BTS ដណ្ដើមបានពានរង្វាន់សិល្បករឆ្នើមប្រចាំឆ្នាំ ដែលជាពានរង្វាន់កិត្តិយសដ៏ធំបំផុតពីកម្មវិធី AMAs ដែលបានប្រារព្ធឡើងនៅឯ MGM Grand Garden Arena ទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែឧសភា នេះ។

ក្នុងការវិលត្រឡប់ទៅកាន់កម្មវិធីប្រគល់ពានរង្វាន់សញ្ជាតិអាមេរិកមួយនេះ ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ក្រុមចម្រៀងខេប៉ុបបុរសមួយនេះ បានយកឈ្នះតារាលំដាប់ពិភពលោកជាច្រើនរូប ដូចជា Bad Bunny, Bruno Mars, Justin Bieber និង Taylor Swift ដោយទទួលបានពានរង្វាន់សិល្បករឆ្នើមប្រចាំឆ្នាំ។
នេះជាពានរង្វាន់ សិល្បករឆ្នើមប្រចាំឆ្នាំលើកទី ២ របស់ BTS ដោយគ្រាដំបូង សមាជិកទាំង ៧ បានបង្កើតប្រវត្តិសាស្រ្តជាសិល្បករអាស៊ីដំបូងបង្អស់ ដែលបានឈ្នះពានរង្វាន់កំពូលនេះ កាលពីឆ្នាំ ២០២១។
លើសពីនេះ BTS ក៏ដណ្ដើមបានពានរង្វាន់បទចម្រៀងប្រចាំរដូវក្តៅ ជាមួយនឹងបទ Swim ផងដែរ។ ចម្រៀងបទនេះ គឺជា Lead Track ពីអាល់ប៊ុមស្ទូឌីយោទី ៥ ដែលជាអាល់ប៊ុមវិលត្រឡប់មកវិញរបស់ក្រុម ស្ថិតក្រោមចំណងជើងថា ARIRANG។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ន BTS កំពុងតែមមាញឹកនឹងកម្មវិធីប្រគំតន្ត្រីទេសចរណ៍ ARIRANG ដែលបានចាប់ផ្ដើមតាំងតែពីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៦ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៧។ ទន្ទឹមគ្នាដែរ សមាជិកទាំង ៧ កំពុងត្រៀមរៀបចំមហោស្រពអបអរគម្រប់ខួប ១៣ឆ្នាំរបស់ក្រុម នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខ ក្នុងគ្រាប្រគំតន្ត្រីទេសចរណ៍ ឯទីក្រុង Busan៕
















































Account
Security
Favourite Content