«កំហឹងធ្មប់» ដែលជារឿងភាគខ្នាតធំមួយទៀតរបស់តារាសម្ដែងស្រីកំពុងឡើងកូដស្រឺតៗ Melia Constantin និងកំលោះសង្ហា ដេវីត អ៊ឹងហាវ កូនខ្មែរកាត់សិង្ហបុរី បានសម្ពោធជាផ្លូវការហើយ កាលពីល្ងាចថ្ងៃ ១១ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ។


នាថ្ងៃសម្ពោធខ្សែភាពយន្តជាផ្លូវការរបស់ផលិតកម្ម Mediaload Poctures ដែលជាភាពយន្តបែបរន្ធត់ ព្រឺព្រួច និងមានរសជាតិថ្មី រហូតអ្នកទស្សនារួចលាន់មាត់សរសើរថា ល្អសឹងតែគ្រប់គ្នា ព្រោះ «កំហឹងធ្មប់» បានចំណាយដើមទុនផលិតរហូតទៅដល់ ៣០ ម៉ឺនដុល្លារ ហើយបានសម្រិតសម្រាំងយ៉ាងពិសេស។
ខណៈដែល «កំហឹងធ្មប់» ជារឿងដំបូងរបស់ Mediaload Poctures ម្ចាស់ផលិតកម្ម អ៊ិន វិចិត្រ បានចេញមកបញ្ជាក់ច្បាស់ៗថា ជាភាពយន្តដែលចេញពីគំនិតខ្លួនលោកផ្ទាល់ ព្រោះចូលចិត្តខ្សែភាពយន្តបែបរន្ធត់។ មុនចាក់បញ្ចាំងផ្លូវការ រឿង «កំហឹងធ្មប់» នេះដែរ ធ្លាប់បានចាក់ផ្សាយសាកល្បង ៣ ដង សម្រាប់ហ្វេនៗ ៣០០ នាក់រួចមកហើយ។

ក្រោយទទួលបានការវាយតម្លៃខ្ពស់ ពីសំណាក់អ្នកគាំទ្ររួចមកលោក អ៊ិន វិចិត្រ បានឲ្យដឹងថា រឿងទី១របស់ Mediaload Poctures មានគុណភាពល្អ ហើយបើតាមគំនិតលោក ពេលទទួលបានការគាំទ្រក្នុងស្រុកខ្លាំង «កំហឹងធ្មប់» ក៏ស័ក្ដិសមក្នុងការនាំចេញទៅចាក់បញ្ចាំងនៅក្រៅប្រទេសផងដែរ។ តែចាំមើលការវាយតម្លៃក្នុងស្រុកបន្តទៀតសិន ក្រោយចាក់បញ្ចាំងរួចរាល់។
ទីផ្សារបរទេសដែល លោក អ៊ិន វិចិត្រ មើលឃើញសម្រាប់នាំចេញមានប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានភាពពេញនិយមប្រភេទរឿង Horror ហើយប្រទេសបន្ទាប់គឺសិង្ហបុរី ទីកន្លែងដែលតួឯកប្រុស ដេវីត រស់នៅជាង ១០ ឆ្នាំ។ គោលដៅបន្តទៀតមានដូចជាហ្វីលីពីន មីយ៉ាន់ម៉ា ឡាវ។ ចំណែកគោលដៅធំមួយទៀត គឺលក់ទៅឲ្យ Netflix ជា platform ដ៏ធំផងដែរ។

គួរបញ្ជាក់ផងដែរថា កូនកាត់បារាំង-ខ្មែរ មាលា រួមជាមួយកំលោះសង្ហា ដេវីត បានបង្ហាញរូបភាពកម្មវិធីក្រុងពាលីរឿង “កំហឹងធ្មប់” កាលពីចុងខែ ១០ ឆ្នាំ ២០២៤ កន្លងទៅ ហើយភាពយន្តរន្ធត់ថ្មីនេះដែរនឹងត្រូវចាក់ផ្សាយនាថ្ងៃ ១៨ ខែមិថុនា ឆ្នាំ ២០២៥ គ្រប់បណ្ដារោងកុនទាំងអស់ក្នុងរាជធានីភ្នំពេញ និងរោងភាពយន្តតាមបណ្ដាខេត្តមួយចំនួនទៀតក៏នឹងចាក់ផ្សាយផងដែរ៕


















រូបភាព៖ ផ្ដល់ឲ្យ និង Mediaload Poctures























































Account
Security
Favourite Content