ដំណឹងដែលធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់តារាសម្ដែងប្រុសជើងចាស់ហុងកុង លី តាវហួរ ឬ Andy Lau ហាក់មានការសោកស្ដាយខ្លាំងនោះគឺ លោកបានប្រកាសពីដំណឹងមរណភាពរបស់ឳពុកខ្លួនក្នុងវ័យ ៩៦ ឆ្នាំ ព្រមទាំងផ្អាកការងារពីសិល្បៈមួយរយៈសិន។

បើតាមប្រភពព័ត៌មានចិន បានឲ្យដឹងថា៖ តារាប្រុស លី តាវហួរ បានប្រកាសដំណឹងមួយនេះកាលពីល្ងាចថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ លោកបានបញ្ជាក់ថា៖ ឳពុករបស់លោកបានទទួលមរណភាពតាំងពីថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដោយមានសាច់ញាតិនៅក្បែរមើលថែរហូតដល់ដង្ហើមចុងក្រោយ។
បើតាមភ្នាក់ងារតំណាងរបស់លោកបានឲ្យដឹងថា៖ បច្ចុប្បន្ន តារាប្រុស លី តាវហួរ និងក្រុមគ្រួសារកំពុងជាប់រវល់រៀបចំពិធីបុណ្យសព និងចាត់ចែងការងារផ្សេងៗ ក្នុងក្រុមគ្រួសារ។ អ្នកគាំទ្រជាច្រើនបានចូលបញ្ចេញមតិរំលែកទុក្ខ និងលើកទឹកចិត្តដល់តារាប្រុសវ័យ ៦២ ឆ្នាំរូបនេះឲ្យរឹងមាំឡើង។ ជាពិសេស កុំភ្លេចមើលថែទាំសុខភាពរបស់ខ្លួន។

អ្វីដែលធ្វើឲ្យអ្នកគាំទ្រហាក់មានការព្រួយបារម្ភចំពោះតារាប្រុស លី តាវហួរ គឺលោកស្រឡាញ់ និងមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយឳពុករបស់លោក។ ក្នុងបទសម្ភាសន៍មួយ លោកបានលើកឡើងថា៖ មនុស្សដែលលោកគោរពខ្លាំងជាងគេបំផុតក្នុងជីវិតគឺជាឳពុករបស់លោកនេះឯង។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០០៣ ឪពុករបស់តារាប្រុស លី តាវហួរ ធ្លាប់បានរាយការណ៍ថាមានជំងឺមហារីកប្លោកនោម ប៉ុន្ដែជាសំណាងល្អបន្ទាប់ពីទទួលការព្យាបាលក៏បានជាសះស្បើយ។ ទាក់ទិនមូលហេតុនៃការស្លាប់របស់ឳពុករបស់តារាប្រុស លី តាវហួរ ភ្នាក់ងាររបស់លោកមិនបានបញ្ជាក់ពីមូលហេតុលម្អិតឡើយ ៕





























Account
Security
Favourite Content