ក្រោយអនុវត្តគោលនយោបាយកូនទោល (one-child policy) ឪពុកម្ដាយជនជាតិចិនជាច្រើនរូបនាំគ្នាសម្រុកយកតែកូនប្រុសរហូតកកើតជាវិបត្តិក្នុងពេលបច្ចុប្បន្ន ដោយបន្សល់ទុកបុរសដែលនៅលីវចំនួនប្រមាណ ៣៥លាននាក់មិនអាចរកប្រពន្ធបាន។

នៅចន្លោះឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០១៦ ប្រទេសចិនបានកំណត់ឱ្យប្រជាជនរបស់ខ្លួនមានកូនត្រឹមតែមួយនាក់ប៉ុណ្ណោះ ដើម្បីទប់ស្កាត់កំណើនប្រជាជននៅក្នុងប្រទេសដែលមានប្រជាជនច្រើនស្រាប់ទៅហើយ។ ក្រោមមូលហេតុទំនៀមទម្លាប់ដែលកូនប្រុសជាអ្នកបន្តវង្សត្រកូល ឪពុកម្ដាយជាច្រើនរូបនាំគ្នាសម្រុកយកកូនប្រុសជាជាងកូនស្រី។
អត្ថបទរបស់ Britannica បានសរសេរថា ការមានកូនស្រីមិនមែនជារឿងគួរឱ្យរីករាយសម្រាប់គ្រួសារចិនមួយចំនួនធំ រហូតធ្វើឱ្យចំនួនរំលូតកូនមានការកើនឡើង ឯឳពុកម្ដាយខ្លះដែលបានបង្កើតកូនស្រីចេញមកហើយ បានយកកូនរបស់ខ្លួនទៅដាក់នូវមណ្ឌលកុមារកំព្រា បោះបង់ចោល និងសូម្បីសម្លាប់ក៏មាន។ ជំរឿនប្រជាជនជាតិលើកទី ៧របស់ប្រទេសចិនក្នុងឆ្នាំ ២០២០ បានបង្ហាញលទ្ធផលថា សព្វថ្ងៃនេះចំនួនបុរសនៅក្នុងប្រទេសចិនមានច្រើនជាងស្រ្តីរហូតដល់ទៅ ៣៤.៩ លាននាក់ នាំឱ្យពួកគេមានវិបត្តិក្នុងការស្វែងរកដៃគូរៀបការ។
បន្ថែមពីនេះ របាយការណ៍ពីវិទ្យាស្ថានសម្រាប់ការសិក្សាជនបទនៃសកលវិទ្យាល័យ Central China Normal នៅដើមឆ្នាំ ២០២៤ បានបង្ហាញថា កំណើនយុវជននៅតាមទីជនបទកំពុងប្រឈមមុខនឹងបញ្ហាស្វែងរកភរិយាក្នុងអំឡុងទសវត្សរ៍កន្លងមក ដោយមានមូលហេតុចម្បងកើតចេញពីថ្លៃបណ្ណាការខ្ពស់។

ឆ្លើយតបនឹងបញ្ហាខាងលើ លោក Ding Changfa សាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Xiamen បានណែនាំឱ្យមានការរៀបការជាមួយនឹងដៃគូក្រៅប្រទេស ដោយលោកបានលើកទឹកចិត្តឱ្យបុរសចិនពិចារណារៀបការជាមួយនឹងស្រ្តីមកពីប្រទេសមួយចំនួន រួមមាន រុស្សី កម្ពុជា វៀតណាម និងប៉ាគីស្ថាន។
សាស្ត្រាចារ្យរងរូបនេះ បាននិយាយពីសម្ពោធរបស់បុរសលើថ្លៃបណ្ណាការថា៖ “នៅជនបទនៃប្រទេសចិនយើងមានបុរសនៅលីវប្រមាណ ៣៤.៩លាននាក់ ដែលអាចប្រឈមមុខនឹងសម្ពាធក្នុងការផ្តល់ផ្ទះ ឡាន និងថ្លៃទឹកដោះដល់កូនក្រមុំ សរុបជាទឹកប្រាក់ពី ៥សែនទៅ ៦សែនយន់ ឬប្រមាណ ៧ម៉ឺន ទៅ ៨ម៉ឺន៤ពាន់ដុល្លារអាមេរិក”។
ដោយឡែក កាលពីឆ្នាំមុន បុរសនៅក្នុងទីជនបទអាចរកចំណូលបានត្រឹមតែជាង ២ម៉ឺនយន់ ឬប្រហែល ២៨០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ដូច្នេះ លោក Ding Changfa យល់ថា ការយកប្រពន្ធជនជាតិបរទេស អាចជាដំណោះស្រាយដ៏ប្រសើរមួយលើបញ្ហានេះ។
ក្រោយមានការលើកឡើងដូច្នេះ មានការយល់ឃើញពីរបានកើតឡើង។ អត្ថបទរបស់ South China Morning Post បានឱ្យដឹងថា ស្រ្តីជាច្រើនរូបបានខឹងសម្បារនឹងអនុសសាសន៍របស់លោកសាស្ត្រាចារ្យរង ដោយពួកគេយល់ឃើញថា ទង្វើនេះមិនខុសគ្នាពីការជួញដូរមនុស្សនោះទេ។ ឯស្រ្តីខ្លះទៀតប្រាប់ថា បញ្ហាភាសាអាចនាំឱ្យមានចម្រូងចម្រាសក្នុងគ្រួសារ។

ដោយឡែក បុរសជាច្រើនបែរជាយល់ស្របនឹងដំណោះស្រាយខាងលើ ដោយប្រុសៗទាំងនោះយល់ថា នារីពីក្រៅប្រទេសមានការរំពឹងទុកលើខ្លួនទាបជាងនារីក្នុងស្រុក ដោយគេមើលឃើញថាស្រ្តីបរទេសមិនត្រូវការផ្ទះ ឡាន និងថ្លៃទឹកដោះទេ។ បន្ថែមពីនេះទៀត បុរសចិនគិតថា ស្រ្តីបរទេសជាមនុស្សឧស្សាហ៍ព្យាយាម និងមានគុណធម៌។
ក្នុងទស្សនៈតែមួយ អ្នកសង្កេតការណ៍អនឡាញម្នាក់បានប្រៀបធៀបការរៀបការប្រភេទនេះ ដូចនឹងការធ្វើជំនួញក្នុងវិស័យឡាន ដោយគាត់បាននិយាយថា “ការបើកចំហអាពាហ៍ពិពាហ៍អន្តរជាតិគឺ ដូចគ្នានឹងការនាំចូល Tesla មកក្នុងទីផ្សារប្រទេសចិនដែរ ព្រោះវាជំរុញឱ្យមានការប្រកួតប្រជែង ពង្រឹងគុណភាព និងធ្វើឱ្យតម្លៃផលិតផលធ្លាក់ចុះ”។
បច្ចុប្បន្ន អាពាហ៍ពិពាហ៍រវាងបុរសចិន និងនារីបរទេសបានក្លាយជារឿងទូទៅនៅក្នុងប្រទេសចិន រហូតដល់មានអ្នកធ្វើការជាអ្នកចាប់គូនៅលើបណ្ដាញទំនាក់ទំនងសង្គមចិន Douyin ផ្ដល់សេវាកម្មចាប់គូរវាងប្រជាជនចិន និងរុស្សី។ ដោយសារព័ត៌មាន South China Morning Post យល់ឃើញថា វិធីសាស្រ្តនេះអាចជាចំណុចវិជ្ជមានសម្រាប់ប្រទេសទាំងពីរ ដោយហេតុថាចិនមានមនុស្សប្រុសច្រើន ដូចគ្នានឹងរុស្សីដែលមានមនុស្សស្រីច្រើន។

នាង Jingongzi ដែលជា influencer ម្នាក់ បានរៀបរាប់ពីទំនាក់ទំនងរវាងប្រទេសចិន និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍តាំងតែពីបុរាណកាលមក ដោយសម្ព័ន្ធភាពនេះបានបន្យស់ទុកនៅភាពដូចគ្នាជាច្រើនរវាងទឹកដីទាំងពីរ។ តួយ៉ាង ទំនៀមទម្លាប់ចូលឆ្នាំចិនដែលប្រទេសអាស៊ីអាគ្នេយ៍នៅបន្តអនុវត្តនៅឡើយ។
“ហេតុដូច្នេះហើយ ស្ត្រីមកពីអាស៊ីអាគ្នេយ៍មិនជួបប្រទះនឹងការភ្ញាក់ផ្អើលខាងវប្បធម៌នៅពេលដែលពួកគេមករស់នៅប្រទេសចិននោះទេ” influencer ដែលមានអ្នកតាមដានជាង ១.៨លាននាក់បន្ត៖ “បន្ថែមពីនេះទៀត ប្រាក់ចំណូលក្នុងស្រុកនៅក្នុងប្រទេសទាំងនេះគឺមានកម្រិតទាបណាស់”។
ទាក់ទងនឹងបញ្ហារបាំងភាសា Jingongz មិនបានគិតថា វាជាបញ្ហាឡើយ ដោយនាងបាននិយាយថា៖ “ប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនកំពុងសិក្សាភាសាចិនកុកងឺយ៉ាងសកម្មដើម្បីពង្រឹងទំនាក់ទំនងជាមួយយើង (ប្រទេសចិន)ដែលនឹងជួយលុបបំបាត់បញ្ហាក្នុងការទាក់ទងគ្នា”៕


























Account
Security
Favourite Content