នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥នេះ វិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានចេញផ្សាយរបាយការណ៍គោលនយោបាយថ្មីមួយ ដើម្បីអំពាវនាវឱ្យមានការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងហួសកម្រិតនៅកម្ពុជា។ គោលនយោបាយនេះមានចំណងជើងថា «ការពង្រឹងទិដ្ឋភាពទូទៅនៃគោលនយោបាយនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការទទួលទានគ្រឿងស្រវឹងហួសកម្រិត» ឬ Developing a Policy Landscape in Cambodia to Combat Harmful Alcohol Consumption ដោយមានរៀបរាប់អំពីវិធានការទប់ស្កាត់ការបើកបរក្នុងស្ថានភាពស្រវឹង ការពិសាគ្រឿងស្រវឹងទាំងមិនទាន់គ្រប់អាយុ ការលើកកម្ពស់ការយល់ដឹងអំពីកម្រិតជាតិអាល់កុល (ជាតិអាល់កុលក្នុងគ្រឿងស្រវឹង) និងទប់ស្កាត់ការជួញដូរគ្រឿងស្រវឹងខុសច្បាប់។

ទីផ្សារគ្រឿងស្រវឹងនៅកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្ន ស្រាបៀរមានអ្នកពិសារហូតដល់ទៅ ៩៦% នៃគ្រឿងស្រវឹងទូទាំងប្រទេស។ ស្របពេលដែលវិស័យគ្រឿងស្រវឹងនេះបានរួមចំណែកដល់សេដ្ឋកិច្ចយ៉ាងធំធេង ពោលគឺស្មើនឹង ១.១ ប៊ីលានដុល្លារសហរដ្ឋអាមេរិក និងកំពុងកើនឡើងជាលំដាប់ ប៉ុន្តែទន្ទឹមនឹងនោះក៏នៅមានការព្រួយបារម្ភអំពីផលប៉ះពាល់លើទម្លាប់ទទួលទានហួសកម្រិត ជាពិសេសការបើកបរក្នុងស្ថានភាពស្រវឹង ការពិសាច្រើនលើសលប់ និងការពិសាគ្រឿងស្រវឹងដែលខុសច្បាប់។ របាយការណ៍គោលនយោបាយនេះ បានផ្ដល់នូវអនុសាសន៍ផ្អែកលើភស្ដុតាងដើម្បីបំពេញកង្វះគោលនយោបាយ និងគាំពារសុខភាពសាធារណៈ។
បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចនៅទ្វីបអាស៊ី ដែលពុំទាន់មានកំណត់អាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ (Minimum Legal Purchasing Age) នៅឡើយទេ។ កង្វះទាំង នេះបានធ្វើឱ្យយុវជនងាយទទួលរងគ្រោះដោយសារគ្រឿងស្រវឹង។ ជាក់ស្ដែង ប្រមាណជា ២៥.៨% នៃយុវជនអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំនៅកម្ពុជា ត្រូវបានរាយការណ៍ថាមានការពិសាគ្រឿងស្រវឹងច្រើនលើសលប់ (Heavy Episodic Drinking) ធៀបនឹង ៣០.៩% នៅប្រទេសវៀតណាម និង ២១.៦% នៅប្រទេសថៃ។ បើទោះបីជាយុវជនកម្ពុជាមិនសូវទទួលទានគ្រឿងស្រវឹងញឹកញាប់ក៏ដោយ ប៉ុន្តែពាក់កណ្ដាលនៃអ្នកទទួលទានសរុបក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយ នេះត្រូវបានរាយការណ៍ថាបានទទួលទានរហូតដល់ស្រវឹងខ្លាំងយ៉ាងហោចម្ដង។ ចំពោះក្រុមយុវជនអាយុដដែលនេះ អត្រាទទួលទានហួសកម្រិតរបស់មនុស្សប្រុស មានខ្ពស់ជាងមនុស្សស្រី។ របាយការណ៍នេះក៏បានជំរុញឱ្យមានការបង្កើតគោលនយោបាយថ្នាក់ជាតិស្ដីពីអាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ (MLPA) ដែលជាទូទៅនៅលើពិភពលោកគឺ ១៨ ឆ្នាំ ដើម្បីអាចពន្យារពេលចាប់ផ្ដើមទទួលទានគ្រឿងស្រវឹងរបស់យុវជន និងកាត់បន្ថយផលប៉ះពាល់ដល់ពួកគេ ជាមួយនឹងការគាំទ្រឱ្យមានគោលនយោបាយការគ្រប់គ្រងការលក់គ្រឿងស្រវឹងផងដែរ។ មួយវិញទៀត សេចក្តីព្រាងអនុក្រឹត្យស្តីពីអាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ ក៏កំពុងធ្វើការចែកចាយ ដើម្បីជួយជំរុញឱ្យមានកំណែទម្រង់កាន់តែឆាប់រហ័ស។

របាយការណ៍នេះផងដែរ ក៏បានបង្ហាញនូវភាពចាំបាច់ក្នុងការដាក់ចេញគោលការណ៍ថ្នាក់ជាតិស្ដីពីការទទួលទានគ្រឿងស្រវឹង (National Drinking Guidelines) ដោយផ្អែកតាម «កម្រិតស្តង់ដារនៃគ្រឿងស្រវឹង» ដែលជារង្វាស់រង្វាល់ជាតិអាល់កុលសុទ្ធនៅក្នុងគ្រឿងស្រវឹង ដោយមិនគិតពីប្រភេទគ្រឿងស្រវឹង ឬទំហំ។ យោងតាមទិន្នន័យស្ទង់មតិថ្នាក់ជាតិថ្មីមួយ ដែលសៀវភៅគោលនយោបាយនេះបានផ្អែកលើ បានបង្ហាញពីការភាន់ច្រឡំមួយចំនួន៖ មនុស្សជាង ៦០% គិតថាស្រាបៀរគឺជាជម្រើសគ្រឿងស្រវឹងដែលមានសុវត្ថិភាពជាង បើទោះបីជាវាត្រូវបានគេទទួលទានច្រើនបំផុតក៏ដោយ។ ដូច្នេះ ការមានគោលការណ៍ណែនាំច្បាស់លាស់អំពីស្តង់ដាកម្រិតជាត់អាល់កុលក្នុងគ្រឿងស្រវឹង នឹងជួយឱ្យមនុស្សសម្រេចចិត្តទទួលទានបានត្រឹមត្រូវ កាត់បន្ថយការទទួលច្រើនហួសកម្រិត និងកែតម្រូវការភាន់ច្រលំដែលនាំឱ្យមានការទទួលទានស្រាច្រើនហួសកម្រិត។
ត្រង់ចំណុចស្តីពីការបើកបរក្នុងស្ថានភាពស្រវឹង របាយការណ៍នេះបានរកឃើញថា ការអនុវត្តច្បាប់លើការកម្រិតជាតិអាល់កុលក្នុងឈាមពេលបើកបរនៅកម្ពុជា (០.៥ ក្រាមនៃជាតិអាល់កុលក្នុងមួយលីត្រឈាម) មិនបានទៀងទាត់ ជាពិសេសនៅក្នុងទីប្រជុំជន និងតំបន់ជនបទ។ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីគ្រឿងស្រវឹងបានកើនឡើងទ្វេដងចាប់តាំងពីឆ្នាំ ២០០០ ដោយយុវវ័យប្រឈមហានិភ័យខ្ពស់បំផុត។ របាយការណ៍នេះអំពាវនាវឱ្យបន្ថែមការរឹតបន្តឹងការត្រួតពិនិត្យលើផ្លូវថ្នល់ ពង្រឹងយុទ្ធនាការលើកកម្ពស់ការយល់ដឹងកាន់តែច្រើន និងជំរុញវិស័យឯកជនឱ្យចូលរួមបង្ការ ដូចជាការបណ្តុះបណ្តាលបុគ្គលិក ភាពជាដៃគូក្នុងការចែករំលែកយានជំនិះ និងលើកទឹកចិត្តឱ្យមានការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។

ការជួញដូរគ្រឿងស្រវឹងខុសច្បាប់នៅតែជាក្តីបារម្ភមួយផងដែរ។ គ្រឿងស្រវឹងដែលផលិតតាមផ្ទះ និងផលិតផលរត់គេចពន្ធនៅតែមានការជួញដូរជាធម្មតា ជាពិសេសនៅតាមជនបទ។ បើគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ការលក់ដែលមិនមានការគ្រប់គ្រងច្បាស់លាស់ អាចបណ្តាលឱ្យមានហានិភ័យដល់សុខភាពយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យទំនុកចិត្តរបស់សាធារណៈជនថ្លាក់ចុះ។ របាយការណ៍នេះបានស្នើឱ្យបង្កើតប្រព័ន្ធមួយដែលមានរចនាសម្ព័ន្ធលើការគ្រប់គ្រងការលក់ និងការចែកចាយគ្រឿងស្រវឹង ដើម្បីជួយដល់ការអនុវត្ត ពង្រឹងសុវត្ថិភាព និងកាត់បន្ថយការទិញគ្រឿងស្រវឹងខុសច្បាប់។
ការរកឃើញទាំងនេះ ផ្អែកលើការស្ទង់មតិថ្នាក់ជាតិកាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ លើប្រជាជនកម្ពុជាចំនួន ១,៣៦៣ នាក់។ ការស្ទង់មតិនេះធ្វើឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន MM4A និងវិទ្យាស្ថានជាតិសង្គមកិច្ច ដោយបានពិនិត្យមើលលើទម្លាប់នៃការពិសាគ្រឿងស្រវឹង ឥរិយាបថអ្នកពិសា និងការយល់ឃើញជុំវិញការទទួលទានគ្រឿងស្រវឹង។
លទ្ធផលសំខាន់ៗពីការស្ទង់មតិរួមមាន៖
- ៨៦% នៃអ្នកចូលរួមស្ទង់មតិ ទទួលទានគ្រឿងស្រវឹង ហើយ ១៣% ចាប់ផ្តើមទទួលទានមុនអាយុ ១៨ ឆ្នាំ។
- ២៦% នៃមនុស្សពេញវ័យ លើកឡើងថាបានទទួលទានច្រើនហួសកម្រិត ក្នុងនោះ បុរសទទួលទានច្រើនជាងស្ត្រីទ្វេដង
- ជាង ៦០% ជឿថាស្រាបៀរ «មានសុវត្ថិភាព» ជាងប្រភេទគ្រឿងស្រវឹងផ្សេងទៀត
- ៣៧% កំពុងមានហានិភ័យមធ្យម ឬខ្ពស់ដោយសារការទទួលទានច្រើនហួសកម្រិត
- បុរសទទួលទានជាតិអាល់កុលសុទ្ធជាមធ្យម ៥០ ក្រាមក្នុងម្ដង ដែលលើស ៥ ដងនៃកម្រិតស្តង់ដារទទួលទានទូទៅ
- ៩៤% គាំទ្រឱ្យមានគោលការណ៍ថ្នាក់ជាតិស្ដីពីការទទួលទានគ្រឿងស្រវឹង (National Drinking Guidelines) ដើម្បីលើកកម្ពស់ការពិសាក្នុងកម្រិតមធ្យម
របាយការណ៍នេះ ត្រូវបានជម្រាបទៅកាន់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងឧស្សាហកម្មគ្រឿងស្រវឹង នៅក្នុងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធនឹងគោលនយោបាយគ្រឿងស្រវឹង (Alcohol Policy Multi-Stakeholder Dialogue) ដែលបានធ្វើឡើងនៅទីក្រុងភ្នំពេញ ក្នុងខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។ របាយការណ៍នេះអំពាវនាវឱ្យសង្គមទាំងមូល ចូលរួមដើម្បីធ្វើកំណែទម្រង់ ដែលដឹកនាំដោយរាជរដ្ឋាភិបាលប៉ុន្តែគ្រប់គ្នាក៏ត្រូវរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌ពិសាដោយការទទួលខុសត្រូវ។ របាយការណ៍នេះបានសង្កត់ធ្ងន់លើតួនាទីរបស់ឧស្សាហកម្មគ្រឿងស្រវឹងក្នុងការគាំទ្រគោលនយោបាយថ្នាក់ជាតិតាមរយៈ ការធ្វើទីផ្សារប្រកបដោយការទទួលខុសត្រូវ ដោយត្រូវមានស្លាកសញ្ញាច្បាស់លាស់ និងការអប់រំដល់អ្នកទទួលទាន។ អង្គការសង្គមស៊ីវិល និងសហគមន៍ពាក់ព័ន្ធនានាក៏មានតួនាទីសំខាន់ផងដែរក្នុងការផ្លាស់ប្តូរបទដ្ឋានសង្គម ជាពិសេសការពិសាគ្រឿងស្រវឹងរបស់យុវជន និងការបើកបរក្នុងស្ថានភាពស្រវឹង តាមរយៈយុទ្ធនាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងផ្សេងៗ។
ទាញយក របាយការណ៍ពេញ នៅទីនេះ៖ ការពង្រឹងទិដ្ឋភាពទូទៅនៃគោលនយោបាយនៅកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងការទទួលទានគ្រឿងស្រវឹងហួសកម្រិត

លោក Ed Ratcliffeនាយកប្រតិបត្តិនៃវិទ្យាស្ថានគោលនយោបាយសាធារណៈអាស៊ីអាគ្នេយ៍ (SEAPPI) បានលើកឡើងថា៖ «ការរកឃើញក្នុងរបាយការណ៍នេះមានទាំងបញ្ហាប្រឈម និងឱកាសដែលកម្ពុជាកំពុងជួប្រទះ និងត្រូវដោះស្រាយលើទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត។ ចាំបាច់ត្រូវមានវិធានការច្បាស់លាស់ ដែលមានតុល្យភាព និងដែលអាចដោះស្រាយបញ្ហាទាំងនេះបាន ដូចជាការដាក់ចេញនូវគោលការណ៍ណែនាំអំពីអាយុអប្បបរមាទិញគ្រឿងស្រវឹងស្របច្បាប់ ក៏ដូចជាការពង្រឹងការអនុវត្តវិធានការដែលមានស្រាប់ឱ្យកាន់តែប្រសើរ។ ដូចដែលបានបង្ហាញនៅក្នុងការស្ទង់មតិថ្នាក់ជាតិរបស់យើង អ្នកទទួលទានគ្រឿងស្រវឹងនៅកម្ពុជាក៏កំពុងស្វែងរកគោលការណ៍ណែនាំ និងវិធានការនានាដើម្បីជួយពួកគេបង្កើតទម្លាប់ទទួលទានក្នុងកម្រិតមធ្យម ដើម្បីសុខភាពល្អ។ ការអភិវឌ្ឍគោលការណ៍ជាតិស្តីពីការទទួលទានគ្រឿងស្រវឹង គឺជាការបោះជំហានមួយដ៏សំខាន់មួយដើម្បីគាំទ្រពួកគេ។ បន្ថែមពីលើយន្តការរបស់រដ្ឋាភិបាល ប្រតិបត្តិករសេដ្ឋកិច្ច ទាំងក្រុមហ៊ុនផលិត អាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ច និងអ្នកលក់រាយ ក៏ដូចជាសហគមន៍ទាំងមូល ត្រូវជួយផ្សព្វផ្សាយច្បាប់ និងគោលការណ៍ណែនាំថ្មីៗដែលគ្រោងនឹងបង្កើតឡើង។ ជាមួយនឹងការបង្កើតគោលនយោបាយដែលផ្អែកលើភស្តុតាងច្បាស់លាស់ និងកិច្ចសហប្រតិបត្តិការអន្តរវិស័យ កម្ពុជាអាចធ្វើជាប្រទេសគំរូល្អមួយនៅក្នុងតំបន់សម្រាប់ការគ្រប់គ្រងគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។»
លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា៖ «របាយការណ៍នេះបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់គោលនយោបាយស្ដីពីគ្រឿងស្រវឹងនៅកម្ពុជា។ ទិន្នន័យនេះបានផ្ដល់ភាពចាំបាច់លើតម្រូវការគោលការណ៍ណែនាំថ្នាក់ស្ដីពីការទទួលទានគ្រឿងស្រវឹងដែលច្បាស់លាស់ ពង្រឹងការអនុវត្ត និងរៀបចំគោលដៅលើកិច្ចខិតខំប្រឹងប្រែងអប់រំអ្នកទទួលទានដើម្បីកាត់បន្ថយហានិភ័យដែលអាចកើតឡើងពីការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត។ យើងទន្ទឹងរង់ចាំមើល អ្នកបង្កើតគោលនយោបាយចាត់វិធានបន្ត ដោយផ្អែកលើអនុសាសន៍ យោងតាមភស្តុតាងជាក់ស្ដែងទាំងនេះ។ របាយការណ៍នេះក៏បានបង្ហាញថា ការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិត មិនត្រឹមតែមានផលប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមក្នុងសង្គម ផ្ដល់ផលប៉ះពាល់ដល់សុវត្ថិភាពផ្លូវថ្នល់ សុខុមាលភាពរបស់យុវជន និងផលិតភាពសេដ្ឋកិច្ចទាំងមូល៕»























Account
Security
Favourite Content