ជាធម្មតាមនុស្សស្រីគ្រប់រូបតែងប្រាថ្នាជីវិតក្រោយរៀបការហើយនឹងមានក្ដីសុខ មានភាពរីករាយច្រើនជាងភាពរកាំរកូស។ ប៉ុន្តែភាពរកាំរកូសទាំងនោះនឹងមានកាន់តែច្រើនទៅដូចគ្នា ប្រសិនបើយើងមិនបាននិយាយព្រមព្រៀងគ្នាឱ្យបានច្បាស់មុនពេលសម្រេចចិត្តរៀបការ។ ជាក់ស្ដែងប្រសិនបើមនុស្សស្រីភ្លេចនិយាយរឿងទាំង ៣ នេះជាមួយនឹងអនាគតស្វាមីច្បាស់ណាស់ជីវិតក្រោយរៀបការអាចនឹងជួបរឿងស្មុគស្មាញច្រើនជាមិនខាន៖
១. ការយោគយល់
មានមនុស្សស្រីភាគច្រើនដែលគិតថាជីវិតក្រោយរៀបការនឹងរីករាយ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយអាចនឹងមិនមានភាពរីករាយដូចការគ្រោងទុកឡើយ។ ជាក់ស្ដែងពេលខ្លះស្វាមីអាចនឹងចាប់ផ្ដើមប្រែប្រួលទៅជាផ្ដាច់ការ ឬប្រើគ្រប់វិធីដើម្បីបិទបាំងសិទ្ធិសេរីក្នុងការរស់នៅផងដែរ។ ដូច្នេះហើយមុនពេលរៀបការត្រូវនិយាយគ្នាឱ្យបានច្បាស់ពីការយោគយល់គ្នាមិនមែនមួយឆ្នាំ ពីរឆ្នាំឡើយគឺមួយជីវិតដើម្បីកុំឱ្យគេត្រួតត្រាលើជីវិតរបស់យើងខ្លាំងជ្រុលពេក។ ត្រូវចាំថាបើទោះជាយើងបានបញ្ចប់ភាពនៅលីវពិតមែន ប៉ុន្តែយើងនៅតែជាមនុស្សឯករាជ្យ មានគំនិតជារបស់ខ្លួនឯង និងមានសិទ្ធិរស់នៅតាមរបៀបដែលយើងចង់។

២. ការដឹងគុណ
មនុស្សស្រីជាច្រើនមិនត្រឹមតែពូកែរឿងការងារតែមុខទេ នៅពេលក្លាយជាប្រពន្ធក៏ប៉ិនប្រសប់រឿងក្នុងផ្ទះដែរ។ ច្បាស់ណាស់ក្រោយរៀបការ ពួកគេនឹងចំណាយពេលស្ទើរពេញមួយជីវិតទៅលើការមើលថែក្រុមគ្រួសារ និងចាត់ចែងការងារខាងក្រៅ ទោះបីជានឿយហត់ក៏ត្អូញត្អែរច្រើនដែរ។ ដូច្នេះការគោរព ឱ្យតម្លៃ និងដឹងគុណពិតជាកម្លាំងជំរុញទឹកចិត្តរបស់ពួកគេដ៏មានប្រសិទ្ធភាព។ ចំពោះការដឹងគុណ និងលើកទឹកចិត្តមិនចាំបាច់ជារបស់ធំដុំឡើយ គ្រាន់តែការផ្ដល់ក្ដីស្រឡាញ់ព្រមទាំងការនិយាយលួងលោមក៏អាចធ្វើឱ្យនាងសប្បាយចិត្តបានដែរ។
៣. ហិរញ្ញវត្ថុក្នុងផ្ទះ
ទោះបីជារៀបការហើយពិតមែនក៏មនុស្សស្រីមិនអាចចេះតែត្រូវរស់នៅដោយពឹងពាក់នៅលើស្វាមីបានទាំងស្រុងឡើយ ជាពិសេសប្រាក់ចំណូល។ ដូច្នេះហើយមុនពេលរៀបការគឺគួរតែជជែកគ្នាអំពីផែនការហិរញ្ញវត្ថុ និងរបៀបរកប្រាក់ចំណូលមកផ្គត់ផ្គងក្នុងគ្រួសារឱ្យបានច្បាស់កាន់តែល្អ ជៀសវាងមានបញ្ហារកាំរកូសណាមួយកើតឡើងក្រោយរៀបការ។ មិនត្រឹមប៉ុណ្ណេះ អ្វីកាន់តែសំខាន់ជាមនុស្សស្រីត្រូវពន្យល់ហេតុផលពីការសន្សំសំចៃទៅកាន់ដៃគូផងដែរព្រោះពេលខ្លះពួកគេអាចនឹងចំណាយលើសពីតម្រូវការដែលអាចនឹងនាំឱ្យមានភាពស្រពេចស្រពិលក្នុងការគ្រប់គ្រងចំណូលចំណាយ ៕


























Account
Security
Favourite Content