ថ្មីៗនេះរឿងអាស្រូវពាក់ព័ន្ធទំនាក់ទំនងតារាសម្ដែងកូរ៉េ Kim Soo Hyun និង Kim Sae Ron គឺជាប្រធានបទកំពុងភ្ញោចអារម្មណ៍មហាជនទូទាំងអាស៊ី។ យោងតាមព័ត៌មានដែលបានលាតត្រដាងឡើងមក ហេតុផលមួយក្នុងចំណោមហេតុផលដែលរុញច្រានឱ្យតារាសម្ដែងស្រី Kim Sae Ron រងសម្ពាធខ្លាំងរហូតបញ្ចប់ជីវិតខ្លួនគឺបំណុលចំនួន ៧០០ លានវ៉ុន (ជាង ៤៨ ម៉ឺនដុល្លារ) ដែលនាងជំពាក់ Kim Soo Hyun និងក្រុមហ៊ុនរបស់លោក។

សារព័ត៌មានកូរ៉េ Money Today ធ្លាប់រាយការណ៍ថា Kim Soo Hyun បានទទួលប្រាក់ឈ្នួលសរុប ៥ ពាន់លានវ៉ុន (ប្រហែល ៣,៥ លានដុល្លារ) សម្រាប់ការសម្ដែងរឿង “Queen Of Tears” ចំនួន ១៦ ភាគ ដែលមានន័យថាក្នុងមួយភាគលោកអាចទទួលបានចំនួន ៣០០ លានវ៉ុន (ជាង ២០ម៉ឺនដុល្លារ) ជាតួលេខដ៏ខ្ពស់សម្រាប់តារាកូរ៉េ។
ដូច្នោះហើយ ប្រាក់ចំនួន ៧០០ លានវ៉ុនដែល Kim Sae Ron ជំពាក់ គឺមិនស្មើនឹងប្រាក់ឈ្នួលដែល Kim Soo Hyun ទទួលបានសម្រាប់ការសម្ដែងរឿង ៣ ភាគក្នុងឆ្នាំ២០២៤នោះទេ ធ្វើឱ្យមហាជនកាន់តែមានចម្ងល់ថាតើ ហេតុអ្វីលោកត្រូវជំរិតទារប្រាក់ទាំងនេះភ្លាមៗពី Kim Sae-ron ខណៈដែលអាជីពលោកកំពុងរុងរឿងយ៉ាងនេះ? យ៉ាងណាក៏ដោយ ម្ដាយមីងរបស់ Kim Sae-ron បានអះអាងថាចំនួនទឹកប្រាក់នេះបានជំរុញឱ្យក្មួយស្រីវ័យ ២៥ ឆ្នាំរបស់គាត់ដើរដល់ផ្លូវទ័ល។ នៅក្នុងសារដែលផ្ញើទៅកាន់ Kim Soo Hyun កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ Kim Sae Ron បានសរសេរថា៖ “ខ្ញុំគ្មានចេតនាមិនបង់ប្រាក់ទេ ប៉ុន្តែប្រសិនបើអ្នកសុំឱ្យខ្ញុំបង់ប្រាក់ ៧០០ លានភ្លាមៗ ខ្ញុំពិតជាមិនអាចទេ។ មិនមែនថាខ្ញុំគេចទេ គ្រាន់តែថាខ្ញុំមិនទាន់មានសមត្ថភាពនៅឡើយ។ តើយើងពិតជាត្រូវប្ដឹងផ្ដល់គ្នាមែនទេ? សូមជួយខ្ញុំផង… សូមទុកពេលឲ្យខ្ញុំបន្ថែមទៀតទៅ”។
ពាក់ព័ន្ធករណីនេះ ភាគីក្រុមហ៊ុន Gold Medalist បានប្រាប់សារព័ត៌មាន Dispatch នៅពេលក្រោយនេះថា ការជូនដំណឹងផ្លូវច្បាប់ទៅកាន់ Kim Sae-ron គឺគ្រាន់តែជាការបង្គ្រប់និតីវិធីក្រុមហ៊ុន មិនមែនជាការជំរិតឱ្យនាងត្រូវតែសងនោះទេ។ ទោះជាយ៉ាងណា ប្រភពផ្សេងទៀតដែល Dispatch បានសម្ភាសបានបញ្ជាក់ថា លិខិតជូនដំណឹងនេះធ្វើឱ្យនាងមានសម្ពាធខ្លាំងបំផុត ព្រោះក្រោយពីទទួលលិខិតគំរាមនេះ នាងមិនអាចទាក់ទង Kim Soo-hyun ឬភ្នាក់ងាររបស់លោកដើម្បីចរចាគ្នាបានទេ។
តើទឹកប្រាក់ ៧០០ លានវ៉ុននោះគឺជាបំណុលអ្វី?
ទឹកប្រាក់ចំនួន ៧០០ លានវ៉ុនដែលត្រូវបានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងផ្លូវច្បាប់ត្រូវបានគេរាយការណ៍ថាជាចំនួនទឹកប្រាក់ដែលបានព្រមព្រៀងរវាង Kim Sae-ron និង Studio N ជាក្រុមហ៊ុនផលិតរឿងភាគ Netflix មានចំណងជើងថា “Bloodhounds” ដែលនាងកំពុងថតមុនពេលហេតុការណ៍គ្រោះថ្នាក់ចរចរណ៍បើកបរដោយស្រវឹង។ ដោយសារតែឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍របស់នាង ធ្វើឱ្យរឿងភាគនេះត្រូវមានការកែប្រែស្គ្រីប និងថតឡើងវិញរយៈពេល ២ ខែបន្ថែម បណ្តាលឱ្យមានការខាតបង់ដោយផ្ទាល់ជាង ១ ពាន់លានវ៉ុន។ ដំបូងឡើយ ខាងផលិតកម្មបានទាមទារសំណងចំនួន ៧ពាន់លានវ៉ុន ប៉ុន្តែ Kim Sae-ron បានទៅសុំអភ័យទោសពួកគេផ្ទាល់ និងអង្វរសុំការបន្ធូរបន្ថយ រហូតមានការព្រមព្រៀងចុងក្រោយនូវសំណងចំនួន ៧០០លានវ៉ុននេះ។
លើសពីនេះ Kim Sae-ron ត្រូវបានគេរាយការណ៍ថាបានរ៉ាប់រងថ្លៃផាកពិន័យលើកិច្ចសន្យាផ្សាយពាណិជ្ជកម្មរបស់នាងដោយបានលក់រថយន្ត និងប្រើប្រាស់ប្រាក់សន្សំរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ការទូទាត់ប្រាក់ ៧០០ លានវ៉ុនត្រូវបាន Gold Medalist បង់ជំនួសនាង ដោយសារនាងមិនមានលទ្ធភាពបង់បានទេនៅពេលនោះ។
មកទល់ពេលនេះ Gold Medalist នៅតែបដិសេធយ៉ាងម៉ឺងម៉ាត់រាល់ការចោទប្រកាន់ទាក់ទងនឹងទំនាក់ទំនងអតីតកាលរបស់ Kim Soo-hyun ជាមួយ Kim Sae-ron នៅពេលនាងនៅជាអនីតិជន ហើយបានច្រានចោលការអះអាងដែលថាទីភ្នាក់ងារនេះបានដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍របស់នាងមិនបានល្អ។ ទីភ្នាក់ងារនេះក៏បានប្រកាសចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងប៉ុស្តិ៍ YouTube Garo Sero Institute ដែលបានរាយការណ៍ពីដំបូងការអះអាងនេះផងដែរ ៕
























Account
Security
Favourite Content