មុននេះបន្តិច ទំព័រហ្វេសប៊ុកផ្លូវការរបស់តារាសម្តែង និងជាតារាស្រីជំនាញក្បាច់គុណល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បានប្រកាសដំណឹងថា ពេលនេះលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោ កំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ពេជ្រ ចរណៃ បង្ហោះឡើងថា «លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ! ខ្ញុំសូមបួងសួងដល់ទេវតាគ្រប់ទិសទី តាមថែរក្សាគ្រូតាអោយរួចផុតពីជុំងឿដ៏សាហាវនេះផងបើកម្ពុជាគ្មានព្រឹទ្ធាចារ្យក្រមាមាស សាន គឹមសៀន ព្រលឹងក្បាច់គុណល្បុក្កតោរបស់ដូនតាខ្មែរមិនមានថ្ងៃនេះទេ!»។




បន្ទាប់ពីឃើញការបង្ហោះខាងលើ ប្រជាជនកម្ពុជាបានចូលទៅ Comment បួងសួងសូមវត្ថុសក្ដិសិទ្ធិ និងព្រលឹងដូនតាខ្មែរ តាមជួយថែរក្សាលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ឱ្យរួចផុតពីជំងឺកាចសាហាវ។ ក្នុងចំណោមនោះ មានគណនីមួយឈ្មោះថា សួម សិរីវឌ្ឍន បាន Comment ឡើងថា «គួរជួយជ្រោមជ្រែង និងឧបត្ថមគាត់ សូមកូនសិស្ស(ពេជ្រចរណៃ)ឡាយវីដេរអូរសុំថវិកាជំនួយជួយគាត់ទៅ ប្រឹងដើម្បីគ្រូ ឲ្យសាកសមនឹងគុណរបស់គាត់។ ពេលឡាយ នឹងមានបងប្អូនខ្មែរឧបត្ថមរួមទាំងខ្ញុំផងដែរ ម្នាក់បន្តិចៗ បានច្រើនហើយ គាត់លះបង់ដើម្បីជាតិ យើងលះបង់ដើម្បីគាត់ ខ្ញុំជឿថាសិស្សគុណទាំងអស់នឹងដុតដៃដុតជើងក្នុងការជួយគាត់ មិនអាចធ្វើល្មមៗបានទេ។ គ្រូគឺជាអ្នកមានគុណ ជាឪពុកម្តាយទី២ របស់យើង»។
ពេលឃើញបែបនេះ កញ្ញា ពេជ្រ ចរណៃ ក៏យល់ឃើញថា គំនិតនេះល្អដែរ។ គេសង្ឃឹមថា កូនសិស្សព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន រូបនេះនឹងខ្នះខ្នែតស្វែងរកជំនួយ ដើម្បីជួយទ្រទ្រង់ដល់ការព្យាបាលរបស់ស្ថាបនិកចងក្រងដួងព្រលឹងក្បាច់គុនបុរាណខ្មែរល្បុក្កតោ។

តាមការបញ្ជាក់របស់កូនប្រុសលោកតា សាន គឹមស៊ាន ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ពេលនេះលោកគ្រូតាកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យព្រះកុសមៈ ដោយមានអាការៈអស់កម្លាំងខ្លាំង កម្តៅឡើងខ្លាំងរងាញាក់ ក្អួតទន់ខ្លួន រហូតគ្រូពេទ្យសង្ស័យថា សុខភាពលោកគ្រូមានឆ្លងមេរោគ។
កូនប្រុសលោកតាបន្តថា មួយសប្ដាហ៍មុន លោកតាបានវះកាត់ច្រឹបសាច់ដែលពិនិត្យឃើញមានមហារីក នៅឯមន្ទីរពេទ្យសុរិន្ធប្រទេសថៃ តែពេលនេះនៅមិនទាន់ដឹងលទ្ធផលនៅឡើយ ដោយថ្ងៃទី២០ ទើបដល់ថ្ងៃពេទ្យណាត់ជួបម្តងទៀត ស្រាប់តែយប់ថ្ងៃទី១៣ នេះ ដែលសុខភាពលោកតាធ្វើទុកបែបនេះតែម្តង។ លោក សាន គីមស៊ាន កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ហើយក្រុមគ្រូពេទ្យនៅមិនទាន់បានបញ្ជាក់ពីស្ថានភាពជាក់ស្ដែងនាពេលនេះបានទេ។
គេចាំបានថា កាលពីចុងខែកក្កដាកន្លងទៅ ចរណៃ និងកូនសិស្សផ្សេងទៀតបានទៅសួរសុខទុក្ខ លោកគ្រូតាក្រម៉ាមាស សាន គឹមស៊ាន ម្តងរួចហើយដោយពេលនោះលោកតានៅអាចងើបអង្គុយបាន ថែមទាំងបានលើកសៀវភៅគុនល្បុក្កតោបង្ហាញទៅសិស្សទៀតផង ស្រាប់តែពេលនេះដែលឮដំណឹងថាលោកគ្រូតាចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយប់មិញ ធ្វើឱ្យគ្រប់គ្នាតក់ស្តុតចិត្តជាខ្លាំងពេលដឹងដំណឹងនេះ។ យ៉ាងណាមិញ សម្រាប់លោកអ្នកដែលមានបំណងចង់ចូលរួមជួយបរិច្ចាគជាថវិកា និងសម្ភារៈ លោកអ្នកអាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ កញ្ញា ពេជ្រ ចរណៃ៕


























































Account
Security
Favourite Content