ឆ្នាំ ២០២៥ នេះ អ្នកនិយមទស្សនាភាពយន្តភាគកូរ៉េខាងត្បូង មិនខ្វះរឿងមើលទេ ដោយប៉ុស្តិ៍ទូរទស្សន៍ និងវេទិកាស្ទ្រីមបានបន្តចេញភាពយន្តភាគជាច្រើនចំណងជើងបន្តកន្ទុយគ្នា។ ទន្ទឹមគ្នានេះ កាលពីខែតុលា កន្លងទៅ Joy News បានប្រមូលអ្នកជំនាញក្នុងឧស្សាហកម្មកម្សាន្តចំនួន ១១០នាក់ មិនថាបុគ្គលិកពីក្រុមហ៊ុនកម្សាន្ត និងផ្សព្វផ្សាយ ក៏ដូចជាអ្នកធ្វើការក្នុងវិស័យភាពយន្ត ឱ្យមកជ្រើសរើសភាពយន្ដដែលពួកគេចូលចិត្តបំផុតក្នុងឆ្នាំ ២០២៥។
ហើយខាងក្រោមនេះ គឺជាលទ្ធផលនៃភាពយន្តភាគដែលអ្នកជំនាញបានបោះឆ្នោតថាជារឿងល្អមើលបំផុតប្រចាំឆ្នាំ ២០២៥៖
១. When Life Gives You Tangerines

When Life Gives You Tangerines បានក្លាយជាជើងឯកសម្រាប់ឆ្នាំនេះ ជាមួយនឹងសំឡេងគាំទ្រសរុប ៤៨សំឡេង។ ភាពយន្តភាគរបស់ Netflix នេះ បានផ្ដោតទៅលើជីវិតផ្សងព្រេងរបស់ Ae Soon សម្តែងដោយ IU និង Gwan Shik សម្ដែងដោយ Park Bo Gum និទានចេញជា ៤ រដូវកាលផ្សេងគ្នា។
មានសរុប ១៦ភាគ ភាពយន្តភាគនេះ បានទាញទឹកភ្នែករបស់ទស្សនិកជននៅជុំវិញពិភពលោកឱ្យស្រក់ចុះ ខណៈអ្នកជំនាញក៏បានសរសើរថា នេះជារឿងភាគដ៏រំជួលចិត្តប្រចាំឆ្នាំ ដែលកប់ជ្រៅក្នុងអារម្មណ៍របស់មនុស្ស។
២. Bon Appétit, Your Majesty

Bon Appétit, Your Majesty ទទួលបានចំណាត់ថ្នាក់លេខ ២ ជាមួយនឹងសំឡេងឆ្នោត ១៨សំឡេង។ រឿងស្នេហាអភិនិហារនេះ និយាយពីមេចុងភៅ Yeon Ji-yeong សម្ដែងដោយ YoonA ដែលបានធ្វើដំណើរឆ្លងពេលវេលាទៅកាន់រាជរង្ស Joseon ហើយបានជួបជាមួយស្តេច Yi Heon សម្ដែងដោយ Lee Chae Min។
បើទោះបីជាបានជួបបញ្ហា ត្រូវផ្លាស់ប្ដូរតួប្រុសជាបន្ទាន់ក្ដី តែភាពយន្តនេះនៅតែធ្វើបានល្អ និងទទួលបានជោគជ័យ ជាមួយនឹងចំនួនអ្នកទស្សនាខ្ពស់បំផុត ១៧.១ភាគរយសម្រាប់ភាគបញ្ចប់។ អ្នកជំនាញក្នុងឧស្សាហកម្មកម្សាន្តបានលើកសរសើរពីភាពប៉ិនប្រសប់នៃការរួមបញ្ចូលគ្នានូវប្រវត្តិសាស្ត្រ អភិនីហារឆ្លងពេលវេលា និងមុខម្ហូបរបស់កូរ៉េនៅក្នុងភាពយន្តតែមួយ។
៣. The Trauma Code: Heroes on Call

ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៣ The Trauma Code: Heroes on Call ទទួលបានសំឡេងឆ្នោតចំនួន ១០។ ភាពយន្តភាគបែបវេជ្ជសាស្រ្តលាយឡំនឹងភាពកំប្លែងនេះ សម្តែងដោយ Ju Ji Hoon ដើរតួជា Baek Kang Hyuk ដែលជាគ្រូពេទ្យវះកាត់ដ៏ប៉ិនប្រសប់ម្នាក់មកពីសមរភូមិប្រយុទ្ធ មានតួនាទីធ្វើឱ្យមជ្ឈមណ្ឌលព្យាបាលដែលខ្លួនប្ដូរមកនោះអាចបើកដំណើរការបន្ត។
ភាពយន្តនេះ មានភាពលេចធ្លោទៅលើភាពជាក់ស្ដែងនៃផ្នែកវេជ្ជសាស្ត្រ និងការខិតខំសង្គ្រោះអ្នកជំងឺ ខណៈមានភាពកំប្លុកកំប្លែងដើរទន្ទឹមគ្នា។ ការឆ្លើយតបល្អនេះ បានធ្វើឱ្យ The Trauma Code: Heroes on Call ទទួលបានឱកាសផលិតរដូវកាលទី ២ និងទី ៣បន្ថែមទៀត។
៤. You and Everything Else

ជាស្នាដៃដ៏ល្អឯករបស់ Kim Go Eun និង Park Ji Hyun ប្រចាំឆ្នាំ ២០២៥ You and Everything Else ទទួលបានសំឡេងឆ្នោតចំនួន ៩ ឈរក្នុងលំដាប់លេខ ៤។
រឿងនេះបានបង្ហាញពីមិត្តភាពចាប់ពីវ័យជំទង់ដល់វ័យខ្ទង់ ៤០ឆ្នាំរបស់តួអង្គ Yoo Eun-jung និង Cheon Sang-yeon ដោយអ្នកជំនាញបានសរសើរពីការសម្ដែងដូចពិតរបស់ Kim Go Eun និង Park Ji Hyun អាចបង្ហាញអារម្មណ៍ស្មុគស្មាញ និងស៊ីជម្រៅនៃមិត្តភាព ការច្រណែន ការយល់ច្រឡំ និងការទទួលយកការពិត។
៥. Our Unwritten Seoul

រឿងភាគមួយទៀតដែលត្រូវបានសរសើរទៅលើសមត្ថភាពសម្ដែងរបស់តួអង្គ គឺរឿង Our Unwritten Seoul ដែលបានជាប់លេខ ៥ ជាមួយសំឡេងឆ្នោតចំនួន ៧សំឡេង។ នៅក្នុងរឿងនេះ Park Bo Young បានដើរតួជាបងប្អូនភ្លោះ Yoo Mi Ji និង Yoo Mi Rae ដែលមានមុខមាត់ដូចគ្នាបេះបិទ តែមានចរិត និងចំណូចចិត្តខុសគ្នាស្រឡះ។
បន្ថែមពី ៥ចំណងជើងខាងលើ រឿងភាគដែលអ្នកជំនាញបានលើកឡើងផ្សេងទៀត មានដូចជារឿង Doubt ដែលទទួលបាន ៣សំឡេង ខណៈរឿង Light Shop, Queen Mantis, Resident Playbook, Squid Game រដូវកាលទី ២ និងទី ៣ ទទួលបាន ២សំឡេងដូចគ្នា៕


























Account
Security
Favourite Content