នៅក្នុងកម្មវិធីផតខាស Call Her Daddy ជាមួយ Alex Cooper ដែលទើបតែចេញផ្សាយកាលពីថ្ងៃទី២៨ ខែមករានេះ តារាចម្រៀងស្រីពោរពេញដោយសមត្ថភាព Rosé បានទម្លាយរឿងរ៉ាវស៊ីជម្រៅអំពីអនាគតរបស់ក្រុម BLACKPINK និងមូលហេតុដែលមិនទាន់ហ៊ានធ្វើកម្មវិធីប្រគំតន្រ្តីទោល។

តារាស្រីវ័យ ២៨ឆ្នាំបានបើកចិត្តថា សមាជិកទាំង ៤ នាក់ រួមមាន Jennie, Jisoo, Lisa និងខ្លួននាងផ្ទាល់ ធ្លាប់បានពិភាក្សាគ្នាដោយត្រង់ទៅត្រង់មកអំពីបញ្ហានៃការរំសាយក្រុម ដែលនាងរីករាយនឹងទទួលយកការសម្រេចចិត្តរបស់សមាជិកម្នាក់ៗ។
Rosé រៀបរាប់ថា៖ “ខ្ញុំគិតថា ប្រសិនបើម្នាក់ក្នុងចំណោមពួកយើងមានអារម្មណ៍ថា វាមិនមែនជាពេលវេលាដែលត្រឹមត្រូវ ឬមិនសមស្របទៀតទេ ពួកយើងនឹងយល់ព្រមតាម។ រឿងនេះវាដូចជាទំនាក់ទំនងផ្សេងៗទៀតដែរ ប្រសិនបើមានម្នាក់មិនចង់បន្តធ្វើអ្វីមួយ យើងគ្រាន់តែត្រូវគោរពការសម្រេចចិត្តនោះ”។
“BLACKPINK គឺជាក្រុមដែលមានសមាជិកតែ ៤ នាក់ប៉ុណ្ណោះ។ ដូច្នេះរឿងដំបូងដែលពួកយើងត្រូវធ្វើ គឺមិនមើលរំលងការសម្រេចចិត្តរបស់អ្នកណាម្នាក់។ ពួកយើងជឿជាក់ថា រាល់ការសម្រេចចិត្តណាមួយដែលចេញពីយើង គឺជាអ្វីដែលល្អបំផុតសម្រាប់សមាជិកម្នាក់ៗ” នាងបន្តដូច្នេះ។

បន្ថែមពីនេះ Rosé ក៏បាននិយាយអំពីការរំពឹងទុករបស់អ្នកគាំទ្រដែលចង់ឃើញនាងមានកម្មវិធីប្រគំតន្ត្រីទោល ដោយសារភាពថា នាងនៅមិនទាន់ត្រៀមខ្លួនរួចរាល់ឡើយ ហើយត្រូវការពេលវេលាបន្ថែមទៀត។
ម្ចាស់បទ APT. និយាយថា៖ “ខ្ញុំមានអារម្មណ៍ថា ការដែលយើងនឹងបង្កើតពិភពលោកទាំងមូលនៅលើឆាកតន្ត្រី គឺ ត្រូវប្រើពេលវេលាច្រើនបន្តិច។ ពេលនេះ ខ្ញុំទើបតែមាន ១២ បទប៉ុណ្ណោះ។ ទើបគិតថា វាមិនទាន់គ្រប់គ្រាន់ក្នុងការបង្កើតស្នាដៃខ្នាតធំឱ្យអ្នកគ្រប់គ្នាទៅមើលបាននៅឡើយទេ”។
យ៉ាងណាមិញ តារាស្រីបានបង្ហើបដំណឹងល្អថា៖ “ប៉ុន្តែវានឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ នៅពេលដែលអាល់ប៊ុមទី២ ឬបទចម្រៀងថ្មីៗទៀតចេញផ្សាយ។ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកគ្រប់គ្នាអត់ធ្មត់រង់ចាំបន្តិច ព្រោះនៅពេលដែលខ្ញុំធ្វើវាមែនទែន ខ្ញុំប្រហែលជាស្រឡាញ់វាខ្លាំង រហូតចង់ធ្វើវាឱ្យបានយូរអង្វែង។ ដូច្នេះ ខ្ញុំមិនចង់ឱ្យផ្ដល់បទពិសោធន៍មិនល្អដល់អ្នកគាំទ្រនៅពេលមកមើលខ្ញុំទេ”៕
























Account
Security
Favourite Content