លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមជាមួយប្រតិភូសិល្បករជាច្រើនរូបបាននាំយកអំពូលសូឡា ៥០០ ឈុត ដែលជាតម្រូវការចាំបាច់ចែកជូនដល់ក្រុមគ្រួសារកងកម្លាំងដែលឈរជើងនៅតាមខ្សែបន្ទាត់ការពារព្រំដែនកម្ពុជា-ឡាវ ព្រមទាំងសម្ភារៈសិក្សា និងថវិកាមួយចំនួនទៀតផងដែរ។

នាថ្ងៃទី ១៧ កុម្ភៈ ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានដឹកនាំសមាជិក សិល្បករទៅកាន់ភូមិសាស្ត្រស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ដោយបាននាំយកសូឡា ៥០០ ឈុត ប្រគល់ជូនក្រុមគ្រួសារយុទ្ធជន កងកម្លាំងនគរបាលដែលឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ព្រមជាមួយសម្ភារៈសិក្សា និងថវិកាចែកជូនដល់កុមារតូចៗជាសមាជិកកូនចៅយុទ្ធជន អតីតយុទ្ធជន ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះផងដែរ។
ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ និងប្រតិភូសិល្បករក៏បានរៀបចំជាអាហារសាមគ្គីជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រួសារយុទ្ធជន យុទ្ធជន និងនគរបាលឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ប្រកបដោយបរិយាកាសសប្បាយរីករាយផងដែរ។ គួររំឮកដែរថា កាលពីថ្ងៃទី ៤ ធ្នូ កន្លងទៅឯកឧត្ដម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានក្រុមក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ និងលោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍សមាជិកក្រុមប្រឹក្សាភិបាលសមាគម ធ្លាប់បាននាំយកអំពូលសូឡា ២៩៣ ប្រគល់ជូនដល់គ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាល ឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ម្ដងរួចមកហើយ។











តាមរយៈការនាំយកនូវសម្ភារៈដែលជាតម្រូវការចាំបាច់សម្រាប់ក្រុមគ្រួសារយុទ្ធជន អតីតយុទ្ធជន និងនគរបាលឈរជើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ នេះជាផ្នែកមួយក្នុងការរួមចំណែកជាបង្គោលព្រំដែនការពារជាតិ និងសម្រួលដល់ការរស់នៅរបស់ពួកគាត់៕
ប្រភពរូបភាព ៖ សមាគមសិល្បករខ្មែរ




















































Account
Security
Favourite Content