ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសអេហ្សីប ធ្លាក់ក្នុងភាពអាក្រក់ខ្លាំងរហូតថ្នាក់រដ្ឋាភិបាលស្នើឲ្យពលរដ្ឋបរិភោគជើងមាន់ជំនួសសាច់មាន់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត CNN។ ពិភពអារ៉ាប់ដែលជាប៉ែកដ៏គួរឲ្យចាប់អារម្មណ៍មួយរបស់ពិភពលោកស្រាប់តែជួបភាពដុនដាបនៃវិបត្តិរូបិយប័ណ្ណ និងវិបត្តិអតិផរណាដ៏អាក្រក់បំផុតនា៥ឆ្នាំចុងក្រោយ ធ្វើឲ្យអាហារថ្លៃឡើងៗរហូតថ្នាក់ប្រជាជនអេហ្សីបមួយចំនួនមិនមានសូម្បីលទ្ធភាពទិញសាច់មាន់ និងអាហារបំប៉ន។

តម្លៃមាន់មួយក្បាលបានកើនឡើងពី ៣០ផោនអេហ្ស៊ីប ($1.01) ក្នុងមួយគីឡូក្រាមក្នុងឆ្នាំ២០២១ ដល់ ៧០ផោនអេហ្ស៊ីប ($2.36) គិតត្រឹមថ្ងៃច័ន្ទ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអេហ្សីប។ ការកើនឡើងនៃថ្លៃដើមបានជំរុញឱ្យស្ថាប័នជាតិសម្រាប់អាហារូបត្ថម្ភ អំពាវនាវឱ្យប្រជាជនប្ដូរមកបរិភោគជើងមាន់។
“តើអ្នកកំពុងស្វែងរកជម្រើសអាហារសម្បូរប្រូតេអ៊ីនដែលជួយកាត់បន្ថយការចំណាយរបស់អ្នកមែនទេ?” នេះជាការបង្ហោះតាម Facebook កាលពីខែមុនរបស់ស្ថាប័នជាតិសម្រាប់អាហារូបត្ថម្ភ និងបានភ្ជាប់ជាមួយរូបភាពរាយបញ្ជីមុខទំនិញមួយចំនួនដែលមានតម្លៃថោកចាប់តាំងពីជើងមាន់ និងជើងគោ។
ក្រោយការបង្ហោះនេះប្រជាជនអេហ្ស៊ីបជាច្រើនក៏មានការខឹងសម្បាដែលរដ្ឋាភិបាលស្នើឱ្យពលរដ្ឋងាកទៅរកអាហារដែលជានិមិត្តសញ្ញានៃភាពក្រីក្រខ្លាំងនៅក្នុងប្រទេស។ នៅអេហ្ស៊ីប ជើងមាន់ត្រូវបានគេចាត់ទុកថាជាសាច់សត្វថោកបំផុត ដែលមនុស្សមួយចំនួនចាត់ទុកអាហារប្រភេទនេះជាសំណល់សម្រាប់សត្វចិញ្ចឹម។
ខណៈក៏មានប្រជាជនមួយចំនួនផ្សេងទៀតយល់ស្របតាមការណែនាំរបស់រដ្ឋាភិបាលផងដែរ តែក្រោយពីការណែនាំឱ្យទៅបរិភោគជើងមាន់ តម្លៃជើងមាន់មួយគីឡូក្រាមត្រូវបានគេរាយការណ៍ថាស្រាប់តែកើនឡើងទ្វេដងទៅទៀតរហូតដល់ ២០ផោនអេហ្ស៊ីប (0.67 ដុល្លារ)។

គួរជម្រាបថា អាជ្ញាធរអេហ្សីបក៏បានលើកឡើងដែរថាប្រជាជនអេហ្សីបក្បែរ ៣០ភាគរយកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ចំណែក World Bank ឯណោះវិញក៏ធ្លាប់បានធ្វើការប៉ាន់ស្មានកាលពីឆ្នាំ២០១៩ ដែរថា ប្រជាជនអេហ្សីបចំនួន ៦០ភាគរយអាចនឹងធ្លាក់ក្នុងភាពក្រីក្រ ឬងាយរងគ្រោះ។
យ៉ាងណា វាមិនមែនជារឿងថ្មីឡើយសម្រាប់អេហ្សីប ដោយហេតុថាប្រទេសអារ៉ាប់មួយនេះធ្វើដំណើរព្រមជាមួយព្យុះនៃវិបត្តិហិរញ្ញវត្ថុអស់មួយទសវត្សមកហើយ ដែលបង្ខំឱ្យអេហ្សីបស្វែងរកជំនួយពីម្ចាស់បំណុល ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងសម្ព័ន្ធមិត្តជុំវិញឈូងសមុទ្រអារ៉ាប់។
បន្ថែមពីលើនេះ ប្រទេសដែលកំពុងតែដុនដានមួយនេះក៏ថែមទាំងធ្លាក់ក្នុងអន្ទាក់នៃបំណុលដោយសារការប្រើប្រាស់បំណុលរបស់ខ្លួនគ្មាននិរន្តរភាព។ តាមការឲ្យដឹងពី IMFបច្ចុប្បន្នបំណុលជាតិរបស់អេហ្សីបស្មើទៅនឹង ៨៥.៦ភាគរយនៃទំហំសេដ្ឋកិច្ចជាតិ៕






















Account
Security
Favourite Content