អ្នកលេងហ្គីតាឱ្យ Olivia Rodrigo បានប្រាប់ថា Olivia Rodrigo គឺជា ចៅហ្វាយក្នុងក្ដីសុបិនរបស់ខ្លួន ក៏ព្រោះតែតារាចម្រៀងរូបនេះបានគិតគូរដល់សុខភាពផ្លូវចិត្ត ចំណាយលុយផ្ទាល់ខ្លួនឱ្យក្រុមការងារអាចទៅព្យាបាលជាមួយនឹងពេទ្យជំនាញបានដោយឥតគិតថ្លៃ។

ដំណឹងខាងលើនេះបានចែកចាយនៅក្នុងកម្មវិធីផតខាស The Stage Left ដោយមានការចូលរួមពី Daisy Spencer ដែលជាអ្នកលេងហ្គីតាឱ្យតារាស្រី Olivia Rodrigo ផ្ទាល់នៅក្នុងដំណើរប្រគំតន្រ្តីរបស់នាង។ ជាក់ស្ដេង សមាជិកក្រុមតន្រ្តីរូបនេះបានរៀបរាប់ថា តារាស្រីវ័យ ២២ឆ្នាំ និងអ្នកគ្រប់គ្រងឈ្មោះ Marty Hom បានចំណាយលុយហោប៉ៅឯង ឱ្យក្រុមការងារទាំងអស់អាចទៅព្យាបាលសុខភាពផ្លូវចិត្តរបស់ខ្លួន។
តន្ត្រីកររូបខាងលើ បានចែកអារម្មណ៍ផ្ទាល់ខ្លួនថា៖ “ខ្ញុំមិនដែលទទួលបានបទពិសោធន៍បែបនេះពីមុនមកទេ។ វាបានធ្វើឱ្យខ្ញុំដឹងពីសារៈសំខាន់នៃសុខភាពផ្លូវចិត្តម្តងទៀត ក្រោយពីខ្ញុំបានទុកវាចោលមកអស់មួយរយៈធំ។ ខ្ញុំទៅជួបពេទ្យមួយសប្ដាហ៍ម្ដង ២សប្ដាហ៍ម្ដង ឬពេលណាក៏បានដែរ។ បើទោះបីជាពេលនោះ Olivia Rodrigo មិនមានការងារអ្វី ក៏ខ្ញុំនៅតែអាចទៅរកពេទ្យបានដោយឥតគិតថ្លៃ”។

គួរឱ្យដឹងផងដែរថា តន្ត្រីករគឺជាក្រុមមនុស្សដែលងាយជួបនឹងបញ្ហាសុខភាពផ្លូវចិត្តជាងអ្នកដទៃ ក៏ព្រោះតែសម្ពាធផ្នែកហិរញ្ញវត្ថុ ម៉ោងការងារដែលផ្លាស់ប្ដូរច្រើន ភាពឯកា និងការឃ្លាតឆ្ងាយពីគ្រួសារ រហូតមានអ្នកខ្លះបានឈានដល់ការប្រើប្រាស់សារធាតុញៀន។
សកម្មភាពរបស់ម្ចាស់បទ Driver License គឺជាសកម្មភាពវិជ្ជមានមួយពេញដោយសារៈសំខាន់ ដែលអាចបង្កើតស្ដង់ដារការងារថ្មីសម្រាប់ឧស្សាហកម្មតន្ត្រី និងជាជំនួយដ៏សំខាន់មួយសម្រាប់ក្រុមការងារទាំងមូល៕
























Account
Security
Favourite Content