កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Netflix បានបង្ហាញរបាយការណ៍ប្រាក់ចំណូលពីខែមេសាដល់ខែមិថុនា ដោយក្នុងត្រីមាសចុងក្រោយនេះពួកគេទទួលបានប្រាក់ចំណេញសុទ្ធ 3.1 ពាន់លានដុល្លារ ខណៈប្រាក់ចំណូលសរុបគឺ 11.08 ពាន់លានដុល្លារ លើសពីការព្យាករណ៍របស់អ្នកវិភាគដែលមានចំនួន 11.07 ពាន់លានដុល្លារ។ ធៀបនឹងត្រីមាសទីពីរដូចគ្នាកាលពីឆ្នាំមុន ប្រាក់ចំណូលនេះមានការកើនឡើង 16%។

គួរបញ្ជាក់ថា ក្រុមហ៊ុន Netflix បានចេញផ្សាយរដូវកាលទី 3 និងជារដូវកាលចុងក្រោយនៃរឿងភាគកូរ៉េ “Squid Game” រយៈពេលបីថ្ងៃមុនពេលត្រីមាសទីពីរបានបញ្ចប់នៅក្នុងខែមិថុនា។ ភាពយន្តភាគនេះគឺជាមាតិកាមិននិយាយភាសាអង់គ្លេសរបស់ Netflix ដែលពេញនិយមបំផុតនៅក្នុងប្រវត្តិសាស្រ្ត ស្របពេលរដូវកាលទី 3 នេះអាចទទួលបានការចូលទស្សនាសរុប 122 លានដង។
ភាពយន្តពេញនិយមផ្សេងទៀតដែលបានចេញផ្សាយក្នុងត្រីមាសកន្លងទៅនេះរួមមានរឿងភាគអាមេរិក “Sirens”, “The Four Seasons” និងរដូវកាលទីបីនៃរឿងភាគ “Ginny & Georgia” ។
ក្រុមហ៊ុនដែលជាអ្នកនាំមុខគេក្នុងវិស័យ Streaming មួយនេះបាននិងកំពុងបង្កើតសេវាកម្មដែលគាំទ្រការផ្សាយពាណិជ្ជកម្មដើម្បីបង្កើនប្រាក់ចំណូល ហើយក៏បានបន្ថែមនូវព្រឹត្តិការណ៍ផ្សាយផ្ទាល់ ដូចជាកម្មវិធីកីឡាកាស WWE ដើម្បីទាក់ទាញអ្នកផ្សាយពាណិជ្ជកម្ម និងអ្នកទស្សនា។
សម្លឹងទៅមុខ Netflix ព្យាករថា ក្នុងត្រីមាសបន្ទាប់ ពួកគេនឹងអាចទទួលបានប្រាក់ចំណូល 11.5 ពាន់លានដុល្លារ និងប្រាក់ចំណេញសុទ្ធជិត 3 ពាន់លានដុល្លារ ជាមួយគម្រោងចេញផ្សាយភាពយន្តភាគកំពូលល្បីពីររឿង រួមមាន “Wednesday” ត្រៀមចេញរដូវកាលថ្មីក្នុងខែសីហា និងរឿងភាគ “Stranger Things” ត្រៀមចេញរដូវកាលចុងក្រោយក្នុងខែវិច្ឆិកា និងធ្នូ។
ទន្ទឹមនោះ ក្រុមហ៊ុនបានបង្កើនគោលដៅប្រាក់ចំណូលប្រចាំឆ្នាំ 2025 ពីចន្លោះ 44.8 ពាន់លានដុល្លារដល់ 45.2 ពាន់លានដុល្លារ ដោយផ្អែកលើការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិក បូករួមនឹងកំណើនការជាវសមាជិកថេរ និងកំណើនការលក់ការផ្សាយពាណិជ្ជកម្ម ៕



























Account
Security
Favourite Content