមនេះ ដែលប្រៀបដូចជាម៉ាកសញ្ញាមួយ មានការកែច្នៃជាបន្តបន្ទាប់សម្រាប់តម្រូវការទីផ្សារផ្សេងៗគ្នា។

ផលិតកម្ម Modhaus ក៏កំពុងដើរលើផ្លូវស្រដៀងគ្នានេះដែរ។ ក្រុមនារី tripleS ដែលមានសមាជិក ២៤ នាក់ ត្រូវបានបង្កើតឡើងដោយផ្អែកលើក្រុមរងដែលមានសមាជិកផ្លាស់ប្ដូរវិលជុំ តាមរយៈការបោះឆ្នោតរបស់អ្នកគាំទ្រនៅលើកម្មវិធីទូរស័ព្ទដៃផ្តាច់មុខរបស់ផលិតកម្ម។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០២២ tripleS បានដំណើរការក្រុម ដោយមានការផ្លាស់ប្តូរក្រុមរងខុសៗគ្នាជាង ១៥ ក្រុមរួចមកហើយ។
ចំណែកឯ idnt ដែលជាក្រុមបុរសមកពីផលិតកម្មតែមួយនេះ ក៏បានដើរតាមវិធីសាស្រ្តដូចគ្នានេះដែរ។ ជាមួយនឹងសមាជិក ២៤ នាក់ ក្រុមនេះបង្ហាញខ្លួនដំបូងតាមរយៈក្រុមរងចំនួន ៣ បន្តបន្ទាប់គ្នា។ តាមរយៈនេះបានបង្ហាញថា សម្រាប់ក្រុម idnt ក្រុមរងលែងគ្រាន់តែជាផ្នែកបន្ថែមនៃក្រុមគោលទៀតហើយ ប៉ុន្តែវាគឺជារចនាសម្ព័ន្ធចម្បងនៃក្រុមតែម្ដង។
ជារួម ក្រុមរងដែលមានសមាជិកតិចជាងមុន ជាមួយគោលគំនិតរួមតូចជាងមុន និងប្រភេទតន្ត្រីដែលផ្ដោតចំគោលដៅច្បាស់លាស់ អាចបង្កើតស្នាដៃមួយដែលមានភាពច្បាស់លាស់ និងលេចធ្លោជាងមុន។
ជាជាងការបង្កើតក្រុមថ្មីសន្លាងជាបន្តបន្ទាប់ ក្រុមហ៊ុនក្នុងឧស្សាហកម្មខេប៉ុបកំពុងតែស្វែងរកវិធីសាស្រ្តដើម្បីធ្វើឱ្យក្រុមដែលខ្លួនមានស្រាប់ កាន់តែមានភាពស៊ីជម្រៅ សម្បូរបែប និងមានក្រុមអ្នកគាំទ្រគោលដៅច្បាស់លាស់ ដែលអាចទាញប្រយោជន៍អាជីវកម្មបានបន្ថែមមួយកម្រិតទៀត៕



















































Account
Security
Favourite Content