កែប ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងប្រទេសកម្ពុជា ជាទីពេញនិយមសម្រាប់ទេសចរធ្វើដំណើរនាថ្ងៃឈប់សម្រាកបុណ្យទាន និងថ្ងៃចុងសប្ដាហ៍។ ខេត្តមួយនេះនៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានឡើយ ម្យ៉ាងវិញទៀត ស្ថានភាពផ្លូវធ្វើដំណើរកាន់ងាយស្រួល ការបើកបរមិនចំណាយពេលយូរនោះទេ ពិសេសនោះ កែប គឺជាទីឋានជម្រកគ្រឿងសមុទ្រដ៏សំបូរបែប និងល្បីមានរសជាតិឆ្ងាញ់ជាងនៅព្រះសីហនុ។

យ៉ាងណាក្ដីបើទោះបីជា កែប ជាខេត្តមួយមានឆ្នេរសមុទ្រ តែកន្លងទៅគោលដៅអ្នកទេសចរ មិនសូវសំដៅទៅលេងឆ្នេរដូច ព្រះសីហនុ នោះទេ ព្រោះស្ថានភាពឆ្នេរខ្សាច់ មិនអំណោយផល ហើយការរៀបចំ នៅមិនទាន់មានរបៀបរៀបរយល្អ។ ដោយឡែកពេលនេះ ខេត្តកែប បានផ្លាស់ប្ដូររូបរាងថ្មីហើយ គឺការកែប្រែឆ្នេរឱ្យក្លាយជាទីកម្សាន្តដ៏ស្រស់ស្អាត មានការរៀបចំកែលម្អ ទាំងលើឆ្នេរ ការចាក់ខ្សាច់ពណ៌ស និងកន្លែងអង្គុយសម្រាកលម្ហែកាយជាច្រើន មិនខ្វះសម្រាប់អ្នកទេសចរនោះទេ។ នេះបើតាមរូបភាពមួយចំនួន ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផេក ក្របីខ្មៅ Trip។

កន្លងទៅ ខេត្តកែប ទទួលបានមតិរិះគន់ជាច្រើន ពីសំណាក់ភ្ញៀវទេសចរ រហូតធ្វើឱ្យអ្នកខ្លះលែងចង់ទៅកាន់ទឹកដីនេះ ដោយសារតែការលក់ដូរកោរភ្ញៀវហួសហេតុ ការហៅម៉ូយយ៉ាងអាណាធិបតេយ្យ ការជួលកន្ទេលឱ្យភ្ញៀវជាដើម។ ដោយឡែកមកដល់នឹងពេលនេះ ឃើញថាមានការកែប្រែមួយចំនួនគួរឱ្យកត់សម្គាល់ដូចជា មិនមានការបង់លុយក្នុងការធ្វើដំណើរកម្សាន្តដូចពីមុន ហើយលោកអភិបាលខេត្តក៏បានសំណូមពរសូមឱ្យអាជីវករទាំងអស់ បញ្ឈប់សកម្មភាពមិនសមរម្យ ដូចជាការបក់ដៃហៅភ្ញៀវ ការលក់កោរភ្ញៀវមិនដាក់ទឹកជាដើម៕




























Account
Security
Favourite Content