មែនទែនទៅ មុនសាងភាពល្បីល្បាញលើវិថីបវរកញ្ញាកម្ពុជា កញ្ញា រ៉េត សារីតា ជាតារាភាពយន្តដ៏លេចធ្លោម្នាក់ផងដែរ ដោយនាងបានចូលរួមសម្តែងក្នុងភាពយន្តជាតិ និងភាពយន្តអន្តរជាតិមួយចំនួន ដែលបានមកថតនៅលើទឹកដីប្រទេសកម្ពុជាយើង។
ដោយឡែក សម្រាប់ការស្វាគមន៍ឆ្នាំថ្មីនេះ បវរកញ្ញារាងតូចច្រឡឹង សារីតា បានបើកឆាកឆ្នាំ ២០២៤ ជាមួយភាពយន្តថ្មីមួយ ដែលថតនៅទឹកដីខេត្តសៀមរាប។ នេះបើយោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីពេលថ្មីៗ។ តារាសម្តែងរូបនេះ មិនបានប្រាប់ចំណងជើងរឿងថ្មីនោះឡើយ គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា គឺជាភាពយន្តថ្មី។ តែបើមើលតាមសម្លៀកបំពាក់ និងការរៀបចំខ្លួន រឿងនោះទំនងអាចជាប្រភេទរឿងបុរាណ។

គួរឱ្យចាប់អាមរ្មណ៍ តារាសម្តែងប្រុសក្នុងរូបថតជាមួយ សារីតា នោះគឺជាតារាសម្តែង រស់ មុន្នី ដែលលោកជាតារាភាពយន្តខ្មែរដ៏មានប្រជាប្រិយភាព និងលេចធ្លោខ្លាំងក្នុងរឿងប្រភេទ action។ សូម្បី បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២០ រូបនេះក៏សរសើរពី រស់ មុន្នី ថា ជាតួសម្តែងពូកែមួយរូបមិនអាចមើលរំលងបាន។ ក្នុងការបង្ហោះខាងលើ សារីតា ក៏បានលើកឡើងថា នាងជាហ្វេនផ្កាប់មុខរបស់តារាភាពយន្ត លោក រស់ មុន្នី ទៀតផង។
នេះពិតជារឿងកម្រឃើញ ព្រោះកន្លងមក កញ្ញា រ៉េត សារីតា មិនងាយធ្លោយមាត់សរសើរនរណាឡើយ លើកលែងតែបុគ្គលម្នាក់នោះមានចំនុចគួរឱ្យគោរព និងគួរឱ្យកោតស្ញប់ស្ញែង។


តាមដែលចាំបាន នេះមិនមែនជាលើកដំបូងដែលតារាស្រី រ៉េត សារីតា មានឱកាសសម្តែងប៉ះ តារាសម្តែងដ៏មានទេពកោល្យ រស់ មុន្នី នោះទេ។ កាលអំឡុងឆ្នាំ ២០១៨ សារីតា និង មុន្នី ធ្លាប់បានសម្តែងរួមគ្នាម្តងហើយ ក្នុងរឿង «HEX» ជាភាពយន្តអាមេរិក ដែលបានមកថតនៅកម្ពុជា។


រូបភាព៖ Film Nerd – អ្នកកុននិយម
ទោះបីជា រ៉េត សារីតា មិនបានបញ្ជាក់លម្អិតពីចំណងជើង និងការថតភាពយន្តថ្មីនេះក៏ពិតមែន តែគេជឿជាក់ថា តារាភាពយន្តកម្ពុជាទាំងពីររូបនេះ នឹងនាំផ្ទាំងទស្សនីយភាពថ្មីជូនមហាជនកម្ពុជា តាមរយៈភាពយន្តដែលកំពុងថតនៅពេលនេះ៕





















































Account
Security
Favourite Content