Ariana Grande បានចេញមកដាស់តឿនដល់អ្នកប្រើប្រាស់អ៊ីនធឺណិតសាជាថ្មី ខណៈពេលដែលតារាស្រីប្រឈមមុខនឹងការរិះគន់លើរូបរាងកាយម្ដងទៀត នៅគ្រាដែលកំពុងផ្សព្វផ្សាយភាពយន្តរឿង Wicked: For Good។

នៅដើមខែធ្នូ នេះ Ariana Grande បានចែករំលែកវីដេអូនៅលើ Instagram Story ដែលជាវីដេអូកិច្ចសម្ភាសន៍ជាមួយនឹងដៃគូសម្ដែង Cynthia Erivo តាំងតែពីឆ្នាំ ២០២៤ ខណៈនាងបានសរសេរសំណេរខ្លីភ្ជាប់មកជាមួយថា៖ “ខ្ញុំសុំចែករំលែកវីដេអូពីឆ្នាំមុនម្ដងទៀត។ សូមចាត់ទុកថា វាគឺជាការដាស់តឿនដោយក្ដីស្រឡាញ់ពីខ្ញុំទៅកាន់អ្នកទាំងអស់គ្នា”។
ជាក់ស្ដែង នៅក្នុងវីដេអូនេះតារាស្រីវ័យ ៣២ឆ្នាំបាននិយាយថា៖ “ខ្ញុំបានឮមកគ្រប់បែបទាំងអស់ ពីអ្វីដែលខុសប្រក្រតីទាក់ទងនឹងខ្ញុំ។ នៅពេលដែលយើងព្យាយាមកែវា វានឹងមានហេតុផលផ្សេងទៀត ដែលធ្វើឱ្យរឿងនោះក្លាយជាបញ្ហាផ្សេងមួយទៀត”។


តារាចម្រៀង និងតារាសម្ដែងរូបនេះបាននិយាយដោយស្មោះត្រង់ថា៖ “វាគឺជារឿងមួយដែលធ្វើឱ្យយើងអត់សប្បាយចិត្តទេ មិនថារឿងដែលយើងជួបនោះវាធំដុំ ឬតូចតាចប៉ុណ្ណា។ នៅក្នុងសង្គមបច្ចុប្បន្ន វាមានភាពសុខស្រួលមួយដែលមិនគួរឱ្យកើតមាននោះទេ នោះគឺការបញ្ចេញមតិលើមុខមាត់ រូបរាង បញ្ហាដែលអ្នកដទៃកំពុងតែជួបប្រទះ និងរឿងសុខភាពរបស់គេជាដើម។ ខ្ញុំយល់ថា ទង្វើនេះជាអ្វីដែលអាចនាំគ្រោះថ្នាក់ដល់ភាគីពាក់ព័ន្ធទាំងអស់”។
រំឭកដល់ឆ្នាំ ២០២៣ Ariana Grande ក៏ធ្លាប់បានលើកយករឿងនេះមកនិយាយនៅលើ TikTok ម្ដងដែរ ក្រោយមានមនុស្សជាច្រើននាំគ្នាយករូបថតរបស់នាងនៅគ្រានោះ ទៅប្រៀបធៀបជាមួយនឹងរូបភាពកាលពី ២ ទៅ៣ឆ្នាំមុន ដោយអះអាងថា រូបកាលពី ២ ទៅ ៣ឆ្នាំនេះ គឺជាពេលដែលនាងមានសុខភាពល្អ។

យ៉ាងណាមិញ តារាស្រីបានបញ្ជាក់ថា រូបដែលគ្រប់គ្នាគិតថា នាងមានសុខភាពល្អនោះ តាមពិតគឺជាពេលវេលាដ៏លំបាកបំផុតនៅក្នុងជីវិតរបស់នាង ទាំងត្រូវប្រើថ្នាំព្យាបាលជំងឺធ្លាក់ទឹកចិត្ត និងផឹកស្រា ប៉ុន្តែមនុស្សគិតថា នាងមានសុខភាពល្អ ទាំងដែលរឿងនេះមិនមែនជាការពិតឡើយ។
Ariana Grande ចែករំលែកពីការយល់ឃើញផ្ទាល់ខ្លួនថា៖ “យើងគួរតែធ្វើជាមនុស្សដែលមានចិត្តល្អឱ្យច្រើនជាងមុន ហើយមានអារម្មណ៍សប្បាយឱ្យតិចជាងមុនជាមួយនឹងការបញ្ចេញមតិលើរូបរាងរបស់អ្នកដទៃ។ ប្រសិនបើអ្នកគិតថា អ្នកកំពុងនិយាយអ្វីដែលល្អ ឬមានគោលបំណងល្អ មិនថានិយាយឱ្យគេថា សុខភាពល្អ សុខភាពខ្សោយ រាងធំ តូច អ្នកមិនគួរនិយាយវាទាល់តែសោះ ហើយវាគឺជារឿងដែលយើងគួរតែបញ្ឈប់”៕


























Account
Security
Favourite Content