កាលពីពេលថ្មីៗនេះ គេហទំព័រចាត់ថ្នាក់អាកាសចរណ៍ Skytrax បានបង្ហាញបញ្ជីប្រចាំឆ្នាំរបស់ខ្លួនពីចំណាត់ថ្នាក់នៃអាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោកសម្រាប់ឆ្នាំ២០២៣ និងត្រូវបានផ្សព្វផ្សាយដោយទស្សនាវដ្ដីដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស TimeOut។
Skytrax បានធ្វើការស្ទង់មតិជាសកលទៅលើអាកាសយានដ្ឋានជាង ៥៥០ នៅជុំវិញពិភពលោកដោយផ្អែកទៅលើកត្តាមួយចំនួនដូចជាអាហារ ជម្រើសទំនិញ សុវត្ថិភាព ប្លង់មេ កន្លែងអង្គុយ WiFi និងកម្រិតនៃផាសុកភាព។

ជាលទ្ធផល ក្នុងចំណោមជាង៥៥០ អាកាសយានដ្ឋាន Changi របស់សិង្ហបុរីត្រូវបានវាយតម្លៃថាជាអាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោកឡើងវិញក្រោយបាត់តំណែងអស់ ២ឆ្នាំ។ ដោយឡែកនេះគឺជាលើកទី ១២ ហើយដែលប្រលានយន្តហោះមួយនេះជាប់ចំណាត់ថ្នាក់លេខ១។ គួរជម្រាបថា អាកាសយានដ្ឋាន Changi មានអ្វីៗគ្រប់យ៉ាងរាប់ចាប់តាំងពី អាងហែលទឹក រោងកុន សួនកុមារ ទឹកធ្លាក់សិប្បនិម្មិតខ្ពស់ជាងគេលើលោក ឱកាសទិញទំនិញគ្មានកំណត់ ហាងចិញ្ចឹមត្រី សួនមេអំបៅ និងព្រៃធម្មជាតិដ៏ធំនៅក្នុងនោះ។
សម្រាប់ចំណាត់ថ្នាក់ទីពីរបានទៅលើអាកាសយានដ្ឋានអន្តរជាតិ Hamad របស់ប្រទេសកាតា ដែលបានធ្លាប់ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងឆ្នាំ ២០២១ និង២០២២។ អាកាសយានដ្ឋាននេះប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត ដូចជាការស្កេនមុខជំនួសឲ្យលិខិតឆ្លងដែន បូករួមនឹងសួនត្រូពិក កន្លែងទទួលទានអាហារផ្ដាច់មុខ ហាងទំនិញរាប់រាយកន្លែង និងកន្លែងសម្រាកពិសេស។
ចំណែកចំណាត់ថ្នាក់លេខ៣ ពោលគឺមេដាយសំរឹទ្ធ បានទៅអាកាសយានដ្ឋានអន្តរជាតិតូក្យូ។ អាកាសយានដ្ឋានមានចម្ងាយហាក់ឆ្ងាយពីក្រុងក្រុងតូក្យូពោលគឺទេសចរត្រូវធ្វើដំណើរប្រមាណកន្លះម៉ោងពីកណ្ដាលក្រុង។ ការជាប់ចំណាត់ថ្នាក់លេខ ៣នេះកើតឡើងបន្ទាប់ពីអាកាសយានដ្ឋានបានសាងសង់អគារថ្មីដែលមានសណ្ឋាគារប្រណីត សេវាកម្មស្ប៉ាលើដំបូល និងចំណតឡានក្រុងរហ័ស។
ខាងក្រោមនេះគឺជាអាកាសយានដ្ឋានល្អបំផុតទាំង១០ ប្រចាំឆ្នាំ២០២៣៖
- អាកាសយានដ្ឋាន Changi សិង្ហបុរី
- អាកាសយានដ្ឋាន Doha Hamad
- អាកាសយានដ្ឋានអន្តរជាតិតូក្យូ
- អាកាសយានដ្ឋាន Seoul Incheon
- អាកាសយានដ្ឋានប៉ារីស CDG
- អាកាសយានដ្ឋានអ៊ីស្តាន់ប៊ុល
- អាកាសយានដ្ឋាន Munich
- អាកាសយានដ្ឋាន Zurich
- អាកាសយានដ្ឋានតូក្យូណារីតា
- អាកាសយានដ្ឋាន Madrid Barajas៕



























































Account
Security
Favourite Content