បញ្ហាពាក់ព័ន្ធការប្រលងបវរកញ្ញា Miss Grand នៅតែជារឿងក្ដៅគគុក ដោយក្រោយពីយប់ថ្ងៃ ៦ ខែតុលា ម្ចាស់ស្ថាប័ន MGI លោក Nawat Itsaragrisil បានដកហូតសិទ្ធិកម្ពុជាលែងឱ្យធ្វើជាម្ចាស់ផ្ទះកម្មវិធី ខណៈ អ្នកស្រី អ៊ឹម សុគន្ធា ក៏បានប្រកាសថា Miss Grand Cambodia លែងបន្តអាជ្ញាប័ណ្ណជាមួយស្ថាប័ន Miss Grand International ហើយបវរកញ្ញាតំណាងកម្ពុជា ប៊ី សុធារី ក៏សម្រេចចិត្តមិនបន្តការប្រកួតនៅប្រទេសថៃដែរ។


អ្វីដែលបង្កការចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺកាលពីល្ងាចថ្ងៃច័ន្ទ Miss Grand Thailand កញ្ញា Lin Malin បានផ្ដល់បទសម្ភាសទាំងយំសោកនៅពេលត្រលប់ទៅដល់អាកាសយានដ្ឋានប្រទេសថៃ ខណៈនិយាយរៀបរាប់ពីការទទួលភ្ញៀវរបស់កម្ពុជា។
បវរកញ្ញារូបនេះបានរៀបរាប់ថា អ្វីដែលនាងមិនពេញចិត្តទីមួយគឺបញ្ហាសុវត្ថិភាពនៅលើទូក ដែលនាងយល់ថាមើលទៅតូចមិនអាចទ្រទម្ងន់បាន ហើយក៏គ្មានម្ហូបអាហារដែរ មានតែសណ្ដែកដីស្ងោរ និងពងគ្រួចកូនដែលបវរកញ្ញាភាគច្រើនមិនចេះញ៉ាំឡើយ។



និយាយផងយំផង Lin រៀបរាប់ថា ចំណុចដែលនាងទទួលយកមិនបានក្រោយចុះពីទូកគឺលោក Nawat ត្រូវបម្រើអាហារដោយខ្លួនឯងសម្រាប់គ្រប់គ្នា ព្រោះខាងហាងបម្រើបវរកញ្ញាជាង ៧០នាក់មិនទាន់នោះទេ។ ចំណុចមួយទៀតដែលធ្វើឱ្យនាងឈឺចិត្តបំផុតគឺក្រុមការងាររបស់នាងត្រូវរៀបចំ schedule ថ្មីទាំងអស់ភ្លាមៗ ហើយម្នាក់ៗធ្វើការហត់ខ្លាំង និងត្រូវសុំការអធ្យាស្រ័យពីអ្នកឧបត្ថម្ភគ្រប់ៗគ្នា។ បន្ទាប់ពីសម្ភាសនៅអាកាសយានដ្ឋានចប់ Malin ថែមទាំងបានបង្ហោះរូបភាពពងគ្រួចកូនលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលនាំឱ្យមានមតិអវិជ្ជមានជាច្រើនមកលើកម្ពុជា។


យ៉ាងណាក៏ដោយ ពាក់ព័ន្ធបញ្ហានៅលើទូកនេះ Miss Grand Cambodia កញ្ញា ប៊ី សុធារី បាននិយាយថា ការពិតស្ថាប័ន Miss Grand Cambodia បានរៀបចំទូកផ្សេងដែលធំនិងប្រណិតជាងសម្រាប់បវរកញ្ញា និងមានអាហារគ្រប់គ្រាន់ដែលគ្រប់គ្នាអាចញ៉ាំនិងរីករាយបាន ប៉ុន្តែកញ្ញាមិនដឹងថាហេតុអ្វីបានជាពួកគេផ្លាស់ប្ដូរគម្រោងភា្លមៗនោះទេ។
ចំពោះសកម្មភាពនៅពេលញ៉ាំអាហារពេលល្ងាចក្នុងហាង Sushi សុធារីលើកឡើងថា៖ “អ្វីដែលខ្ញុំឃើញផ្ទាល់ភ្នែកគឺអ្នករត់តុនិងក្រុមការងារខ្មែរយើងរត់ឆ្វាត់ឆ្វែងពេញហ្នឹងដើម្បី Service ហើយអ្វីដែលខ្ញុំឃើញមុនគេនៅពេលដែលបេក្ខភាពចូលមកដល់តុហើយក្រុមការងារថៃមកដល់ គឺតាណាវ៉ាត់រុញពួកគេចូលតុទាំងអស់គ្នា ខណៈ Team work ខ្មែរ Service គេដូចជាកញ្ជះដាច់ថ្លៃ។ ហើយអ្វីដែលខ្ញុំស្រងាកចិត្ត និងក្ដុកក្ដួលបំផុតគឺនៅពេលដែលម្ហូបបានលើកពេញតុរួចរាល់ ហើយគ្រប់គ្នាកំពុងតែញ៉ាំ ប៉ុន្តែក្រុមការងារខ្មែរបានត្រឹមអង្គុយមើលពីខាងក្រៅ។
ចុងក្រោយ សុធារី បានលើកឡើង២ចំណុចប៉ុណ្ណោះសម្រាប់អ្នកនិយាយបំផ្លើស ទី១ សម្រាប់អបិយជំនឿ កញ្ញាជឿថាអ្នកធ្វើល្អនឹងបានល្អ ធ្វើអាក្រក់នឹងបានអាក្រក់ ហើយកម្មពៀរមិនចាំជាតិក្រោយនោះទេ។ ទីពីរតាមផ្លូវច្បាប់ គឺភាគីកម្ពុជាមានភស្តុតាងច្រើនក្នុងដៃ ដូច្នេះឱ្យគេនិយាយចុះ ពីព្រោះយើងមិនបានធ្វើដូចអ្វីដែលគេនិយាយនោះទេ ៕






























Account
Security
Favourite Content