ត្រឡប់មកឆ្នាំនេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) បាននាំខ្សែភាពយន្តទាំងជាតិ និងអន្តរជាតិដល់ទៅ ១៥១ រឿងមកពី ៤១ ប្រទេសជុំវិញពិភពលោក ក្នុងនោះមានភាពយន្តខ្មែរ ៦០ រឿងសុទ្ធសឹងជាប្រភេទរឿងគួរឱ្យចាប់អារម្មណ៍។

ទី១ ៖ «ជីវិតកូនថ្លៃ កូនត្រូវតែរស់» ជាខ្សែភាពយន្តបែបពិភពនិម្មិតដំបូងគេនៅកម្ពុជាដែលត្រូវបានបង្កើតឡើងដោយសមិទ្ធិករភាពយន្តជនជាតិក្រិ-អាម៉េរិកាំងលោកស្រី Victoria Bousis និងសម្ដែងដោយតារាល្បីហូលីវូដសញ្ជាតិខ្មែរ-បារាំង ELODIE YUNG។ ខ្សែភាពយន្តក្នុងទម្រង់បច្ចេកវិទ្យាពិភពនិម្មិត ឬ Virtual Reality ជាខ្សែរឿងប្រវត្តិសាស្ត្រខ្មែរក្នុងរបបខ្មៅងងឹត ៣ ឆ្នាំ ៨ខែ ២០ថ្ងៃ ផ្អែកលើរឿងពិតរបស់លោក ពិន យ៉ាថៃ វិស្វករខ្មែរដែលបានរួចជីវិតពីរបបខ្មែរប៉ុលពត។ បទពិសោធន៍ពិភពនិម្មិត VR នឹងត្រូវបានផ្ដល់ជូនទស្សនាដោយសេរីនៅមជ្ឈមណ្ឌលបុប្ផាណា។
ទី២ ៖ «ស្ត្រីគ្មានព្រំដែន៖រឿងរ៉ាវស្ត្រីជុំវិញពិភពលោក» ជាប្រភេទខ្សែភាពយន្តដែលបង្ហាញអំពីភាពធន់ កម្លាំង និងថាមពលផ្លាស់ប្ដូររបស់ស្ត្រីមកពីវប្បធម៌ផ្សេងៗគ្នានិងឆ្លងទ្វីប។ ក្នុងនោះក៏នឹងមានការចាក់បញ្ចាំងរឿង «CLIMACTERIC WOMAN» ជាប្រភេទរឿងរបស់ជនជាតិកូរ៉េដោយអ្នកដឹកនាំ Yeonjin Jo។ មិនតែប៉ុណ្ណោះ ក៏មានការចាក់បង្ហាញខ្សែភាពយន្តដែលផលិតនៅក្នុងស្រុកដូចជា «អ្នកស្នងអគារ» «ព្រះភូមិ» និង «ថ្ងៃអង្គារ» ផងដែរ។
ទី៣ ៖ «ដំណើរផ្សងព្រេងអូស្ត្រាលីត្រជាក់ភ្នែក» ជាប្រភេទរឿងកំប្លែងបែបលទ្ធិនិយមរបស់អូស្ត្រាលី។ រឿងនេះនិយាយអំពីដំណើរផ្សងព្រេងរបស់ព្រីស៊ីឡា ម្ចាស់ក្សត្រីនៃវាលខ្សាច់ មនោសញ្ចេតនាដ៏ស្ម័គ្រស្មោះនៃអាពាហ៍ពិពាហ៍ និងចំណងដ៏ទាក់ទាញនៃសត្វឆ្កែក្រហម។ ខ្សែភាពយន្ត១នេះនឹងនាំអារម្មណ៍អ្នកទស្សនាឱ្យទទួលយកភាពកំប្លែង ក្ដីស្រលាញ់ និងដំណើរផ្សងព្រេងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីដែលមិនធ្លាប់មានពីមុនមក។




ទី៤ ៖ «ការលួច» ជាខ្សែភាពយន្តឯកសារចាក់ដំបូងគេនៅកម្ពុជា។ ការលួច ឬ LOOT គឺជាភាពយន្តស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តិកាលពីអតីតកាល និងសកម្មភាពបច្ចុប្បន្នដើម្បីប្រគល់និងស្ដារបេតិកភណ្ឌវប្បធម៌កម្ពុជាឡើងវិញ។ ភាពយន្តឯកសារថ្មីសន្លាងមួយនេះនឹងលាតត្រដាងបណ្ដាញឧក្រិដ្ឋកម្មដែលបានប្រើទាហានកុមារវាយឆ្មក់ទៅលើប្រាសាទខ្មែរនិងការប្រគល់ត្រឡប់មកឱ្យម្ចាស់ដើមកាន់កាប់វិញ។
ទី៥ ៖ «វ៉ាឃីម» រឿងនិទានផ្ទាល់ខ្លួនតែមានន័យសាកលជាភាពយន្តនិយាយពីរឿងកូនខ្មែរម្នាក់ក្នុងចំណោមកូនខ្មែរជាច្រើននាក់ដែលបានវិលត្រឡប់មកកាន់ទីកំណើតក្រោយការចាកចេញទៅរស់នៅទីក្រុងរ៉ូមតាំងពីអាយុ៤ឆ្នាំ។ នៅអាយុ១៨ឆ្នាំនៅពេលដែលបានត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនតើ វ៉ាឃីម នឹងមានប្រតិកម្មបែបណា? តើសាច់រឿងបន្តទៀតទៅបែបណា?ក្នុងថ្ងៃចាក់បញ្ចាំងក៏និងមានកម្មវិធីសំនួរចម្លើយរបស់អ្នកដឹកនាំរឿង «វ៉ាឃីម» Francesca Pirani រួមជាមួយតួអង្គផងដែរ។
ទី៦ ៖ «ម៉ែអើយ ផ្កាយរះក្នុងខ្លួនកូន» ដឹកនាំដោយ Benjamin Rigley & Sreymom Mab។ ខ្សែភាពយន្តនេះរៀបរាប់អំពីដំណើរជីវិតក្រុម មេធា ដែលជាក្រុមវាយស្គរនារីគ្រប់រូបនៅកម្ពុជាដែលបង្កប់នូវភាពធន់និងអំណាច។
ក្រៅអំពីចំណងជើងដែលបានរៀបរាប់ត្រួសៗខាងលើ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) ក៏ត្រៀមចាក់បញ្ចាំងខ្សែភាពយន្តជាច្រើនទៀតក្នុងរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ មីនា ២០២៥ នៅតាមបណ្ដាទីតាំងមួយចំនួនដូចជា រោងភាពយន្ត Legend Olympia , Excahnge Square , Major Cineplex Aeon 1 & Mean Chey , វិទ្យាស្ថានបារាំង , មជ្ឈមណ្ឌលបុប្ផាណា សណ្ឋាគារ Rosewood ភ្នំពេញ និង រោងភាពយន្ត Feble។ រីឯសំបុត្រចូលទស្សនាបើកឱ្យសាធារណជនចូលរួមដោយសេរីឥតគិតថ្លៃ និងចែកជូនមុន១ម៉ោងនៃការចាក់បញ្ចាំងរឿង៕
នេះជាលីងសម្រាប់តាមដានរាល់ព័ត៌មានបន្ថែមអំពីការចាក់បញ្ចាំងខ្សែភាពយន្តជាតិនិងអន្តរជាតិទាំង ១៥១ ចំណងជើង ៖ https://www.facebook.com/cambodiaiff
ប្រភពរូបភាព ៖ Cambodia International Film Festival


























Account
Security
Favourite Content