តារាសម្តែង ថមមី ដែលមានឈ្មោះពិតថា ប៊ុនថុល ប៊ុនថង កំពុងមានប្រជាប្រិយខ្លាំង បន្ទាប់ពីលោកបង្កើតក្រុមសម្តែងបែបកំប្លែងប្លែកៗ ឈ្មោះថា «កាប៉ាកឡាក» ដែលភាគច្រើនក្រុមនេះនិយមតុបតែងខ្លួនប្លែកៗបែបកំប្លុកកំប្លែងមក live វីដេអូលក់ផលិតផល និងទទួលផ្សព្វផ្សាយផលិតផលផ្សេងៗជាដើម។
មិនត្រឹមតែចេញមុខបង្កើតក្រុម «កាប៉ាកឡាក» ប៉ុណ្ណោះទេ ថមមី ថែមទាំងឆ្លៀតពេលឡើងច្រៀងតាមឆាកប្រគំតន្រ្តីជាមួយភរិយាលោកថែមទៀតផង ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។

មិនយូរក្រោយឡើងអង្រួនឆាកតន្រ្តីជាមួយប្រពន្ធ តារាប្រុសពូកែវោហាសព្ទចាក់ទឹកមិនលិច ថមមី ស្រាប់តែបង្ហើបឱ្យដឹងថា ពេលនេះលោកបានកំពុងត្រៀមចម្រៀងចូលឆ្នាំខ្មែរ ជាចម្រៀងទោលចំនួន ៣បទ ជាចំណងដៃដល់អ្នកគាំទ្រ ដោយបទទី១ ចំណងជើងថា «Boy ចង់បានអី Boy ប្រាប់ចែ» «ទើយៗគ្នាយើង» និង «បារមី កាប៉ាកឡាក»។ បន្ថែមពីលើនោះ លោកក៏មានស្នាដៃចម្រៀងរួមគ្នាជាមួយភរិយាផងដែរ ចំណងជើងថា «Set up» ដែលបទនេះលោកបានយកមកច្រៀងក្នុងកម្មវិធីប្រគំតន្រ្តីក្នុងសង្រ្កាន្ត NNP កាលពីសប្តាហ៍មុន។

ដ្បិត ថមមី ត្រៀមចម្រៀងថ្មីទុកឱ្យហ្វេនស្តាប់កម្សាន្តពេលចូលឆ្នាំក៏ពិតមែន ប៉ុន្តែខ្លួនលោកគ្មានគម្រោងឡើងច្រៀងតាមឆាកប្រគំតន្រ្តីក្នុងអំឡុងថ្ងៃចូលឆ្នាំខ្មែរដូចសិល្បករដទៃឡើយ ដោយសារលោកមានភារកិច្ចការងាររាជការ ដែលត្រូវការពារប្រជាពលរដ្ឋនៅខេត្តសៀមរាប។
គួររំឭកផងដែរថា ស្វាមីភរិយាអ្នកសិល្បៈ លោក ថមមី និង សួស វីហ្សា ប៉ុន្មានឆ្នាំចុងក្រោយពិតជាមានសុភមង្គល និងហ៊ឺហាខ្លាំងឡើង ថែមទាំងមានជំនួញជាច្រើនក្នុងដៃទៀតផង៕
























Account
Security
Favourite Content