Grammy Awards 2025 ព្រឹត្តិការណ៍ប្រគល់រង្វាន់ដ៏មានកិត្យានុភាពបំផុតប្រចាំឆ្នាំក្នុងវិស័យតន្ត្រីបានប្រារព្ធឡើងយ៉ាងអធិកអធម កាលពីពេលថ្មីៗនៅ ទីក្រុង Los Angeles។ ក្រៅពីជាវេទិកាដែលសិល្បករលំដាប់ពិភពលោកជួបជុំគ្នាដើម្បីទទួលពានរង្វាន់ហើយ ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតនៅក្នុងព្រឹត្តិការណ៍នេះគឺសុន្ទរកថានៅលើឆាក និងការផ្ដល់សម្ភាសរបស់សិល្បករជាច្រើនបានបង្ហាញការគាំទ្រចំពោះសហគមន៍ LGBTQ+ ឬអ្នកស្រលាញ់ភេទដូចគ្នា។
Lady Gaga៖ “អ្នកកែភេទ (Trans) មិនគួរត្រូវមើលរំលងទេ ពួកគេគួរទទួលបានក្ដីស្រលាញ់”


បន្ទាប់ពីបានឈ្នះពានរង្វាន់ Best Pop Duo សម្រាប់បទ Die With A Smile, Lady Gaga និង Bruno Mars បានអរគុណគ្នាទៅវិញទៅមក ប៉ុន្តែមុនពេលចុះពីឆាក Lady Gaga បាននិយាយថា៖ “មនុស្សកែភេទមិនមែនមនុស្សដែលត្រូវមើលរំលងទេ តែមនុស្សទាំងនេះសមនឹងទទួលបានការស្រឡាញ់ មនុស្សទាំងនេះសមនឹងទទួលបានការទទួលស្គាល់ ហើយតន្ត្រីគឺជាសេចក្តីស្រឡាញ់” ដែលធ្វើឲ្យមហាជន និងអ្នកសិល្បៈក្នុងពិធីនោះក្រោកឈរអបអរជាខ្លាំង។
Alicia Keys៖ “ភាពចម្រុះភេទមិនមែនការគំរាមកំហែង ប៉ុន្តែគឺជាអំណោយ”

សិល្បករម្នាក់ទៀតគឺតារាចម្រៀងម្ចាស់បទ “Girl on fire” Alicia Keys ដែលបន្ទាប់ពីទទួលយកពានរង្វាន់ Global Impact Award នាងបានអរគុណអ្នកដែលជំរុញចិត្តនាងក្នុងការបង្កើតតន្ត្រី ព្រមទាំងបានសម្ដែងការគាំទ្រចំពោះភេទទី៣ សិទ្ធិស្មើភាព និងការមិនរើសអើងដោយនិយាយថា៖ “នេះមិនមែនជាពេលដែលត្រូវបំបិទមាត់របស់មនុស្សគ្រប់គ្នានោះទេ យើងត្រូវការមនុស្សភេទខុសៗគ្នា មកពីកន្លែងខុសៗគ្នា ធ្វើការងារខុសៗគ្នា ភាពចម្រុះគឺជាអំណោយ មិនមែនជាការគំរាមកំហែងនោះទេ”។
Chappell Roan៖ “Trans តែងមានវត្តមានលើពិភពលោក ហើយពួកគេនឹងនៅជារៀងរហូត”


សំឡេងសំខាន់មួយទៀតគឺពីតារាចម្រៀងម្ចាស់ពានសិល្បករថ្មី Chappell Roan ដែលបានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីដើរលើកម្រាលព្រំ Grammy ឆ្នាំ ២០២៥ ដោយនាងបានបង្ហាញពីគំនិតលើភាពចម្រុះភេទ និងនិន្នាការបច្ចុប្បន្ននៅក្នុងសង្គមដោយនិយាយថា ស្ថានភាពពេលនេះពិតជាអាក្រក់ខ្លាំង ប៉ុន្តែមិនថាមានរឿងអ្វីកើតឡើង អ្នកកែភេទគឺនៅតែមានវត្តមានជារៀងរហូត គ្មានអ្នកណាអាចដណ្ដើមក្ដីសុខពីពួកគេនោះទេ ហើយនាងមកដល់ចំណុចនេះក៏ដោយសារការគាំទ្រពីពួកគេដូចគ្នា ៕


























Account
Security
Favourite Content