ក្មេងជំទង់ជនជាតិកាណាដាម្នាក់ត្រូវបានប៉ូលីសជប៉ុន ហៅទៅសាកសួរបន្ទាប់ពីឆ្លាក់អក្សរលើសសរឈើនៃប្រាសាទដែលសាងសង់ឡើងតាំងពីសតវត្សរ៍ទី ៨។ ប៉ូលីសបាននិយាយថា ក្មេងប្រុសរូបនោះអាយុ ១៧ ឆ្នាំ និងបានឆ្លាក់អក្សរ «Julian» នៅលើសសរនៅប្រាសាទ Toshodaiji Kondo ក្នុងទីក្រុង Nara ប្រទេសជប៉ុន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ក្មេងប្រុស ម្នាក់នេះត្រូវបានអ្នកទេសចរជនជាតិជប៉ុនម្នាក់ចាប់បានខណៈពេលដែលរូបគេឆ្លាក់អក្សរលើសសរដោយក្រចកដៃ។

ក្រោយពីមានហេតុការណ៍កើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ក្មេងប្រុសត្រូវបានចោទ ពីបទល្មើសច្បាប់ការពារសម្បត្តិវប្បធម៌។ ថ្លែងប្រាប់សារព័ត៌មាន CNN ប៉ូលីសជប៉ុនបានឱ្យដឹងថា ក្មេងប្រុសរូបនេះថា ទង្វើរបស់ខ្លួនមិនមានចេតនាបំផ្លាញវប្បធម៌ជប៉ុនទេ។
ព្រះសង្ឃមួយអង្គនៅព្រះវិហារចំណាស់បានប្រាប់សារព័ត៌មានជប៉ុន The Mainichi ថា៖ «ទោះបីជាបានធ្វើដោយគ្មានបំណងអាក្រក់ក៏ដោយ តែវាជារឿងដ៏គួរឱ្យសោកស្តាយនិងសោកសៅសម្រាប់យើង»។
យោងតាមច្បាប់របស់ប្រទេសជប៉ុន ជនណាក៏ដោយដែលបានបំផ្លាញវត្ថុដែលជា «សម្បត្តិវប្បធម៌សំខាន់ៗ» អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣សែនយ៉េន ស្មើនឹង ជាង២ពាន់ដុល្លារ។
ឧប្បត្តិហេតុនៅទីក្រុង Nara ស្រដៀងទៅទៅនឹង បុរសជនជាតិអង់គ្លេសម្នាក់ដែលឆ្លាក់សារទៅលើជញ្ជាំង Colosseum បុរាណ នៅទីក្រុងរ៉ូម។ បច្ចុប្បន្ន បុរសអង់គ្លេសឈ្មោះ Ivan Dimitrov កំពុងប្រឈមមុខនឹងដំណើរការកាត់ទោសតាមផ្លូវច្បាប់ បើទោះជាបានសុំទោសថា ខ្លួនមិនដឹងថាវិមាននោះមានអាយុកាលប៉ុន្មាននៅពេលនោះ ក៏ដោយ៕


























Account
Security
Favourite Content