ថ្ងៃណាដែលហើមពោះ ឬមានអារម្មណ៍មិនសូវស្រួលខ្លួន អ្នកអាចសាកល្បងទទួលទានទឹកខ្ញីក្រូចឆ្មារក្តៅឧណ្ហៗមួយកែវសាកមើស៍ ព្រោះវាជាភេសជ្ជៈបែបធម្មជាតិដែលអាចធ្វើញ៉ាំបានងាយៗនៅផ្ទះ ថែមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនទៀតផង។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សម្រាប់សុខភាពទាំង ៦ ដែលអ្នកនឹងទទួលបានពីទឹកខ្ញីក្រូចឆ្មា៖
១. ជួយបំបាត់អាការហើមពោះ អាហារមិនរំលាយ
បើអ្នកញ៉ាំអាហារពេលល្ងាចច្រើនពេករហូតហើមណែនពោះ គេងមិនលក់ព្រោះមានអារម្មណ៍មិនស្រួលក្នុងខ្លួន ទឹកខ្ញីក្រូចឆ្មាអាចជួយបាន ព្រោះ ខ្ញី គឺជាថ្នាំបុរាណដែលអាចជួយសម្រាលអាការអាហារមិនរំលាយបានយ៉ាងល្អ។ចំណែកឯ ក្រូចឆ្មារក៏មានសារធាតុលីម៉ូនីន (Limonene) ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ជួយឱ្យអាការហើមពោះប្រសើរជាងមុន។
២. កាត់បន្ថយអាការក្អួតចង្អោរ
សម្រាប់អ្នកដែលមានអាការចង់ក្អួតចង្អោរ ដូចជាការពុលឡាន ក៏អាចសាកល្បងទទួលទានទឺកខ្ញីបានដែរ។ តាមការសិក្សាស្រាវជ្រាវរកឃើញថា ការញ៉ាំខ្ញីប្រហែល ១ ទៅ ១.៥ ក្រាមក្នុងមួយថ្ងៃ ឬស្មើនឹងខ្ញីស្រស់ហាន់ស្តើងៗ ៣-៥ ចំណិត ក៏អាចជួយកាត់បន្ថយអាការចង់ក្អួតចង្អោរបានដូចគ្នា។
៣. កាត់បន្ថយអាការតឹងច្រមុះ

អំឡុងរដូវរងា ឬរដូវភ្លៀង ជាញឹកញាប់ អ្នកអាចនឹងកើតមានជំងឺផ្តាសាយ តឹងច្រមុះ ហៀរសំបោរ និងឈឺកជាដើម។ ទឹកខ្ញីក្រូចឆ្មារក្ដៅឧណ្ហៗមួយកែវអាចជួយសម្រាលអាការទាំងនេះបានយ៉ាងល្អ ព្រោះចំហាយទឹកក្តៅដែលហុយចេញពីកែវនឹងជួយធ្វើឱ្យច្រមុះអ្នកស្រឡះជាងមុន កាត់បន្ថយការតឹងច្រមុះ និងដកដង្ហើមបានស្រួល។
ចំណែកទឹកក្តៅឧណ្ហៗក៏ជួយសម្រាលអាការឈឺក និងស្លេស្មដែលកកស្ទះ។ ទោះបីជាវាមិនបានព្យាបាលផ្តាសាយឱ្យជាដាច់ ១០០ ភាគរយ ប៉ុន្តែវាជួយឱ្យអ្នកមានអារម្មណ៍ស្រួលខ្លួន កាត់បន្ថយការតឹងច្រមុះ និងធ្វើឱ្យគេងលក់បានស្រួល។
៤. កាត់បន្ថយអាការទល់លាមក
អាការទល់លាមកអាចកើតឡើងពីមូលហេតុច្រើនយ៉ាង ប៉ុន្តែមូលហេតុចម្បងដែលជួបញឹកញាប់គឺ ការខ្វះជាតិទឹក និងការញ៉ាំអាហារដែលមានកាកសរសៃតិច។ ក្នុងករណីការទល់លាមកនេះមកពីការខ្វះជាតិទឹក ការញ៉ាំទឹកខ្ញីក្រូចឆ្មារក្តៅឧណ្ហៗក៏អាចជួយបាន ព្រោះទឹកជួយឱ្យប្រព័ន្ធបញ្ចេញចោលដំណើរការបានល្អ ដែលធ្វើឱ្យលាមកអាចផ្លាស់ទីតាមពោះវៀនបានងាយស្រួល។ ប៉ុន្តែក្នុងករណីដែលអ្នកមានអាការទល់លាមករ៉ាំរ៉ៃ ដូចជា បន្ទោរបង់តិចជាង ៣ ដងក្នុងមួយសប្តាហ៍ ឬមានឈាមលាយក្នុងលាមក អ្នកគួរទៅជួបគ្រូពេទ្យដើម្បីពិគ្រោះយោបល់។
៥. កាត់បន្ថយការរលាកក្នុងរាងកាយ

Gingerol ដែលជាសារធាតុសំខាន់ក្នុងខ្ញី មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងរ៉ាឌីកាល់សេរី ជួយកាត់បន្ថយការរលាកក្នុងរាងកាយដែលអាចនាំទៅរកជំងឺផ្សេងៗ ដូចជា ជំងឺបេះដូង មហារីក ឬជំងឺអាល់ហ្សៃមឺរ (Alzheimer’s)។
យ៉ាងណាមិញ បច្ចុប្បន្ននៅមិនទាន់មានការសិក្សាច្បាស់លាស់ថា គួរបរិភោគទឹកខ្ញីក្នុងបរិមាណប៉ុនណា ទើបអាចទទួលបានប្រយោជន៍ក្នុងផ្នែកនេះគ្រប់គ្រាន់នោះទេ។
៦. បន្ថែមសំណើមដល់រាងកាយ
ការញ៉ាំទឹកខ្ញីក្រូចឆ្មា ក៏ជាការញ៉ាំទឹកដូចគ្នា ដែលរាងកាយត្រូវការទឹកដើម្បីឱ្យសរីរាង្គផ្សេងៗដំណើរការបានល្អ ដូចជា តម្រងនោម ពោះវៀន និងបេះដូងជាដើម។ មនុស្សភាគច្រើនញ៉ាំទឹកមិនបានគ្រប់គ្រាន់ទេ។ ជាពិសេសអ្នកដែលមិនចូលចិត្តញ៉ាំទឹកសុទ្ធ។ ដូច្នេះ ការញ៉ាំទឹកខ្ញីក្រូចឆ្មារ គឺជាជម្រើសដ៏ល្អមួយ ព្រោះវាមានរសជាតិឈ្ងុយ ជូរ ផ្អែម ងាយស្រួលញ៉ាំ ធ្វើឱ្យរាងកាយទទួលបានជាតិទឹកតាមវិធីសាស្រ្តមួយទៀត។
រូបមន្តការធ្វើទឹកខ្ញីក្រូចឆ្មារ
សម្រាប់រូបមន្តឆុងទឹកខ្ញីក្រូចឆ្មារនៅផ្ទះងាយៗ អ្នកគ្រាន់តែត្រូវការខ្ញីស្រស់ ២ចំណិត មិនស្ដើងពេក មិនក្រាស់ពេក ដាក់ត្រាំក្នុងទឹកក្តៅ រួចបន្ថែមដោយក្រូចឆ្មារស្រស់មួយចំណិត។ បើអ្នកចូលចិត្តផ្អែម ក៏អាចបន្ថែមទឹកឃ្មុំបន្តិចបន្តួចតាមចំណូលចិត្ត តែកុំច្រើនពេក។ ធ្វើដូច្នេះ អ្នកនឹងទទួលបានទឹកខ្ញីក្លិនឈ្ងុយមួយកែវ ពេញដោយអត្ថប្រយោជន៍រួចជាស្រេច៕



























Account
Security
Favourite Content