ដំណើរជីវិតនៃភាពជោគជ័យរបស់ក្រុមចម្រៀងបុរស ENHYPEN ត្រូវបានគេមើលឃើញថា និងប្រៀបដូចទៅនឹងរឿងនិទាន Cinderella។ មុនពេលដែលពួកគេបោះជំហានមកដល់ចំណុចកំពូលដូចសព្វថ្ងៃនេះ ក្មេងប្រុសទាំង ៧ នាក់នេះបានដើរនៅលើផ្លូវមួយដែលត្រួសត្រាយទៅដោយសម្ពាធ ការបាក់ទឹកចិត្ត និងទឹកភ្នែក។ ហើយឧបសគ្គទាំងនោះបាននៅជាប់ជាមួយពួកគេចាប់តាំងពីថ្ងៃដំបូងដែលគេជ្រើសរើសឈានជើងចូលវិស័យមួយនេះរួមមាន៖

១. សម្ពាធនៃការប្រកួតប្រជែងកម្មវិធី I-LAND

ផ្ទុយពីក្រុមខេប៉ុបទូទៅដែលហ្វឹកហាត់ជាលក្ខណៈឯកជន ក្រុម ENHYPEN ត្រូវបានបង្កើតឡើងក្នុងលក្ខខណ្ឌដ៏តឹងរ៉ឹងនៃកម្មវិធី I-LAND ដែលជាភ្នំសម្ពាធបង្កឱ្យមានការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ សមាជិកម្នាក់ៗត្រូវបង្ខំចិត្តបោះឆ្នោតជម្រុះមិត្តភក្តិខ្លួនឯងចេញដែលបង្កើតឱ្យមានអារម្មណ៍ថាមានកំហុស និងភាពតានតឹង ខណៈរាល់កំហុសបន្តិចបន្តួចរបស់ពួកគេត្រូវបានផ្សព្វផ្សាយជាសាធារណៈឱ្យមនុស្សរាប់លាននាក់មើលឃើញ និងវាយតម្លៃ។ បទពិសោធន៍នៃការស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងការភ័យខ្លាចក្នុងការបោះបង់ចោលនេះមិនត្រឹមតែជាការសាកល្បងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតស៊ូផ្នែកស្មារតីដ៏ខ្ពស់បំផុតមុនពេលពួកគេអាចឈានជើងចូលក្នុងវិស័យសិល្បៈជាផ្លូវការ។
២. ទម្ងន់សម្ពាធនៃភាពជោគជ័យភ្លាមៗ

ទោះបីជាទទួលបានជោគជ័យភ្លាមៗក្រោយការបង្ហាញខ្លួន ប៉ុន្តែ ENHYPEN ត្រូវរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីការរំពឹងទុកខ្ពស់ក្នុងនាមជាក្រុមកំពូលក្រោមការគ្រប់គ្រងរបស់ BELIFT LAB។ ពួកគេតែងតែរងការរិះគន់ថាជោគជ័យដោយសារតែឥទ្ធិពលរបស់រៀមច្បង BTS ដែលបង្ខំឱ្យសមាជិកម្នាក់ៗត្រូវខិតខំធ្វើការទ្វេដងដើម្បីបញ្ជាក់ថាភាពល្បីល្បាញរបស់ពួកគេគឺកើតចេញពីទេពកោសល្យ និងញើសឈាមពិតៗ។ លើសពីសម្ពាធផ្លូវចិត្ត ពួកគេក៏បានលះបង់កម្លាំងកាយយ៉ាងខ្លាំងសម្រាប់កាលវិភាគដ៏មមាញឹក។ ជាក់ស្ដែងកាលពីឆ្នាំ ២០២១ Heeseung បានទ្រាំសម្តែងទាំងការឈឺចាប់ក្រោយការវះកាត់ម្រាមជើងដើម្បីរក្សាស្តង់ដារនៃការសម្តែងឱ្យបានល្អបំផុតសម្រាប់អ្នកគាំទ្រ។
៣. ការបង្ហាញខ្លួនចំពេលវិបត្តិសកល

ENHYPEN បានចាប់ផ្តើមអាជីពជាផ្លូវការក្នុងខែវិច្ឆិកា ឆ្នាំ២០២០ចំពេលដែលពិភពលោកកំពុងជួបវិបត្តិជំងឺរាតត្បាត Covid-19 យ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យពួកគេត្រូវបង្ខំចិត្តសម្តែងនៅលើឆាកដ៏ស្ងប់ស្ងាត់ចំពោះតែមុខកាមេរ៉ា និងកៅអីទំនេរគ្មានអ្នកទស្សនា។ ការដែលមិនមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកគាំទ្របានក្លាយជាសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងដោយសមាជិកម្នាក់ៗបានបង្ហាញពីក្តីបារម្ភ និងសម្រក់ទឹកភ្នែកក្នុងវីដេអូឯកសារ “ENHYPEN & Hi” ព្រោះពួកគេខ្លាចថាមិនអាចបង្កើតចំណងមិត្តភាពដ៏ពិតប្រាកដជាមួយ ENGENE បាន។ ទោះបីជាត្រូវហ្វឹកហាត់ និងសម្តែងក្នុងភាពឯកោអស់រយៈពេលជិតមួយឆ្នាំក៏ដោយ ក៏ការតស៊ូជម្នះភាពភ័យខ្លាចនៃគម្លាតដាច់ឆ្ងាយពីអ្នកគាំទ្រនេះបានក្លាយជាកម្លាំងរុញច្រានឱ្យពួកគេកាន់តែខិតខំប្រឹងប្រែងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងតាមរយៈពិភពឌីជីថលវិញ។
៤. ការលះបង់ និងភាពឯកោ

ក្រៅពីសម្ពាធការងារសមាជិក ENHYPEN ត្រូវឆ្លងកាត់ការលត់ដំផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដោយសារពួកគេភាគច្រើនបានចាប់ផ្តើមអាជីពទាំងនៅវ័យក្មេងខ្ចី។ ជាពិសេស Ni-ki ដែលត្រូវចាកចេញពីប្រទេសជប៉ុនមកកាន់កូរ៉េតាំងពីអាយុ ១៣ ឬ ១៤ ឆ្នាំ និងត្រូវហែលឆ្លងភាពឯកោ បញ្ហាភាសា និងការនឹកផ្ទះរហូតស្រក់ទឹកភ្នែកស្ទើររាល់យប់។ លើសពីនេះ ដោយសារពួកគេត្រូវបានបង្កើតឡើងតាមរយៈកម្មវិធីប្រកួតប្រជែងដែលមិនមែនការហ្វឹកហាត់ជាមួយគ្នារាប់ឆ្នាំ ដូច្នេះហើយក្រុមទាំងមូលត្រូវបង្ខំចិត្តពន្លឿនការយល់ចិត្តគ្នាតាមរយៈការជម្នះជម្លោះនៃបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងការយល់ច្រឡំជាច្រើននៅពីក្រោយឆាកដើម្បីប្រែក្លាយពីអ្នកដទៃមកជាក្រុម ENHYPEN មានសាមគ្គីភាពរឹងមាំដូចពេលបច្ចុប្បន្ន។
៥. ស្រមោលនៃភាពភ័យខ្លាចចំពោះសុខភាព



សម្ពាធលើសម្ពាធ នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ សមាជិក ៦ នាក់ក្នុងចំណោម ៧ នាក់គឺ Jungwon, Heesung, Jay, Jake, Sunghoon និង Ni-ki ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានជំងឺ Covid-19 ដែលធ្វើឱ្យក្រុមទាំងមូលត្រូវផ្អាករាល់សកម្មភាពសិល្បៈភ្លាមៗ និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំពេលដែលពួកគេកំពុងត្រៀមខ្លួនសម្រាប់ Comeback ជាពេលវេលាដ៏សំខាន់បំផុត។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្កើតភាពភ័យខ្លាច និងភាពតានតឹងផ្លូវចិត្តដល់សមាជិកនោះទេ ប៉ុន្តែវាក៏បានក្លាយជាដំណាក់កាលដ៏ស្រងូតស្រងាត់មួយសម្រាប់ ENGENE ដែលរង់ចាំមើលស្ថានភាពសុខភាពរបស់អាយដលពួកគេដោយក្តីបារម្ភបំផុត។ ហេតុនេះហើយទើប ENHYPEN ពិតជាភ័យខ្លាចថាខ្លួនអាចនឹងមានជំងឺណាមួយធ្ងន់ធ្ងរម្ដងទៀតដែលធ្វើឱ្យមិនបានជួបជាមួយនឹងអ្នកគាំទ្រយ៉ាងខ្លាំង។
ដូច្នេះហើយរាល់ភាពជោគជ័យរបស់ ENHYPEN មិនមែនកើតឡើងមកដោយចៃដន្យ និងគ្រាន់ជាសំណាងដែលបានបង្ហាញក្រោមស្លាកយីហោក្រុមហ៊ុនធំនោះទេ។ ប៉ុន្តែដំណើរជីវិតនៃភាពជោគជ័យរបស់ ENHYPEN គឺជាភស្ដុតាងដែលបង្ហាញយ៉ាងច្បាស់ថាភាពល្បីល្បាញពិតប្រាកដគឺត្រូវសាងឡើងដោយការតស៊ូ ភាពអត់ធ្មត់ និងសាមគ្គីភាពដែលមិនចេះរង្គោះរង្គើ៕























Account
Security
Favourite Content