ជឿជាក់ថា ប្រិយមិត្តពិតជាបានស្គាល់ ស្រីស្អាត ហេង សុទ្ធនិស្ស័យ ដែលនាងជាជយលាភីរង១ នៃកម្មវិធី Miss Universe Cambodia 2022 និងត្រូវបានជ្រើសរើសក្លាយជាស្រ្តីខ្មែរដំបូងតំណាងឱ្យកម្ពុជា ចេញទៅប្រកួត Miss ECO international 2022 នៅប្រទេសអេស្ស៊ីប តែគួរឱ្យសោកស្តាយ ពេលនោះនាងបានសម្រេចចិត្តបោះបង់ការចេញទៅប្រកួតលើឆាកអន្តរជាតិ ដោយសារគ្មានពេលវេលាគ្រប់គ្រាន់ ម៉្យាងចង់យកពេលផ្តោតលើការងារផ្ទាល់ខ្លួនផង។ ក្រោយមក និស្ស័យ បានចូលរួមសម្ភាសន៍កម្មវិធីសិល្បៈបន្តិចបន្តួចប៉ុណ្ណោះ ក៏បាត់មុខមួយរយៈទៅធ្វើឱ្យហ្វេនៗងើយឆ្ងល់ជាខ្លាំង។


បាត់មុខមួយរយៈ តារាស្រីដែលគ្រប់គ្នាតែងសរសើរពីបុគ្គលិកលក្ខណៈ និងការអប់រំរូបនេះ ស្រាប់តែលេចមុខធ្វើជា BA ផលិតផលថ្មីរបស់ HK7 របស់អ្នកស្រី អ៊ឹម សុគន្ធា ជាអ្នកគ្រប់គ្រងថ្មីរបស់កម្មវិធី Miss Grand Cambodia 2023។

ហេង សុទ្ធនិស្ស័យ បានផ្ញើក្តីនឹករលឹកទៅកាន់ទស្សនិកជន និងអ្នកគាំទ្រនាងតាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈក្នុងស្រុក និងបានលើកឡើងថា ពេលនេះនាងចង់ទុកពេលវេលាផ្តោតលើការអភិវឌ្ឍន៍ខ្លួនឯង និងអនាគតរបស់ខ្លួនឯងលើផ្នែកផ្សេងមួយទៀត ប៉ុន្តែនាងនៅតែមានចិត្តស្រលាញ់ និងគាំទ្រវិស័យបវរកញ្ញាជានិច្ច។ ឆ្លៀតឱកាសនេះ និស្ស័យ ក៏សូមលើកទឹកចិត្តដល់នារីដែលមានភាពរឹងមាំ និងចំណេះដឹង អាចនឹងចាប់យកឱកាសថ្មីជាមួយកម្មវិធីបវរកញ្ញាថ្មីៗដែលគ្រោងនឹងរៀបចំឡើងនាពេលឆាប់ៗនេះ។
ក្នុងកិច្ចសម្ភាសន៍នេះ អតីតជយលាភីរង១ កម្មវិធី Miss Universe Cambodia 2022 បានប្រកាសច្បាស់ៗថា នាងនឹងមិនត្រឡប់មកប្រកួតកម្មវិធីបវរកញ្ញាទៀតឡើយ តែនាងនៅតែតាមដានកម្មវិធីប្រកួតប្រជែងសម្រស់ដដែល ទោះពេលនេះនាងនៅទីណាក៏ដោយ។


និស្ស័យ ក៏បានឱ្យដឹងទៀតថា ការដែលនាងសម្រេចចិត្តចាកចេញពីកម្ពុជាទៅរស់នៅប្រទេសក្រៅ គឺដើម្បីបន្តការសិក្សា ដោយពេលនេះនាងបានបញ្ចប់បរិញ្ញាបត្រហើយ និងបន្តទៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) លើជំនាញទំនាក់ទំនងអន្តរជាតិ ច្បាប់ និងសេដ្ឋកិច្ច។ និស្ស័យ យល់ថា ការសិក្សាពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សស្រីក្នុងសតវត្សរ៍ថ្មីនេះ មិនថាមនុស្សស្រីប្រកបការងារអ្វី ឬក៏ជាអ្នកសិល្បៈក៏ដោយ នៅពេលដែលមានការសិក្សាខ្ពស់ អត្តចរិត ការនិយាយស្តី និងគំនិតរបស់ពួកគាត់គឺប្លែកតែម្តង ហើយមនុស្សជុំវិញខ្លួនគាត់មិនអាចកេញចំណេញលើពួកគាត់បានឡើយ។
អតីត Miss Earth Interntional 2020 សង្ឃឹមថា នៅពេលនាងរៀនចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master) នាងនឹងអាចត្រឡប់មកវិញ ដើម្បីជួយធ្វើកិច្ចការងារបម្រើដល់សង្គមជាតិ ហើយក៏សង្ឃឹមថា ពេលណាមួយនាងអាចនឹងបង្កើតជាវគ្គ training ដើម្បីចែករំលែកបទពិសោធន៍របស់នាងទៅកាន់អ្នកជុំវិញខ្លួន។




ទោះបីជាពេលនេះនាងងាកទៅផ្តោតខ្លាំងលើការសិក្សាក៏ពិតមែន ប៉ុន្តែ និស្ស័យ គ្មានបំណងបោះបង់សិល្បៈចោលទាំងស្រុងឡើយទោះរូបរាងកាយនៅទីណាក៏ដោយ ព្រោះវាជាអ្វីដែលនាងចូលចិត្តតាំងពីតូចមកម្ល៉េះ។ ស្រីស្អាតនេះសង្កត់ធ្ងន់ថា នាងគ្រាន់តែសម្រេចចិត្តមិនចូលប្រកួតបវរកញ្ញាម្តងទៀត តែសម្រាប់ការសម្តែង ការថតម៉ូដផលិតផល ការងារផ្សេងៗ ឬច្រៀង គឺនាងធ្វើធម្មតា។
បើមានឱកាស និស្ស័យ ចង់បង្វឹកជំនាញសិល្បៈផ្នែកច្រៀងបន្ថែមទៀត ព្រោះជាចំណូលចិត្តតាំងពីក្មេង តែនាងមិនដែលមានឱកាសហ្វឹកហាត់ផ្នែកសំឡេងឱ្យបានត្រឹមត្រូវណាឡើយ ដូច្នេះបើមានឱកាសនាងនឹងធ្វើរឿងនេះឱ្យបានឆាប់ៗ។


គួររំលឹកផងដែរថា មុនពេលសម្រេចចិត្តចាកចេញពីវិស័យបវរកញ្ញា ហេង សុទ្ធនិស្ស័យ ធ្លាប់បានចូលរួមប្រកួតប្រជែងកម្មវិធីសម្រស់ច្រើនគួរសម និងទទួលបានពានរង្វាន់ជាច្រើនផងដែរ។ ជាក់ស្តេង នាងជាអតីតកញ្ញាឯក Miss University 2016 ចំណាត់ថ្នាក់លេខ ២ និងធ្លាប់បានចូលរួមប្រកួតកម្មវិធី Miss Cosmopolitan World 2016 នៅប្រទេសម៉ាឡេស៊ី ដែលទទួលបានពាន ២ គឺពាន Best in talent & Best Eyebrows និងកាលពីឆ្នាំ ២០២០ កញ្ញាក៏បានតំណាងឲ្យកម្ពុជាចូលប្រលងកម្មវិធី Miss Earth International ដែលឈ្នះមេដាយមាស The Best In Talent Show ហើយក្នុងពេលថ្មីៗនេះ កញ្ញាក៏បានប្រលងក្នុងកម្មវិធី Miss Universe Cambodia ២០២២ ទទួលបានលំដាប់រងទី១ ។ ក្រៅពីមានសម្រស់ស្អាតហើយ និស្ស័យក៏អាចច្រៀងបានយ៉ាងពីរោះមិនថាបទចម្រៀងខ្មែរ និងបរទេស៕























Account
Security
Favourite Content