ប្រជាជនរស់នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសអាហ្រ្វិកខាងត្បូងគឺទីក្រុង Johannesburg ក្រោកពីដំណេកស្រឡាំងកាំងផង និងត្រេកអរផង កាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅនេះ បន្ទាប់ពីមានហេតុការណ៍ធ្លាក់ព្រិលដ៏កម្របំផុតមួយបានកើតឡើង ខណៈកុមារ ជាច្រើនរំភើបចិត្តព្រោះបានឃើញព្រិលជាលើកដំបូងក្នុងជីវិត។
នៅក្នុងទីក្រុង Johannesburg បាតុភូតធ្លាក់ព្រិល ជាមធ្យមកើតឡើងក្នុងរយៈពេល ៥ឆ្នាំម្តងប៉ុណ្ណោះ ក៏ប៉ុន្តែការធ្លាក់ខ្លាំងដូចក្នុងរូបភាពនេះ វាអាចកើតឡើងក្នុងរយៈពេល ១០ឆ្នាំម្តង ឬ ទសវត្សរ៍ម្តង។ នេះបើយោងតាមអ្នកជំនាញអាកាសធាតុ។ តាមរបាយការណ៍ អាហ្វ្រិកខាងត្បូងប្រទះការព្រិលធ្លាក់ចុងក្រោយបង្អស់គឺនៅក្នុងឆ្នាំ ២០១២។

បន្ទាប់ពីថតរូបភាពជាមួយព្រិលសធ្លាក់នៅលើទីលាន Nelson Mandela លោកស្រី Jennifer Banda ដែលរស់នៅក្នុងសង្កាត់ Financial District បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាពេលដែលលោកស្រីមានផ្ទៃពោះ គឺជាលើកចុងក្រោយបង្អស់ដែលព្រិលធ្លាក់។
លោកស្រីនិយាយថា៖ «រយៈពេល ១១ឆ្នាំដែលយើងទន្ទឹងរង់ចាំ វាធ្លាក់ចុះហើយ។ វាជារឿងគួរឱ្យរំភើបចិត្តបំផុតដែលតំបន់របស់យើងមានព្រិលធ្លាក់»។
អ្នកជំនាញឧតុនិយមនៃសេវាកម្មអាកាសធាតុប្រទេសអាហ្រ្វិកខាងត្បូង លោក Wayne Venter បានប្រាប់កាសែត Daily Maverick ថាលក្ខខណ្ឌនេះមិនធម្មតានោះ ព្រោះយើងមិនអាចកំណត់បាន ថាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ឬបាតុភូតដែលតែងកើតមានរៀងរាល់ ១ទសវត្សរ៍ម្តង។
គួរជម្រាបថា អាហ្វ្រិកខាងត្បូង ជាប្រទេសមួយដែលស្ថិតនៅក្នុងតំបន់ត្រូពិចនៃអឌ្ឍគោលខាងត្បូងរបស់ផែនដី។ ប្រទេសមួយនេះស្ថិតនៅចន្លោះមហាសមុទ្រពីរគឺ អាត្លង់ទិក និងឥណ្ឌា ដោយនៅរដូវក្តៅមានសីតុណ្ហភាពចន្លោះ ១៥ ទៅ ៣៦អង្សាសេ និង -២ ទៅ ២៦អង្សាសេក្នុងរដូវរងារ។
ខែត្រជាក់បំផុតរបស់ប្រទេសអាហ្រិកខាងត្បូងគឺ ចាប់ពីខែមិថុនាដល់ខែសីហា។ ជាក់ស្តែងដើមខែកក្កដា នេះសីតុណ្ហភាពនៅក្នុងទីក្រុងមួយចំនួនដូចជា Johannesburg បានធ្លាក់ចុះរហូតទៅដល់ ១អង្សាសេ ខណៈរដ្ឋាភិបាលរបស់ប្រទេសមួយនេះក៏បានចេញសេចក្តីប្រកាស និងប្រមានដល់ពលរដ្ឋពីលក្ខខណ្ឌអាកាសធាតុបែបនេះផងដែរ៕





























Account
Security
Favourite Content