យុវវ័យជប៉ុននាំគ្នាទៅហាងកាហ្វេថ្មីដែលមានឈ្មោះថា “កាហ្វេមឈូស” ដើម្បីសាកល្បងគេងក្នុងមឈូសថតរូបលេងកម្សាន្ត និងចំណាយពេលគិតគូរឡើងវិញពីបញ្ហាជីវិតកន្លងមក។

ហាងកាហ្វេថ្មីប្លែកមួយនេះ បានបង្កើតឡើងដោយក្រុមហ៊ុនរៀបចំបុណ្យសព Kajiya Honten ដែលមានអាយុកាល ១២២ ឆ្នាំមកហើយ ដោយមានគោលបំណងចង់ឱ្យអតិថិជនរបស់ខ្លួនអាចមានឱកាសក្នុងការឆ្លុះបញ្ចាំងរវាងជីវិត និងការស្លាប់។
មានទីតាំងនៅក្នុងខេត្ត Chiba ប្រទេសជប៉ុន ហាងកាហ្វេខាងលើទើបតែបានបើកដំណើរការនៅក្នុងខែកញ្ញានេះទេ ដោយការប្រើប្រាស់សេវាកម្មនេះ អតិថិជនត្រូវចំណាយប្រាក់ ២២០០ យ៉េន ឬប្រមាណ ១៤ដុល្លារអាមេរិកក្នុងម្នាក់ ជាមួយនឹងជម្រើសមឈូសរហូតដល់ទៅ ៣ មានពណ៌មាស បៃតង និងលឿង អមដោយក្បាច់ផ្កាផ្សេងៗគ្នាពីមួយទៅមួយ។
យោងតាម The Mainichi គំនិតនេះបានផ្ដួចផ្ដើមឡើង ក្នុងគោលបំណងប្រើប្រាស់មឈូស និងបង្កើតអ្វីថ្មីៗសម្រាប់បង្កើនសេដ្ឋកិច្ចក្នុងតំបន់ ក៏ប៉ុន្តែ លោក Kiyotaka Hirano ដែលជាប្រធានក្រុមហ៊ុន Kajiya Honten មានគោលដៅលើសពីនេះ។ តាមរយៈការងារជាអ្នកផ្ដល់សេវាកម្មរៀបចំបុណ្យសព លោកធ្លាប់មានបទពិសោធន៍ជជែកគ្នាជាមួយនឹងគ្រួសារសពដែលបានបាត់បង់មនុស្សជាទីស្រឡាញ់តាមរយៈអត្តឃាត ហើយមានការខកចិត្តនឹងខ្លួនឯងដែលមិនអាចជួយដល់ជនរងគ្រោះបាន។

“ស្របពេលដែលយើងចង់ឱ្យអតិថិជនថតរូប និងទទួលបានបទពិសោធន៍ដ៏រស់រវើក យើងក៏ចង់ឱ្យអ្នកដែលបាត់បង់កម្លាំងចិត្ត ឬជួបរនាំងជិវិតសាកល្បងគេងនៅក្នុងមឈូសនេះដែរ” ក្នុងវ័យ ៤៨ លោករំពឹងថា៖ “ការចេញពីមឈូសវិញ អាចជានិមិត្តសញ្ញានៃការកើតឡើងវិញ ជាមួយជីវិតមួយទៀត។ ខ្ញុំសង្ឈឹមថា អ្នកទាំងនោះនឹងអាចចាប់ផ្ដើមជីវិតសាជាថ្មីបាន”។
លោករៀបរាប់បន្ថែមថា៖ “មនុស្សម្នាក់ៗអាចស្នើសុំទទួលបទពិសោធន៍នេះផ្សេងៗគ្នា ដោយអ្នកខ្លះចង់បិទគម្របមឈូសពីរបីនាទី ដើម្បីសញ្ចឹងគិតពីជីវិតដែលខ្លួនចង់រស់នៅមុននឹងថ្ងៃស្លាប់មកដល់ ខណៈអ្នកខ្លះទៀត អាចនឹងនឹកគិតសាឡើងវិញពីទំនាក់ទំនងជាមួយនឹងគ្រួសារ ក៏ដូចជាមនុស្សជាទីស្រឡាញ់”។
នៅក្នុងខែតុលាកន្លងទៅ ហាងកាហ្វេមឈូសបានទទួលការកក់ទុកជាង ២០ដងពីអតិថិជន សុទ្ធសឹងតែជាមនុស្សដែលមានវ័យក្មេងៗនៅឡើយ ៕


























Account
Security
Favourite Content